ចំណុច​ពិសេស ៣ យ៉ាង​ដែល​ធ្វើ​ឲ្យ​ណាប៉ូឡេអុង​ឈ្នះ​សង្គ្រាម 

, , Leave a comment

446px-andrea_appiani_002

​ណាប៉ូឡេអុង បូ​ណា​ប៉ា​រត៍ (Napoléon Bonaparte,1769-1821) គឺជា​អធិរាជ និង​ជា​កំពូល​មេទ័ព​របស់​បារាំង​។ ក្នុង​ប្រវត្តិ​ច្បាំង​របស់​ណាប៉ូឡេអុង​សឹងតែ​គ្មាន​បរាជ័យ​សោះ​។ គេ​ឃើញ​មាន​សៀវភៅ​រាប់ម៉ឺន​ក្បាល​សរសេរ​អំពី​គាត់ និង​មេរៀន​ជីវិត​របស់គាត់​។ បើ​សង្កេត​មើលទៅ គេ​ឃើញ​មាន​ចំណុច​ពិសេស​៣​យ៉ាង ដែល​ធ្វើ​ឲ្យ​គាត់​ទទួលបាន​ជោគជ័យ ហើយ​ដែល​ចំណុច​ទាំងបី​នេះ​អាច​យកមក​អនុវត្តបាន​ក្នុង​ជីវិត​រស់នៅ ក៏ដូចជា​ការប្រកបរ​បរ​រកស៊ី​។ ចំណុច​ទាំង​៣​នោះ​គឺ​៖

 

១-​ណាប៉ូឡេអុង ចេះដឹង​ច្បាស់លាស់​នូវ​គ្រប់ផ្នែក​នៃ​យោធា​។ ណាប៉ូឡេអុង​និយាយថា "​សម្រាប់​កិច្ច​យោធា​តើ​មាន​អ្វីខ្លះ​ដែល​ខ្ញុំ​មិនដឹង​? បើ​គ្មាន​នរណា​ចេះ​ប្រើ​កាំភ្លើង​ធំ​ខ្ញុំ​ចេះ​ប្រើ​។ បើ​គ្មាន​នរណា​ចេះ​ធ្វើ​គ្រាប់កាំភ្លើង ខ្ញុំ​ចេះ​ធ្វើបាន​។​”

 

២-​ណាប៉ូឡេអុង យកចិត្តទុកដាក់​ល្អិតល្អន់​លើ​គ្រប់​ស្ថានភាព​ដែល​ខ្លួន​ត្រូវ​ប្រឈមមុខ​។ គាត់​សិក្សា​ច្បាស់លាស់​អំពី​សភាព​ការ​យោធា​។​

 

៣-​ណាប៉ូឡេអុង ប្រមើលមើល​ទុកជាមុន​នូវ​ព្រឹត្តិការណ៍​ដែល​អាច​កើតឡើង​ខុស​ការគ្រោងទុក​ហើយ​រៀបចំ​ផែនការ​ជាស្រេច​ដើម្បី​ដោះស្រាយ​បញ្ហា​។​

 

​ជីវិត និង​ស្នាដៃ​របស់​ណាប៉ូឡេអុង បូ​ណា​ប៉ា​រត៍​
​ណាប៉ូឡេអុង កើត​នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​១៧៦៩ ក្នុង​ត្រកូល​ជនជាតិ​អ៊ីតាលី ដ៏​ក្រីក្រ មានកូន​ច្រើន​។ ការ​បានជា​អធិរាជ​ប្រទេស​បារាំង​នេះ​អស្ចារ្យ​ណាស់ ដោយ​បានទទួល​ការអនុគ្រោះ​ពី​ចៅហ្វាយ​រដ្ឋ​ដែល​ខ្លួន​កើត​។ អាយុ​១១​ឆ្នាំ បាន​ចូលរៀន​ក្នុង​សាលា​យោធា​ដល់​អាយុ​១៧​ឆ្នាំ បាន​ឋានន្តរសក្តិ​ជា​អនុ​សេនី​ត្រី នៅ​រវាង​នេះឯង​ដែល ណាប៉ូឡេអុង បាន​ដំណើរ​ជីវិត​យ៉ាង​លំបាក​តោកយ៉ាក​បំផុត​។ អាយុ​២៥​ឆ្នាំ បានជា​អនុ​សេនី​ឯក ធ្វើការ​បាន​ល្បីឈ្មោះ​ជាដំបូង​នៅ​ក្រុង​ទូ​ឡុង តែ​ក៏​ឥត​បាន​ទទួលផល​តប​ស្នង​ឲ្យ​បាន​ស័ក្តិសម​ដែរ​។ គាត់​ហៀ​ប​តែ​នឹង​ចេញទៅ​ទទួល​មុខងារ​ឯ​ប្រទេស​ទួរគី ទៅហើយ​។ តែ​ចៃដន្យ​គាត់​ត្រូវបាន​ជ្រើស​ឲ្យ​ជា​អ្នក​បង្ក្រាប​ប្រឆាំងនឹង​រដ្ឋការ​ថ្មី ហើយ​គាត់​ក៏​ធ្វើទៅ​បានសម្រេច​យ៉ាង​ប្រសើរ ជាហេតុ​ឲ្យ​គាត់​បានទទួល​ឋានៈ​គ្រាន់បើ​ឡើង​។​

