ម៉េង កែវពេជ្ជតា ៖ លើកទឹកចិត្ត​ឲ្យ​អ្នកនិពន្ធ​ផលិត​បទ​ខ្លួនឯង និង គួរតែបញ្ឈប់​ការចម្លង​បទ​ចម្រៀង​ពី​បរទេស​

, , Leave a comment

29-9-2015

29-9-2015 (2)

​រាជធានី​ភ្នំពេញ : រយៈពេល​៣០​ឆ្នាំ​ហើយ​ដែល​តារាចម្រៀង​សំនៀង​រៃកណ្តឹង ម៉េង កែវពេជ្ជតា បាន​ច្រៀង​បំពេ​អារម្មណ៍​អ្នក​ស្តាប់ ពិសេស​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ធ្លាប់​ឆ្លងកាត់​នូវ​ភ្នក់ភ្លើងសង្គ្រាម​ឲ្យ​លង់លក់​ក្នុង​ពិភព​សន្តិភាព​។ តារាចម្រៀង​រូបនេះ​ស្នើ​ឲ្យ​កវី​ផលិតករ​បន្ត​ប្រឹង​ប្រឹងប្រែង​រិះរក​គំនិត ថ្មី​ក្នុង​ការនិពន្ធ​បទ​ចម្រៀង​ទុក​សម្រាប់​តារាចម្រៀង​ខ្មែរ​ច្រៀង​ឲ្យ​បាន​កាន់តែច្រើន​។ ការចម្លង​បទ​ចម្រៀង​ពី​បរទេស​នៅតែ​ជា​ប្រធានបទ​សំខាន់​សម្រាប់​មហាជន​លើក​យកមក​ជជែក​គ្នា​។​

 

​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​គេ​ខកខាន​ឃើញ​វត្តមាន​តារាចម្រៀង​ស្រី ម៉េង កែវពេជ្ជតា ចេញលក់​បទ​ចម្រៀង​ថ្មី​ដូច​ប៉ុន្មាន​ឆ្នាំមុន​រហូត​ធ្វើ​ឲ្យ​អ្នកគាំទ្រ​នាង​យល់ថា តារាចម្រៀង​រូបនេះ​អាច​នឹង​បោះបង់​ការងារ​សិល្បៈ ពិសេស​អាជីព​ចម្រៀង​ដែល​ធ្លាប់ធ្វើ​ឲ្យ​នាង​ឡើងដល់​កម្រិត​កំពូល​នោះ​។ ក្នុងជំនួប​ផ្ទាល់​នា​ពិធី​ខួបកំណើត​ក្មួយ​ស្រី​ពិធី​ការិនី​ព្រំ​រដ្ឋា​តារាចម្រៀង ម៉េង កែវពេជ្ជតា បញ្ជាក់ថា អ្នកនាង​នឹងមិន​បោះបង់​ការងារ​សិល្បៈ​ចោល​នោះទេ​ព្រោះតែ​ការងារ​នេះ​ធ្លាប់​បានធ្វើ​ឲ្យ​ប្រជាជន​ស្ទើរ​ពេញ​មួយ​នគរ​ស្គាល់​នាង​ច្បាស់​។​

 

​នាង​បញ្ជាក់ថា មូលហេតុ​ដែល​មិនមាន​បទ​ចម្រៀង​ថ្មី​របស់​នាង​ត្រូវបាន​ចេញលក់​នៅលើ​ទីផ្សារ​ព្រោះតែ​នាង​មិន​ចង់​ច្រៀង​បទ​ចម្រៀង​ដែល​ចម្លង​ពី​បរទេស គឺ​នាង​ចង់​ឲ្យ​អ្នកនិពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង​ផ្តល់​បទ​ចម្រៀង​ថ្មី​សម្រាប់​នាង​។ ទោះជា​យ៉ាងណា​អ្នកនាង​ទទួលស្គាល់ថា​កន្លងមក​អ្នកនាង​ក៏​ធ្លាប់​ច្រៀង​បទ​ចម្រៀង​ដែល​និពន្ធ​ថ្មី​តែ​ទំនុកច្រៀង​ក្តី​។ អ្នកនាង​បញ្ជាក់ថា មនុស្ស​យើង​ម្នាក់ៗ​មាន​ទស្សនៈ​ខុសៗ​គ្នា​អ្នកខ្លះ​គាត់​ធ្វើ​អ្វីមួយ គឺ​បង្ខំ​យក​បរិមាណ​តម្រូវ​តាម​ចំណង់​ចំណូលចិត្ត​បច្ចុប្បន្ន គឺ​គេ​ផ្តោតលើ​បរិមាណ​ជាមុនសិន ព្រោះ​ជា​សេចក្តីត្រូវការ​អ្វី គឺ​ភ្លាម។ ចំពោះ​អ្នកនាង គឺជា​មនុស្ស​ចាស់ទុំ​ម្នាក់​ដែរ​ប្រឡូក​សិល្បៈ​ក្បែរ​៣០​ឆ្នាំ​មកហើយ​ដោយ​មិន​ចង់​ធ្វើ​អ្វី​តាម​ច​រិ​ក​ក្មេង​នោះទេ​។ អ្នកនាង​ចង់​ធ្វើ​អ្វី​តាម​គំនិត​ចាស់ទុំ​បន្តិច​ទើប​ការងារ​នោះបាន​យូរអង្វែង​នេះ​ជាការ​យល់ឃើញ និង​ទស្សនៈ​របស់​អ្នកនាង​ប៉ុណ្ណោះ​។​

