វិធី​យកចិត្ត​ចៅហ្វាយនាយ​

, , Leave a comment

​មាន​អ្វីដែល​ភ្លឺ និង​មុតមាំ​ជាង​កែវភ្នែក​ចៅហ្វាយនាយ​ទេ​។ កន្លែង​ណា​ដែល​ចៅហ្វាយ​ចូលចិត្ត​សំលឹងមើល កន្លែង​នោះ​បុគ្គលិក​គួរ​ប្រុងប្រយ័ត្ន​។ ហេតុអ្វី​ត្រូវយក​ចិត្ត​ចៅហ្វាយនាយ​? មានមតិ​មួយចំនួន​យល់ថា មានតែ​មនុស្ស​ដែល​គ្មាន​សមត្ថភាព​ទេ​ដែល​ចូលចិត្ត​អែបអប​យកចិត្ត​ចៅហ្វាយ​។ តែ​ការពិត​មនុស្ស​មាន​សម​ត្ថ​ភាព​ក៏ត្រូវ​យកចិត្ត​ចៅហ្វាយនាយ​ដែរ​តែ​គ្រាន់តែ​វិធី​យកចិត្ត​នោះ​ផ្សេង​ពី​មនុស្ស​គ្មាន​សមត្ថភាព​។​

 

​គេ​គួរ​ពិចារណា​ថា ក្នុងសង្គម​ការងារ គេ​ត្រូវការ​មនុស្ស​ទុកចិត្ត​ជាង​មនុស្ស​មាន​សមត្ថភាព​។ ប្រសិនបើ​យើង​មាន​សមត្ថភាព​ហើយ​តែ​ចៅហ្វាយ​មិន​ទុកចិត្ត​ក៏​មិនអាច​រីកចម្រើន​ទៅមុខ​។ ទំនុក​ចិត្តជា​របស់​ដែល​ពិបាក​សាង​និង​ទាមទារ​ពេលវេលា​យូរ​។ តើ​ត្រូវធ្វើ​ដូចម្តេចខ្លះ​ដើម្បី​យកចិត្ត​ចៅហ្វាយ​? ខាងក្រោម​នេះ​សារព័ត៌​មានកំណើត​ថ្មី សូម​ដកស្រង់​នូវ​កត្តា​ដែល​ឆ្លុះបញ្ចាំង​ពី​សមកម្ម​ភាព​នេះ ៖

 

១-​ស្តែង​ឲ្យ​ឃើញ​ពី​សមត្ថភាព​បំពេញការងារ​ចប់សព្វគ្រប់​តាម​ស្តង់ដារ​របស់​អង្គភាព ៖ គ្រប់​ការងារ​ដែល​ចៅហ្វាយនាយ​ដាក់​ឲ្យ ចូរ​ធ្វើ​ឲ្យ​បាន​ទាន់ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធភាព​។​

 

២-​ពេញ​ចិត្តនឹង​ការងារ និង​ចង់​ធ្វើការ​ជាមួយ​អង្គភាព​យូរអង្វែង ៖ ចៅហ្វាយនាយ​មិន​ចូលចិត្ត​បុគ្គលិក​ណា​ដែល​ចូលមក​ធ្វើការ​គ្រាន់តែ​បណ្តោះអាសន្ន ភ្លឹបភ្លែត​ចូលធ្វើការ​មិនទាន់បាន​ប៉ុន្មាន​ផង​ក៏​ដាក់ពាក្យ​ទៅធ្វើ​ការ​កន្លែង ផ្សេង​វិញ ឬមួយ​ថ្ងៃៗ​គិតតែ​ពី​អាន​ដំណឹង​ជ្រើសរើស​បុគ្គលិក​នោះទេ​។​

 

៣-​ចេះ​គួរសម​ ៖ មនុស្ស​ដែល​ចេះ​គួរសម រួសរាយ​រាក់ទាក់​តែងតែមាន​គេ​ចូលចិត្ត​ច្រើន ចំណែក​ឯក​ចៅហ្វាយនាយ​វិញ​ក៏​ដូចគ្នា​ដែរ ។ បុគ្គលិក​ដែលមាន​អា​ធ្យា​ស្រ័យ​ល្អ នឹង​នាំ​ផលចំនេញ​ច្រើន​ដល់​ក្រុមហ៊ុន ជាពិសេស​ធ្វើ​ឲ្យ​អតិថិជន​ពេញចិត្ត​។ មាន​មនុស្ស​មួយចំនួន​អាង​តែ​ខ្លួន​មាន​សមត្ថភាព មិនចេះ​គួរសម​នឹង​មនុស្ស​ទូទៅ​ទេ​សូម្បីតែ​ជាមួយ​ចៅហ្វាយ​ក៏​មិនសូវ​គួរ សម​ដែរ ដោយ​គិតថា​អស់ពី​ខ្លួន​ទៅ​គេ​ធ្វើការ​មិនកើត​។ សួរថា​ចៅហ្វាយនាយ​ពេញចិត្ត​ទេ​? ចៅហ្វាយ​ប្រាកដជា​មិន​ពេញចិត្ត​ទេ ហើយ​ជា​លទ្ធផល​គឺ​គាត់​ព្យាយាម​រក​អ្នកដទៃ​មក​ជំនួស​តំណែង​នេះ​។​

 

​ចំណុច​ទាំងបី​ខាងលើ គឺជា​ចំណុច​ស្នូល​ដែល​ថ្នាក់ដឹកនាំ​អង្គភាព​ទូទៅ​ប្រើ​ដើម្បី​ពិចារណា​ដំឡើង​តំណែង​បុគ្គលិក​៕

09-10-2015

​ប្រភព ៖ សាលារៀន​

 

Leave a Reply

(*) Required, Your email will not be published