ការរៀបអាកប្បកិរិយាឲ្យបានសមសួនក្នុងពេលបរិភោគអាហារ ក្នុងពិធីផ្លូវការ គឺជារឿងដែលគេគួរសិក្សាស្វែងយល់និងអនុវត្ត ព្រោះភ្លៀវដែលអញ្ជើញចូលរួមសុទ្ធសឹងតែជាអ្នកមានបណ្តាសក្តិ និងមានមុខមាត់ក្នុងសង្គម។ ចាស់ៗច្រើននិយាយភាសាសាមញ្ញថា "កុំស៊ីតាមឃ្លាន " ឬថា "ធ្វើអីឲ្យចុះចំណោមនឹងគេប្រយ័ត្នគេដៀលពូជ" ។ សុជីវធម៌នៃការបរិភោគមានលក្ខណៈខុសប្លែកគ្នាពីប្រទេសមួយទៅប្រទេសមួយទៀត ឬពីវប្បធម៌មួយទៅវប្បធម៌មួយទៀត។ តែទោះបីជាយ៉ាងណាក៏ដោយ អាកប្បកិរិយាក្នុងការទទួលទានមិនសូវជាខុសប្លែកគ្នាប៉ុន្មានទេ។ ខាងក្រោមនេះជាចង្កោមសុជីវធម៌ នៃអាកប្បកិរិយាសមគួរក្នុងការទទួលទានអាហារ ដែលសារព័ត៌មានកំណើតថ្មី ដកស្រង់បង្ហាញលោកអ្នកអានកម្សាន្ត ទុកជាចំណេះដឹង រួមមាន៖
-កុំអង្គុយឲ្យជើងឆ្ងាយពីតុពេក ឬអង្គុយយកជើងទល់តុ
-ប្រសិនបើក្អកត្រូវយកដៃខ្ទប់មាត់ និងងាកចេញពីអ្នកដទៃ
-សុភាពស្ត្រីមិនត្រូវទុកគ្រឿងក្រែមម្សៅលើតុទេ
-ពេលចូលអង្គុយត្រូវយកកន្សែងគ្របលើភ្លៅ
-ពេលដួសស៊ុបត្រូវដួសត្រឹមកម្រិតប្រមាណ៧៥ភាគរយនៃស្លាបព្រា។ ត្រូវហូបស៊ុបពីចំហៀងស្លាបព្រា មិនត្រូវលើកហុតឮៗទេ
-កុំហូបដោយកាន់កាំបិតជំនួសស្លាបព្រា និងកុំដាក់កាំបិតចូលមាត់
-ត្រូវកាន់សមនិងកាំបិតលៃឲ្យល្មម និងត្រូវដាក់សមនិងកាំបិតនៅថ្លើមដៃ
-ជៀសវាងហូបអាហារប្រញាប់ប្រញាលដូចឃ្លានណាស់
-កុំញាត់អាហារច្រើនចូលក្នុងមាត់ និងកុំទំពារឮៗ
-កុំចាក់ទឹក ស្រា ឬភេសជ្ជៈ រហូតហៀរដល់មាត់កែវ
-កុំផឹករហូតដល់ងើយក្បាលទៅក្រោយ
-កុំផឹកពេលមានអាហារក្នុងមាត់
-ពេលកាន់កាំបិត មិនត្រូវឲ្យម្រាមដៃផុតពីដងកាំបិតទៅប៉ះនឹងផ្លែកាំបិតទេ
-កុំព្រួសឆ្អឹង ឬកាកសំណល់ដោយផ្ទាល់ពីមាត់ដាក់ចាន ចូរប្រើស្លាបព្រា
-កុំឈោងឬលូកកាត់ចានអ្នកដទៃ
-កុំយកកន្សែងលើតុមកជូតមុខ កន្សែងនេះសម្រាប់តែជូតមាត់ថ្នមៗតែប៉ុណ្ណោះ
-កុំនិយាយពេលមានអាហារក្នុងមាត់
-ត្រូវជៀសវាងម្ហូបធំៗពេញមាត់
-កុំដាក់កាំបិតគងលើគែមចាន ត្រូវដាក់ក្នុងចានរហូតដល់ពេលត្រូវការប្រើប្រាស់
-កូនស្លាបព្រាតូចគឺសម្រាប់កូរស្កក្នុងពែងតែឬកាហ្វេ ចូរកុំប្រើវាសម្រាប់ដួសតែឬកាហ្វេផឹក
-សម្រាប់ម្ហូបក្តៅ គេមិនត្រូវហូបបណ្តើរផ្លុំបណ្តើរទេ គេត្រូវរង់ចាំដល់វាត្រជាក់ទើបហូប
-កុំដាក់កែងដៃលើតុ កុំទ្រោបលើតុ
-ការចាប់ម្ហូបត្រូវចាប់ម្តងបន្តិចៗ ជៀសវាងក្រែងចាប់ចំម្ហូបណាមួយយើងមិនចេះហូប ត្រូវបោះចោល
-កុំទំពារអាហារដោយហារមាត់
-ពេលបរិភោគអាហារចប់ត្រូវទុកកន្សែងនៅផ្នែកខាងស្តាំនៃចាន៕
ដកស្រង់ចេញពីសៀវភៅ ពិធីការការទូត រៀបរៀងដោយអនុបណ្ឌិត នួន សុធិមន្ត បោះពុម្ពឆ្នាំ ២០០៤។ សូមស្វែងយល់បន្ថែមអំពីពិធីការការរៀបចំតុប្រជុំតុបរិភោគអាហារក្នុងពិធីផ្លូវការ ។ល។
ប្រភព ៖ សាលារៀន
