តើ​ផ្កាឈូករ័ត្ន​មាន​អត្ថប្រយោជន៍​យ៉ាងណាខ្លះ​?

, , Leave a comment

​ផ្កាឈូករ​ត្ន័​ជា​ផ្កា​មួយ​ប្រភេទ​ដ៏​ស្រស់ស្អាត ដោយ​ខ្នាត​ដ៏​ធំ​រប​ស់វា​នៅពេល​រីក​ពេញលេញ​រួមផ្សំ​នឹង​ពណ៌​លឿង​ស្រស់ ដែល​ផ្តល់នូវ​អារម្មណ៍​ស្រស់ថ្លា នៅពេល​បាន​ប៉ះ​នឹង​ខ្សែ​នេត្រា​របស់​អ្នក​គយគន់​។ ប៉ុន្តែ​អ្នកដឹង​ទេ​ថា​នៅមាន​រឿង​ល្អ ដែល​មានគុណ​តម្លៃ និង​ប្រយោជន៍​ចំពោះ​មនុស្ស​យើង ច្រើន​ជា​នេះ​ទៅទៀត ដែល​បង្កប់​នៅក្នុង​ភាពស្រស់ស្អាត​នៃ​រូបរាង និង​ពណ៌​ស្អាត​របស់​វា​។​ផ្កាឈូករ័ត្ន​មានឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា “Sunflower” ចំណែក​ឈ្មោះ​វិទ្យាសាស្ត្រ​របស់​វា​គឺ Helianthus annuus  Linn ជា​រុក្ខជាតិ​ក្នុង​ត្រកូល Compositae ។​

 

​លក្ខណៈ​ទូទៅៈ​
​ផ្កាឈូករ័ត្ន​មាន​ដើមកំណើត​នៅ​ទឹកដី​ទ្វីបអាមេរិក​ខាងជើង ដែល​ក្រោយមក​ត្រូវបាន​គេ​នាំទៅ​ពង្រីក​ពូជពង្ស នៅ​ទ្វីប​ផ្សេងៗ​ស្ទើរ​ពេញ​ពិភពលោក ព្រោះ​ងាយស្រួល​ដាំ និង​ឆាប់​ធំធាត់ ជាពិសេស​នៅ​តំបន់​ដែលមាន​អាកាសធាតុ​ក្តៅ​។ វា​ជា​រុក្ខជាតិ​ដែលមាន​អាយុ​ខ្លី​ត្រឹមតែ​១​ឆ្នាំ​ប៉ុណ្ណោះ​។ កម្ពស់​របស់​វា​ប្រមាណ​១​ម៉ែត្រ​ទៅ​៣​ម៉ែត្រ តែ​ជា​មធ្យម​គឺ​ពី​១​ទៅ​១​ម៉ែត្រ​កន្លះ​។ ដើម​របស់​វា​បញ្ឈរ​ត្រង់​មាន​រោម​គ្របដណ្តប់​។ ស្លឹក​របស់​វា​ជា​បែប​ស្លឹក​ទោល​ក្នុង​លក្ខណៈ​រៀង​ឆ្លាស់គ្នា (Alternate) ស្លឹក​មាន​ទំហំ​ធំ​តែ​មើលទៅ​ស្អាត​ព្រោះ​មាន​រាង​ដូច​បេះដូង​។ តាម​គែម​ស្លឹក​មាន​រាង​គន្លាក់ៗ​ដូច​ធ្មេញរណា​។ ចំណែក​ចុង​ស្លឹក​មាន​រាង​រៀវ​ស្រួច ស្លឹក​វា​ពណ៌​ខៀវចាស់​។ រីឯ​ផ្កា​របស់​វា​ចេញ​ជា​កញ្ចុំ​ខ្នាត​ធំ​ដែល​ខ្លះ​មាន​ទំហំ​រហូតដល់​៣០​ស​.​ម ស្រទាប់ផ្កា​វង់​ខាងក្រៅ​របស់​វា​មាន​ពណ៌​លឿងខ្ចី​។ វា​មាន​គ្រាប់​ពណ៌​ស លាយ​លឿង  ឬ​ពណ៌​ខ្មៅ អាច​ពង្រីក​ពូជ​បាន​ដោយ​ការ​ព្រោះ​គ្រាប់​។​

 

​គុណប្រយោជន៍​
​ផ្កាឈូករ័ត្ន ក្រៅពី​មាន​ភាពស្រស់ស្អាត គួរ​ឲ្យ​ចាប់ចិត្ត​គយគន់​ហើយ​នោះ​ក៏​នៅមាន​គុណប្រយោជន៍​គ្រប់ផ្នែក ទាំង​ឬ​ស ដើម ស្លឹក ផ្កា គ្រាប់​។ ស្លឹក​របស់​វា​គេ​ប្រើ​ថ្នាំ​ព្យាបាល​អា​ការៈឈឺចាប់​ផ្សេងៗ ដូចជា​ឈឺពោះ បន្ធូរ​អាការ​ចុក​ណែន​ទ្រូង ហើម​ជាំ ព្រមទាំង​ជា​ថ្នាំ​បញ្ចុះ​នោម បញ្ចុះ​មេរោគ​រួមទាំង​ជួយ​ព្យាបាល​អាការៈរោគ​ទឹកនោមផ្អែម និង​ហឺត​បាន​ផងដែរ​។ ដើម​របស់​វា​គេ​ប្រើ​ជា​ថ្នាំ​បញ្ចុះ​នោម ថ្នាំ​បន្ធូរ​អាកា​រៈ​ក្អក រួមទាំង​យកមក​បុក​ឲ្យ​ម៉ត់​ដើម្បី​បិទ​ដំបៅ ឬ​របួស​ថ្មីៗ ដែលមាន​ឈាម​ចេញមក​បាន​។ ផ្កា​របស់​វា​ប្រើ​ជា​ថ្នាំ​ព្យាបាល​អាកា​រៈ​ឈឺក្បាល ឈឺធ្មេញ ឈឺក្រពះ ឈឺចាប់​ពេល​មាន​រដូវ បណ្តេញ​ខ្យល់ បំបាត់​អាកា​រៈ​វិលមុខ​។ ចុងក្រោយ គឺ​គ្រាប់​របស់​ផ្កាឈូករ័ត្ន ក្រៅពី​យកមក​ទទួលទាន​លេង​យ៉ាង​មាន​ប្រយោជន៍​ហើយ​នោះ អាច​ប្រើ​ជា​អាហារ​សម្រាប់​សត្វ​ចិញ្ចឹម ដូចជា​សេក សារិកា ឬ​ប្រើ​ជា​ថ្នាំ​ផ្តាសាយ ថ្នាំ​កម្ចាត់​ស្លេស្ម​ល៍ ហើយ​សម្បក​គ្រាប់​របស់​វា​ប្រើ​ព្យាបាល អាកា​រៈ​ត្រចៀកធ្ងន់​បានដែរ​៕

00004410

 

Leave a Reply

(*) Required, Your email will not be published