ហេតុអ្វី​កូន​ខ្មែរ​ភាគច្រើន​ចូលចិត្ត​ប្រកាន់យក​វប្បធម៌​បរទេស​ខ្លាំង​ជាង​វប្បធម៌​របស់ខ្លួន​?

, , Leave a comment

08-10-2015 08-10-2015 (1)

​រាជធានី​ភ្នំពេញ : ធ្លាប់ជា​អាណាចក្រ ឬ​អាច​ថា​ធ្លាប់ជា​ប្រទេស​មហាអំណាច​មួយ​នៅក្នុង​តំបន់​នឹង​គេ រហូតដល់​ធ្លាក់ខ្លួន​ក្លាយជា​ប្រទេស​ដ៏​តូច​មួយ​ដូច​សព្វ ថ្ងៃ នេះ​។ ប្រទេស​កម្ពុជា គឺជា​ដែនដី​ដ៏​មហស្ចារ្យ​មួយ​ដែល​ស្ទើរតែ​គ្មាន​ជាតិ​សាសន៍​ណាមួយ​នៅក្នុង​លោក​អាច​ប្រៀបប្រដូច​បាន​។ ទាំង​វប្បធម៌ ទាំង​សាសនា អរិយធម៌ សិល្បៈ ស្ថាបត្យកម្ម អក្សរសិល្ប៍ ចម្លាក់ ក្បួនច្បាប់ ក្រឹត្យក្រម​កំពូលៗ ធនធាន​អ្នកប្រាជ្ញ​ច្រើន​គ្រប់​វិស័យ និង​ទស្សនវិជ្ជា​ខ្លឹមៗ ជាច្រើន​ដែល​សុទ្ធតែ​កើតឡើង​ពី​ការកសាង​ដោយ​បាតដៃ​ទាំងពីរ​របស់​ខ្លួនឯង ព្រោះ​ហេតុ​ទាំងនេះ ទើប​មហាបណ្ឌិត​ទាំងឡាយ​បានដាក់​ឈ្មោះ​ឲ្យ​ជាតិ​សាសន៍​មួយ​នេះ​ថា “​ខ្មែរ​” ឬ​ដែនដី​អច្ឆរិយៈ​។​

 

​មនុស្ស​ខ្មែរ​តែងតែ​ប្រកបដោយ​គ្រប់លក្ខណៈ​ត្រឹមត្រូវ សមរម្យ មាន​សីលធម៌ សុជីវធម៌ គុណធម៌ ចេះ​គោរព និង​ឲ្យ​តម្លៃ​មនុស្ស​ដូចគ្នា​នៅ​គ្រប់​ឋានៈ ចេះ​គោរព​ច្បាប់​របស់​នគរ និង​មិន​ហ៊ាន​ប្រព្រឹត្ត​ទង្វើ​ណាមួយ​ឲ្យ​ខុស​គន្លង​ប្រាសចាក​ភាពជា​ខេ​មរ​បុត្ត​ឡើយ​។ កូន​ខ្មែរ គឺជា​អ្នក​បន្តវេន​នូវ​សន្ដាន​នៃ​ពូជ​អ្នកជា ឬ​អ្នក​ប្រសើរ ព្រោះ​បុព្វបុរស​របស់ខ្លួន​ស្ថិតនៅក្នុង​ជំពូក​មនុស្ស​អច្ឆរិយៈ​ដែល​ប្រកបដោយ​ចំណេះវិជ្ជា​ជ្រៅជ្រះ ល្អិតល្អន់ មានការ​ប្រកប​ជីវិត​មិន​ឆ្មើងឆ្មៃ មិន​ហ៊ឺហា មិន​ឡូយឆាយ មានការ​តាំង​មាំ​នៅក្នុង​ធម៌​ជានិច្ច​ជា​កាល និង​មិន​ហ៊ាន​ប្រើប្រាស់​នូវ​ធម៌​ប្រមាថ​ឡើយ​។​

 