 

​គាត់​រៀបការ​នឹង​ស្ត្រី​មេម៉ាយ​ម្នាក់​ឈ្មោះ ហ្សូ​សែ​ហ្វី​ន ដែលជា​អ្នកមាន​ការស្និទ្ធស្នាល​នឹង​វីរជន​ជាច្រើន​ជាហេតុ​ឲ្យ ណាប៉ូឡេអុង បាន​ឋានៈ​ខ្ពង់ខ្ពស់​ឡើងជា​លំដាប់​។ ក្រោយពី​រៀបការ​ហើយ​គាត់​ទៅធ្វើ​សង្គ្រាម​នៅ​ប្រទេស​អ៊ីតាលី​ធ្វើការ​បាន​ជ័យជម្នះ​ជានិច្ច​មក អាយុ​២៨​ឆ្នាំ​បានជា ឧត្ដម​ស​នី និង​ទៅធ្វើ​សង្គ្រាម​នៅ​ប្រទេស​អេ​ហ្ស៊ី​ប បាន​ជ័យជម្នះ​ដ៏​ធំ ជាហេតុ​ឲ្យ​បានទទួល​ការគោរព​រាប់អាន​ពី​ប្រជាជន​ទូទៅ​ក្នុងប្រទេស​បារាំង​។​

 

​ក្នុង​រយៈកាល​ធ្វើសង្គ្រាម​នៅ​ប្រទេស​អេ​ហ្ស៊ី​ប​នេះ ណាប៉ូឡេអុង បានដឹង​ច្បាស់​ថា រដ្ឋាភិបាល​មានអំណាច​ទន់ខ្សោយ​ហើយ​ទើប​គាត់​ត្រលប់​មកកាន់​ក្រុងប៉ារីស ដោយសារ​ជ័យជម្នះ​របស់ខ្លួន ទើប​ប្រជាជន​គោរព​រាប់អាន​ច្រើន រហូតដល់​បានជា​ប្រមុខ​រដ្ឋាភិបាល​ថ្មី (​ភាសា​បារាំង​នៅ​សម័យ​នោះ​ហៅថា កុងស៊ុល “Consul”) សាង​ប្រយោជន៍​សំខាន់ៗ​ឲ្យ​ដល់​ជាតិ​បារាំង​ជាច្រើន​។ អាយុ​៣៦​ឆ្នាំ ក៏​ប្រកាស​តាំងខ្លួន​ជា​អធិរាជ​នៃ​ប្រទេស​បារាំង​។ ពង្សាវតារ ណាប៉ូឡេអុង បន្ត​ពីនេះ​ទៅ​ពេញ​ពោរ​ទៅដោយ​ការបង្ហូរ​ឈាម​។ ណាប៉ូឡេអុង បានជា​ឧទាហរណ៍​មួយ​ដ៏​ខ្ពស់បំផុត​របស់​មនុស្ស​ដែលមាន​ភាព​រឹងប៉ឹង​អត់ធន់​។ កាលបើ​បានធ្វើ​គម្រោងការណ៍​អ្វីមួយ​ហើយ តែងតែ​យក​ជីវិត​ទៅ​ប្ដូរ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គម្រោងការណ៍​នោះ​។ ការដែល​គាត់​អាច​សាង​ខ្លួន​ឡើងទៅ​ដល់​ឋានៈ​ខ្ពស់បំផុត​ដែល​មនុស្ស​អាច​នឹង​ឡើង​ទៅបាន​យ៉ាងនោះ​ក៏​ព្រោះ​លក្ខណៈ​ដែល​រឹងប៉ឹង​ជា​ប្រធាន​។ ណាប៉ូឡេអុង​បានទទួល​ការសរសើរ​ថា ជា​មេទ័ព​ដ៏​មាន​ថ្វីដៃ​បំផុត​ក្នុង​លោក​។ តែ​ក៏បាន​ទទួល​ពាក្យ​រិះគន់ថា ជា​អ្នក​ប្រាថ្នា​ធ្វើជា​ម្ចាស់​លើ​អឺរ៉ុប​លើកគ្នា​ចោម​វាយ​ណាប៉ូឡេអុង​។ ណាប៉ូឡេអុង​បាក់ទ័ព​ជាដំបូង​នៅ​ប្រទេស​រុស្សី ហើយ​តម​ក​ក៏មាន​តែ​ការទទួល​បរាជ័យ​ទាល់តែ​សត្រូវ​ហៀ​ប​ចូលដល់​ក្រុងប៉ារីស តែ​ដល់​រៀបនឹង​ចូលដល់​ក៏បាន​ដឹងថា រដ្ឋសភា​បានប្រកាស​តាំង​រដ្ឋាភិបាល​ថ្មី​រួចទៅហើយ​ទើប​ត្រលប់​ទៅកាន់​ហ្វុ​ង​តែ​ន​ប្លូ ចម្ងាយ​ពី​ប៉ារីស​៥០​គម ទ្រង់​លាចាក​រាជសម្បត្តិ​។ ឯខាង​ក្រុងប៉ារីស ក៏​តាំង​ស្ដេច​ល្វី​ស៍​ទី​១៨ ដែ​ជាវ​ង្ស​ក្សត្រ​ចាស់​របស់​ប្រទេស​បារាំង​ឡើងជា​ម្ចាស់ផែនដី​។ ណាប៉ូឡេអុង​លាចាក​រាជសម្បត្តិ​ហើយ ក៏​សត្រូវ​របស់​ព្រះអង្គ​នៅតែ​ពុំ​ទុកចិត្ត ទើប​បង្គាប់​ឲ្យ​រដ្ឋាភិបាល​បារាំង​យក​ណាប៉ូឡេអុង​ទៅ​បំបរបង់​នៅ​កោះ ទៀត ។ ណាប៉ូឡេអុង​ប្រាថ្នា​នឹង​ផ្ដាច់​បង់ជីវិត​ព្រះអង្គឯង តែមាន​គេ​ឃាត់​ទាន់ ក៏ត្រូវ​នាំទៅ​ចោល​ឯ​កោះ អេស​លប៍ នៅ​ថ្ងៃ​១២ ខែមេសា ឆ្នាំ​១៨១៣ ។​

