ខេត្ដកោះកុង : ក្រុមប្រជាពលជាច្រើននាក់បាននាំគ្នាធ្វើការរិះគន់ទៅលើក្រុមមន្ត្រីការិយាល័យគយ និងរដ្ឋាករចាំយាម ថាឃុបឃិតបើកដៃឲ្យក្រុមឈ្មួញនាំម៉ូតូគេចពន្ធរាប់ពាន់គ្រឿងចេញពីប្រទេសថៃមកកាន់ប្រទេសកម្ពុជាតាមច្រកទ្វាអន្តរជាតិចាំយាមក្នុងមួយខែៗ។ ប្រភពលើកឡើងថាក្រុមមន្ត្រីគយប្រចាំច្រកទ្វារអន្តរជាតិចាំយាមកាក់កបយ៉ាងខ្លាំងជាមួយក្រុមឈ្មួញដែលនាំទំនិញគេចពន្ធគ្រប់ប្រភេទចេញពីប្រទេសថៃមកកាន់ប្រទេសកម្ពុជាជាពិសេសទំនិញម៉ូតូអត់ពន្ធតែម្តង។
ជាក់ស្ដែងកាលពីថ្ងៃទី៣០ ខែកញ្ញា វេលាម៉ោងប្រមាណជាង២រសៀល ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ អ្នកសារព័ត៌មានមួយក្រុមបានចុះទៅផ្ដិតយករូបភាពនៅឃ្លាំងទំនិញចាំយាមស្រាប់ តែឈ្មូញរកស៊ីម៉ូតូគេចពន្ធនោះ បានប្រើសំដីប្រមាថមកលើអ្នកសារព័ត៌មានថា “អ្នកកាសែតដែលមកថតរូបមិនសុំការអនុញ្ញាតពីម្ចាស់ទំនិញបែបនេះ អីចឹងបានចេះតែបាត់ខ្លួន” រួមទាំងមានការរារាំងពីសំណាក់មន្ដ្រីគយប្រចាំនៅទីនោះថែមទៀតផង។
មន្ដ្រីគយបាននិយាយថា អ្នកសារព័ត៌ សំអាងទៅលើអ្វីបានជាមកថតរូប នៅទីនេះ តើមានសុំការអនុញ្ញាតដែរឬទេ ព្រោះឃ្លាំងនេះជាទំនិញរបស់គយមានសិទ្ធិមិនឲ្យថតរូបនោះទេ។ ក្រុមអ្នកសារព័ត៌មានមានការងឿងឆ្ងល់យ៉ាងខ្លាំងថា តើទំនិញគយទាំងនោះមានការឃុបឃិតជាមួយឈ្មួញរត់ពន្ធខុសច្បាប់ ឬមួយគយ មានសិទ្ធរត់ពន្ធទំនិញខុសច្បាប់បានជាមានឃ្លាំងសម្រាប់ដាក់ទំនិញបែបនេះ។
ប្រសិនបើទំនិញទាំងនេះមិនបានបង់ ពន្ធវិញវាជារឿងមួយដែលចំណេញទៅ ដល់ក្រុមឈ្មួញជាខ្លាំង ហើយបើមានការ បង់ពន្ធត្រឹមត្រូវវាជារឿងមួយដែលចំណេញទៅដល់ចំណូលពន្ធរដ្ឋមិនមែន អ្នកសារព័ត៌មានជាអ្នកចំណេញនោះទេ ។ ម៉ូតូដែលក្រុមឈ្មួញនាំចូលសុទ្ធតែ ម៉ូតូស៊េរីទំនើបដូចជា MSX និង ZOOMER និងម៉ាកផ្សេងៗទៀតចំនួន៣រថយន្ដក្នុងមួយរថយន្ដមានម៉ូតូប្រមាណ៧០គ្រឿង។
កន្លងមកក្រុមមន្ដ្រីគយប្រចាំនៅ ទីនោះធ្លាប់បានគំរាមមិនឲ្យក្រុមអ្នកសារព័ត៌មានថតផ្ដិតយករូបភាព នៅទីនោះ ទេ តើក្នុងឃ្លាំងទំនិញចាំយាមនេះមាន អាថ៌កំបាំងអ្វីខ្លះបានជាត្រូវលាក់បាំងពី ក្រុមប្រជាពលរដ្ឋក៏ដូចជាក្រុមអ្នកសារព័ត៌មាននោះ? ករណីរិះគន់ខាងលើមន្ដ្រីស្នាក់ ការច្រកទ្វារអន្ដជាតិចាំយាមបានឲ្យដឹង តាមទូរស័ព្ទថា មន្ដ្រីគយបានរាយការណ៍ មកប្រធានច្រកដែរថាមានម៉ូតូចេញ តាមច្រកនេះតែការបង់ពន្ធគ្រប់ឬមិន គ្រប់នោះវាជាជំនាញរបស់គយនោះទេ ។
ចំណែកឯមន្ដ្រីគយនិងរដ្ឋាករដែល ប្រចាំនៅឃ្លាំងទំនិញចាំយាមនោះបាន ថ្លែងឲ្យដឹងតាមទូរស័ព្ទថា ទំនិញម៉ូតូទាំង នោះគឺឈ្មួញបានបង់ពន្ធ១០០ភាគរយ តែដោយសារថ្ងៃនេះជាថ្ងៃចុងខែហេតុ នេះហើយប្រព័ន្ធបង់ពន្ធនៅអគ្គនាយក ដ្ឋានបានបិទ នៅថ្ងៃស្អែកឬខានស្អែក ប្រព័ន្ធនិងបើកឡើងវិញហើយ បើសិន ជាមិនមានវិក្កយបត្របង់ពន្ធត្រឹមត្រូវ ទេនោះគឺរថយន្ដនេះមិនអាចចេញបាន នោះទេ ។
ជុំវិញការចោទប្រកាន់ខាងលើលោក ថេង ម៉ុងហួន ប្រធានការិយាល័យគយ និងរដ្ឋាករចាំយាម មិនអាចសុំការបំភ្លឺបានទេ ដោយសារទូរស័ព្ទរបស់លោកទូរស័ព្ទចូលជាច្រើនលើកច្រើនសាតែគ្មានមានអ្នកលើក៕