រាជធានីភ្នំពេញ : អ្នកនាង ស៊ុន ណារីម៉ូនីកា ជាតារាសិល្បៈជើងចាស់មួយរូបដែលមានជំនាញទាំងកំប្លែង ច្រៀង និងសម្ដែង បានអវត្តមានអស់រយៈពេលច្រើនឆ្នាំមកហើយ ដែល
មហាជនមិនសូវបានឃើញវត្ដមាននាងញឹកញាប់នៅក្នុងការប្រគំតន្ដ្រី តាមស្ថានីយ៍ទូរទស្សន៍ ព្រោះភាគច្រើននាងត្រូវរស់នៅ និងប្រកបរបររកស៊ីនៅប្រទេសបារាំង។ ថ្មីៗនេះនាងត្រលប់មកស្រុកខ្មែរបានរយៈពេលជិតពីរសប្ដាហ៍ទៅហើយ ប៉ុន្ដែគេមិនទាន់បានឃើញនាងឡើងបង្ហាញវត្ដមាន តាមស្ថានីយ៍ទូរទស្សន៍ណាមួយឡើយ។
អ្នកនាង ស៊ុន ណារីម៉ូនីកា បានប្រាប់ថា នាងបានរយាលពីការងារសិល្បៈនៅស្រុកខ្មែរ តាំងពីឆ្នាំ២០០៦មកម្លេះ ខណៈពេលដែលនាងបានចេញមករស់នៅប្រទេសបារាំង។ ទោះយ៉ាងនេះក្តីអ្នកនាងក៏មិនដែលចោលការងារសិល្បៈដែរ ពោលនៅពេលនាងត្រលប់មកដល់ទឹកដីកំណើតគឺនាងតែងតែឡើងបង្ហាញវត្ដមានឲ្យមហាជនបានឃើញតាមកញ្ចក់ទូរទស្សន៍។ អ្នកនាង ស៊ុន ណារីម៉ូនីកា បានបន្ដថា ទោះបីជាខ្ញុំទៅរស់នៅប្រទេសបារាំងតែបើធ្វើការប្រៀបធៀបខ្ញុំចុះឡើងនៅស្រុកខ្មែរច្រើនជាងបារាំងទៅទៀត។
ការពិតខ្ញុំគ្មានជំនួញអីនៅស្រុកខ្មែរទេ ការរកស៊ីខ្ញុំនៅប្រទេសបារាំងឯណោះ តែខ្ញុំនឹកស្រុកមានកូនមានម្ដាយនៅស្រុកខ្មែរដែលត្រូវមកលេងគាត់។ ខ្ញុំអាចយកពួកគាត់ទៅរស់នៅទីនោះបាន តែពួកគាត់មិនទៅចង់រស់នៅប្រទេសបារាំងទេ។ ខ្ញុំក៏ដូច្នោះដែរទៅអនាគតខ្ញុំក៏មិនចោលស្រុកខ្មែរដែរ គឺខ្ញុំចង់មករស់នៅទឹកដីស្រុកកំណើតរបស់ខ្ញុំវិញ។ នាងបន្ដថា ខ្ញុំចេញទៅទៅរស់នៅប្រទេសបារាំង ដោយសារខ្ញុំមានជំនួញខ្ញុំនៅទីនោះកំពុងតែដំណើរការល្អ ដោយខ្ញុំបើកជាភោជនីយដ្ឋាន ដូច្នេះខ្ញុំមិនអាចចោលវាបានទេ។ ដោយឡែកចំពោះសិល្បៈមិនថា ខ្ញុំរស់នៅប្រទេសបារាំង ឬប្រទេសខ្មែរទេ គឺខ្ញុំមិនចោលជាដាច់ខាត នៅតែមានមហាជនស្រលាញ់ចូលចិត្ដទៅមករកខ្ញុំអោយច្រៀងអីចឹង ជួនកាលនៅប្រទេសបារាំងខ្ញុំត្រូវអោយគេមើលហាងជំនួស ខ្ញុំត្រូវចេញទៅច្រៀងនៅក្រុងឆ្ងាយៗពីបារីស ពីរយប់ ឬបីយប់ក៏មាន។
ចំណែកតម្លៃខ្លួនវិញ គឺនៅតែរក្សាលំនឹងបានដូចដើម ដូចពេលដែលខ្ញុំនៅកំពុងមានកេរ្ដិ៍ឈ្មោះបោះសំឡែង មុនចេញទៅរស់នៅប្រទេសបារាំអីចឹង។ ការមកស្រុកខ្មែរលើកនេះក៏ខ្ញុំត្រូវឡើងតាមស្ថានីយទូរទស្សន៍ដែរ ព្រោះខ្ញុំមកលេងចំនួនពីរខែឯណោះ តែដោយសារថ្មីៗនេះជាប់រវល់នឹងការធ្វើបុណ្យចែករំលែកទានជាមួយសមាគមសិល្បៈផងខ្ញុំក៏មិនទាន់មានពេលឡើងបង្ហាញខ្លួន៕