​ដូច្នេះហើយ​ទើប​យើង​កំណត់​យក​ថា​ពូជខ្មែរ​គឺជា​ពូជ​អម្បូរ​នៃ​អ្នក​ប្រសើរ​។ ចុះ​ចំណែក​ពូជ​ក្មេង​បរទេស​វិញ​យ៉ាងណាដែរ​? តាមពិត​ពូជ​អម្បូរ​ណាក៏ដោយ គឺ​សុទ្ធ​តែមាន​វប្បធម៌​រៀងៗ​ខ្លួន​របស់គេ ប៉ុន្តែ​វប្បធម៌​ថោក ឬ​ថ្លៃ បើសិនជា​អ្នកមើល​ខ្វះ​នូវ​សុភ​វិនិច្ឆ័យ នោះគេ​ប្រាកដជា​មើលមិនឃើញ​អំពី​ភាពអវិជ្ជមាន​ដែលជា​ផលប៉ះពាល់​នៃ​វប្បធម៌​បរទេស​ទាំង​នោះឡើយ​។​

 

​លើសពីនេះទៅទៀត គេ​នឹង​ព្រម​ទទួលយក​វប្បធម៌​ទាំងនោះ​ដោយ​ដៃ​ទាំងពីរ និង​ប្រកបដោយ​ក្ដី​សោមនស្ស​សើច​ក្អាកក្អាយ​ថែមទៀត​ផង​។ តើ​វប្បធម៌​នៃ​ក្មេង​បរទេស​មាន​អ្វីខ្លះ​?

 

-​ការ​លាប​ពណ៌​សក់​ក្រហម លឿង ស្វាយ ខៀវ​ជាដើម​
-​ការ​ខាត់​ស្បែក​ឲ្យ​ស ដូច​ពួក​បរទេស ដែល​ខុសពី​សម្បុរ​ដើម​របស់​ខ្លួនឯង​
-​ការ​ស្លៀកពាក់​ខើច​លើ​សំយេះ​ក្រោម​ឲ្យ​ឃើញ​សាច់​កំប៉េះគូថ គល់​ដោះ សាច់​ភ្លៅ រន្ធ​ផ្សិត​ជាដើម​
-​ការនិយម​ខោអាវ​បរទេស​ជាង​សម្លៀកបំពាក់​របស់​ជាតិ​ឯង​
-​ការ​ផាត់មុខ ធ្វើ​សក់ លាប​ក្រែ​ម លាប​ពណ៌​ក្រចក ដាំ​ពេជ្រ​នឹង​ធ្មេញ ចោះ​ក្រ​វឹល​នៅ​កន្លែង​ផ្ដេសផ្ដាស​
-​ការនិយម​ទូរស័ព្ទ យានយន្ត និង​សម្ភារៈ​ក្រៅ​ខ្លួន​ទំនើបៗ​តាម​ចំណង់​ហួសហេតុ​
-​ការ​បាន​រៀន​ចេះដឹង​ភាសាបរទេស​ខ្លះៗ​មានដូចជា ៖ អង់គ្លេស ចិន​ជាដើម ហើយ​បែរជា​មក​មើលស្រាល​ភាសាជាតិ ភាសា​កំណើត​អ្នកជា ភាសា​មាន​ក្បួន​មាន​ខ្នាត​ត្រឹមត្រូវ​របស់ខ្លួន​
-​ការប្រើប្រាស់​ភាសា សម្ដីសម្ដៅ កាយវិការ​គ្មាន​ដឹង​ចាស់ទុំ ធំ​ខ្ពស់​
-​ការសេព​ស្រា គ្រឿង​ស្រវឹង គ្រឿង​ពុល គ្រឿងញៀន​
-​ការប្រព្រឹត្ត​ល្បែង​ពាលា​អាវ៉ាសែ​គ្រប់​ប្រភេទ​
-​ការប្រព្រឹត្ត​អំពើ​ផិតក្បត់​គូជីវិត គូ​និស្ស័យ​របស់ខ្លួន ទៅរក​សា​ហាយ​ស្មន់​ថ្មី ព្រោះតែ​ចំណង់​កាម​
-​ការ​លួច ឆក់ ប្លន់ កេងប្រវ័ញ្ច​ទ្រព្យ កូន ប្រពន្ធ របស់​អ្នកដទៃ​ជាដើម​
-​ការប្រើ​អំពើហិង្សា​គ្រប់​រូបភាព និង​នៅមាន​រឿងហេតុ​អកុសល​ជា​ហូរហែរ​ច្រើន​តទៅទៀត​។​

 

​អ្វីៗ​ដូចដែល​បាន​រៀបរាប់​មក​ខាងលើនេះ វា​គឺជា​វប្បធម៌​នៃ​អម្បូរ​ពូជ​ក្មេង​បរទេស ដែល​វា​ខុស និង​ដើរ​កាន់តែ​ឆ្ងាយ​ពី​ទី​កំណើត​ដើម​របស់​ខ្លួនឯង ដែលជា​ពូជខ្មែរ ឬ​ពូជ​អ្នកជា​។​

