រាជធានីភ្នំពេញ : តារាសម្តែងស្រីបីដូចជាបុប្ផាកំពុងក្រពុំ ចោលក្លិនលំអងបញ្ច្រាសខ្យល់ កញ្ញា វ៉ាន់ រតនា ហៅអេណា អ៊ីគីតា (Ana Ekita) ត្រូវបានមហាជន បានស្គាល់ តាមរយៈការលេចមុខ សម្តែងខ្សែរឿងភាគ និង ត្រូវបានចាក់បញ្ចាំងនៅលើបណ្តាញស្ថានីយន៍ប៉ុស្តិ៍ ទូរស្សន៍ CTN ក្នុងរឿង “ព្រហ្មលិខិត” ដែលអ្នកដឹកនាំ តម្រូវឲ្យដើរតួសម្តែង ជាតួអង្គឆ្មាស់ឆ្មើម។
តារាសម្តែងរាងស្តើងសាច់សខ្ចីកញ្ញា អេណា អ៊ីគីតា បានប្រាប់ឲ្យដឹងថា កញ្ញាក៏ធ្លាប់សម្តែងរឿង និង ថតស្ប៉តពាណិជ្ជកម្ម ឲ្យបណ្តាក្រុមហ៊ុនតូចធំមួយចំនួនផងដែរ។ តារាសម្តែង មានមន្តស្នេហ៍ អេណា អ៊ីគីតា ចូលសិល្បៈនៅចុងឆ្នាំ២០១២ តាមរយៈអ្នកស្គាល់គ្នា ដែលគេបានណែនាំ ហើយពេលនោះ ដែលអេណា អ៊ីគីតា ក្តាប់បានឱកាសចូលថតរឿងភាគឲ្យទូរសទ្សន៍ CTN និងមានគេទាក់ទងឲ្យចូលថតកាយវិកាខារ៉ាអូខេ ជាបន្តបន្ទាប់ រហូតដល់ពេលបច្ចុប្បន្ន”។
តារាសម្តែងកញ្ញា អេណា អ៊ីគីតា មុនពេលនាង ចូលសិល្បៈ គឺបានសម្រេចចិត្តរួចជាស្រេច ចំពោះការប្រឈម ទៅនឹងបញ្ហាចំពោះមុខ ជុំវិញរឿងអាស្រូវ ទាំងបញ្ហាផ្ទាល់ខ្លួន និង រឿងផ្សេងៗទៀត ដែលបម្រុងនឹងកើតឡើង មកលើខ្លួននាង។ ប៉ុន្តែ អេណា អ៊ីគីតា ក៏បានលើកឡើងថា នាងមិនខ្លាចការ ចេញមុខប្រឈម លើរឿងរ៉ាវរិះគន់ ឬការវាយប្រហារណាមួយចំពោះមុខនោះទេ។ ក្នុងនោះបើរឿងពិត ឬមិនពិត គឺនាងហានចេញបកស្រាយ ឲ្យមហាជនបានដឹង។
ទន្ទឹមនឹងរូបល្អស្រស់ គួរឲ្យក្រឺតក្នាញ់នោះ និងមានទេពកោសល្យ ពីកំណើតហើយនោះ កញ្ញា អេណា អ៊ីគីតា (Ana Ekita) ជាអ្នករាជធានីភ្នំពេញ នាងមានឈ្មោះពិតថា វ៉ាន់ រតនា នាងជាកូនច្បង ក្នុងចំណោម បងប្អូនប្រុសស្រី២នាក់៕