 

​សូម្បី​នាំយកទៅ​ចោល​ឯ​កោះ​ហើយ ណាប៉ូឡេអុង​ក៏​ពុំ​អស់​ពឹ​ស ។ នៅ​ទីនោះ​ពុំ​ដល់​មួយឆ្នាំ​ផង ក៏​លប​ចុះទូក​គេច​វាង​នាវាចំបាំង​អង់គ្លេស ដែល​យាម ល្បាត មកកាន់​ទី​គោក​បាន​ទៀត ។ ល្វី​ស៍​ទី​១៨ ទ្រង់​ជ្រាប​ក៏​បញ្ជូន​កងទ័ព​ទៅ​ចាប់ ។ តែ​កាល​កងទ័ព​ទៅ​ជួប​ណាប៉ូឡេអុង​ហើយ​ពុំ​ចាប់​ទេ ត្រលប់​ជា​ចុះចូល​នឹង​ណាប៉ូឡេអុង​ទាំងអស់​ទៅវិញ ។ ណាប៉ូឡេអុង​ទើបបាន​កម្លាំង​ទ័ព​លើក​ចូលមក​កាន់​ក្រុងប៉ារីស ។ ព្រះបាទ​ល្វី​ស៍​ទី​១៨ ក៏​ស្ដេច​ទ្រង់​ភៀសខ្លួន​ទៅកាន់​ប្រទេស​បែ​ល​ហ្សិ​ក ព្រោះ​ទ្រង់​ជ្រាបថា នឹង​នៅ​តទល់​ជាមួយ​ណាប៉ូឡេអុង​ពុំបាន​ឡើយ ។ ការដែល​ណាប៉ូឡេអុង​ត្រលប់មក​គ្រានេះ គ្រប់​ប្រទេស​ក្នុង​អឺរ៉ុប​ចាត់ទុកថា ជាការ​ប្រកាសសង្គ្រាម ទើប​នាំគ្នា​ចោម​វាយ​ណាប៉ូឡេអុង ។ ចំណែក​ណាប៉ូឡេអុង ក៏​តស៊ូ​ដោយ​យល់ថា ជាទីបំផុត​នៃ​ជីវិត ។ ទីបំផុត​ក៏ត្រូវ​ទ័ព​បច្ចាមិត្ត​ចាប់​កណ្ដាល​សង្គ្រាម និង​ត្រូវបញ្ជូន​ទៅកាន់​កោះ សាំង​អេ​ឡែ​ន ។ នៅ​ទី​នោះបាន​៦​ឆ្នាំ ក៏​អស់ព្រះជន្ម​ក្នុង​ជន្មាយុ​៥២​ឆ្នាំ ។​