 

​ដូច្នេះ​ការវែកញែក​ឲ្យ​ឃើញ​អំពី​ភាពខុសគ្នា​រវាង​ពូជខ្មែរ និង​ពូជ​បរទេស គឺ​វា​មិនមែន​សម្ដៅ​ទៅលើ​ការរើសអើង​ពូជសាសន៍​អ្វី​ឡើយ ប៉ុន្តែ​នេះ គឺជា​ការ​លាតត្រដាង​ឲ្យ​កូន​ខ្មែរ​គ្រប់ៗ​រូប ទាំងចាស់ ទាំង​ក្មេង បាន​ដឹងបាន​យល់ថា តើ​រវាង​វប្បធម៌​ខ្មែរ និង​វប្បធម៌ បរទេស​មួយណា​មាន​ភាព​ថ្កុំថ្កើង និង​ល្អប្រសើរ​ថ្លៃថ្លា​ជាង​តែប៉ុណ្ណោះ​។​

 

​សរុបសេចក្តី​មក ទោះ​អ្នក​កើត​នៅក្នុង​វង្ស​ត្រកូល​បែបណា មានឈ្មោះ​បែបណា ធ្លាប់មាន​ប្រវត្តិ​បែបណា សម្បុរ​បែបណា និង​អត្តចរិត ពីមុន​បែបណា វា​មិនមែនជា​រឿង​សំខាន់​ឡើយ ប៉ុន្តែ​អ្នក​ត្រូវ​សួរ​ខ្លួនឯង​ជានិច្ច​ថា តើ​អ្នក​កំពុង​រស់នៅ​ប្រាស្រ័យ​ជីវិត​នៅលើ​ទឹកដី​ប្រភេទ​ណា​? មាន​វប្បធម៌​ល្អប្រសើរ​យ៉ាងណា​? ហើយ​អ្នក​ត្រូវ​តបស្នង​សងគុណ​ចំពោះ​ទឹកដី​មួយ​នេះ​វិញ​ដោយ​អំពើ​យ៉ាងណា​?

 

​តើ​ត្រូវ​ថែរក្សា និង​លើកតម្កើង​វប្បធម៌​ជាតិ​មួយ​នេះ​ដោយ​របៀប​ណា​? និង​ត្រូវ​ប្រកប​ខ្លួនឯង​យ៉ាងណា​ឲ្យ​ស័ក្ដិសម​ទៅនឹង​តម្លៃ​នៃ​ជាតិ​សាសន៍​មួយ​នេះ​? តើ​អ្វីដែល​អ្នក​កំពុង​ធ្វើ​សព្វថ្ងៃ វា​នាំមក​នូវ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​កម្រិតណា​ចំពោះ​ជាតិ​មួយ​នេះ​?

 

​ចុងក្រោយ​រវាង​ពូជ​កូន​ខ្មែរ ឬ​ពូជ​ក្មេង​បរទេស និង​រវាង​វប្បធម៌​បណ្ឌិត ឬ​វប្បធម៌​ពាល​វា​ស្ថិតនៅលើ​ការជ្រើសរើស​របស់​អ្នក ហើយ​ចង់​ឲ្យ​តម្លៃ​នៃ​ជីវិត​របស់​អ្នក​ថោក ឬ​ថ្លៃ ក៏​វា​ស្ថិតនៅលើ​ការជ្រើសរើស​របស់​អ្នក​ដែរ ដូច្នេះ​អ្នក​ត្រូវធ្វើ​ការពិចារណា​ឲ្យ​បាន​ល្អិតល្អន់​ឡើងវិញ​មុននឹង​ធ្វើការ​ជ្រើសរើស​។ បើ​អ្នក​ពិតជា​ខ្មែរ​មែន ខ្ញុំ​ជឿថា​អ្នក​នឹងមិន​ជ្រើសរើស​ផ្លូវ​ដើរ​ក្នុង​ដំណើរ​ជា “​ពូជ​ក្មេង​បរទេស​”​ឡើយ​៕ 

 

​ប្រភព ៖ កំពូល​អ្នក​ចែករំលែក​

 

Leave a Reply

(*) Required, Your email will not be published