 

​អ្នកនាង​ស្នើ​ដល់​អ្នកនិពន្ធ​ផលិតករ​បន្ត​ការខិតខំ​ប្រឹងប្រែង​និពន្ធ​បទ​ថ្មី​ផ្ទាល់ខ្លួន​កុំ​ពឹងផ្អែក​តែ​លើ​ម៉ាស៊ីន​ពេក​ព្រោះ​វា​នឹង​អាច​ប៉ះពាល់​ដល់​មុខមាត់​ខ្លួនឯង ពិសេស​ពិបាក​ប្រកួតប្រជែង​នៅលើ​ឆាក​អន្តរជាតិ​។ តារាចម្រៀង​រូបនេះ​លើកឡើង​ដែរ​ថា កន្លងទៅ​ថ្មីៗ​នេះ​នាង​ក៏​ទទួលបាន​ឱកាស​មួយចំនួន​ពី​ផលិតកម្ម​ក្នុងស្រុក​ដែរ ប៉ុន្តែ​នាង​បាន​បដិសេធ​ប្រសិនបើ​ការផ្តល់​បទ​ឲ្យ​អ្នកនាង​ច្រៀង គឺជា​បទ​ដែល​ចម្លង​ពី​គេ​។ អ្នកនាង​បញ្ជាក់ដែរថា មិនមែន​មានន័យថា ប​ច្ច​ប្បន្ន​ខ្មែរ​គ្មាន​សមត្ថភាព​ក្នុងការ​និពន្ធ​បទ​ចម្រៀង​ថ្មី​នោះទេ គឺមាន​កវីនិពន្ធ​ជាច្រើន​ដែល​នៅតែ​អាច​និពន្ធ​បទ​ថ្មី​ពិ​រោះ​ទាក់ទាញ​អារម្មណ៍​អ្នក​ស្តាប់​បាន​។​

 

​អ្នកនាង​បាន​រំលឹក​ឡើងវិញ​ពី​បណ្តា​ឈ្មោះ​អ្នក​និ​ព​ន្ឋ​ដែលមាន​ស្នាដៃ​ធ្លាប់​សរសេរ​ចម្រៀង​ជូន​អ្នកនាង​កន្លងមក​ក្នុងនោះ​មាន លោកគ្រូ វ៉ែន ផាត លោកគ្រូ សួង ពុទ្រា លោកគ្រូ ប៊ិន ដេវីត លោកគ្រូ ញ៉ូ​ង សារិន លោកគ្រូ អ៊ែ​ល បុ​ណ្ណា​លោកគ្រូ យ៉ែម សំអាត និង លោកគ្រូ ឆាយ សា​ម៉េ​ត ជាដើម​។ ដោយឡែក​ការ​ច្រៀង​ប្រចាំ​នៅ​ផលិតកម្ម​ហង្ស​មាស​ជា​ផលិតកម្ម​មានឈ្មោះ​យូរ​មកហើយ នោះ​អ្នកនាង ពេ​ជ្ជ​តា​បញ្ជាក់ថា នោះ​ជាការ​ច្រៀង​ក្នុងនាម​ជា​តារា​កិត្តិយស​ដូច​តារាចម្រៀង​ជើងចាស់ ណ​យ វណ្ណ​ណេ​ត អ្នកស្រី ហ៊ឹម​ស៊ី​វន ដោយ​មិនបាន​កុងត្រា​នោះទេ​៕

FFF 29-9-2015 (1)  

 

Leave a Reply

(*) Required, Your email will not be published