 

​សេចក្ដី​បញ្ចប់ ណាប៉ូឡេអុង នៅ​រួម​នឹង ហ្សូ​សែ​ហ្វី​ន ពុំមាន​បុត្រ ក៏​ទ្រង់​លែងលះ​ពី​ហ្សូ​សែ​ហ្វី​ន ហើយ​ទ្រង់​សម្រប​នឹង​ម្ចាស់​ក្ស​ត្រី​ជាតិ​អូទ្រីស​ទៅវិញ​។ ណាប៉ូឡេអុង​ប្រកាន់​ព្រះអង្គ​ថា​ជា​ស្ដេច​ចក្រពត្តិ ក៏​គួរ​ណាស់​ព្រះ​អំណាច​រាជ​បារមី​របស់​ព្រះអង្គ ផ្សាយ​ទៅ​សឹង​គ្រប់​ទៅ​ទ្វីបអឺរ៉ុប​ទាំងមូល ហើយ​ព្រះអង្គ​ទ្រង់​ទីនាំង​សេះស​ជានិច្ច ត្រឹមត្រូវ​តាម​ក្បួន​ព្រាហ្មណ៍​និយម ។​

 

​សូម្បី​ទ្រង់​មានអំណាច​វាសនា​យ៉ាងណាក៏ដោយ ក៏មាន​រឿង​គួរ​ឲ្យ​ប្លែក ដែល​រំលង​ពោល​ពុំបាន គឺ​ទ្រង់​អភ័ព្វ​ខាងក្នុង​គ្រួសារ បងប្អូន​ពុំ​នៅក្រោម​ឱវាទ មហេសី​ពុំ​កោតក្រែង ផ្ទុយទៅវិញ ណាប៉ូឡេអុង​ត្រូវ​ខ្លាចក្រែង​ជន​ទាំងនោះ​ទៅវិញ ។ ប្រែ​ថា អំណាច​របស់​ណាប៉ូឡេអុង​ខាង​កិច្ចការ​ផែនដី និង​ខាង​គ្រួសារ ខុសគ្នា​មេឃ និង​ដី ។ មានរឿង​ដំណាល​ថា មហេសី​ទ្រង់​ប្រោស​ចិញ្ចឹម​ឆ្កែ ព្រះអង្គ​ពុំ​ទ្រង់​ប្រោស តែ​ពុំ​អាច​ទ្រង់​ពោល​ដូចម្ដេច​បានឡើយ ។ ពេល​មួយ​នោះ​ឆ្កែ​បាត់ ទ្រង់​សប្បាយ​ព្រះទ័យ​ថា​នឹង​ផុត​ទុក្ខ ហើយ​ទ្រង់​ហាម​ដាច់ខាត ពុំ​ឲ្យ​អ្នកណា​នាំ​ឆ្កែ​ថ្មី​មួយ​ចូល​វាំង​ទៀត ។ តែ​ពុំបាន​ប៉ុន្មាន​ផង ស្រាប់តែ​មហេសី​បាន​ឆ្កែ​ថ្មី​មួយទៀត ជាការ​ល្មើ​សនឹង​ព្រះរាជ​និយម តែ​ក៏​មិន​ប្រាកដថា​ទ្រង់មាន​ព្រះ​ឱង្ការ​យ៉ាងណា​ឡើយ ។​

 

​លោក អា​ធូរ លេ​វី​ស៍ (Arthur Lévis) បាន​និយាយ​ឡក​ទុក​ក្នុង​សៀវភៅ​របស់គាត់​ថា «​ព្រះមហា​ចក្រពត្តិ ព្រះអង្គ​មាន​ព្រះ​តេជានុភាព​បង្ក្រាប​អឺរ៉ុប​អស់​មួយ​ទ្វីប តែ​ក្នុង​រាជវាំង​ព្រះអង្គ​នោះ សូម្បីតែ​ទ្រង់​ដេញ​ឆ្កែ​តែមួយ​ក្បាល​ចេញ​ក៏​ពុំបាន​» ៕

492px-Napoleonalps

​ដកស្រង់ ៖ សៀវភៅ​សាង​ខ្លួនឯង ដោយ ស៊ា ប៊ុន​ភេ​ង​
​ប្រភព ៖ សាលារៀន​

 

Leave a Reply

(*) Required, Your email will not be published