សង្គម​មួយ​សម្បូរ​ទៅដោយ​បុគ្គល​អវិជ្ជា​តែង​រមែង​នាំមក​នូវតែ​បញ្ហា​មិនចេះចប់​

, , Leave a comment

​តើ​អ្វី​ទៅជា​បុគ្គល​អវិជ្ជា ?
​ការលើកឡើង​នូវ​ចំណោទ​នៃ​ប្រធានបទ គឺមាន​តែមួយគត់ ប៉ុន្តែ​ការបកស្រាយ​នូវ​ខ្លឹមសារ​ប្រធាន​ចំណោទ​អាច​នឹងមាន​ច្រើន​ប្រភេទ និង​យោងទៅតាម​កម្រិត​នៃ​ការយល់ និង​ចេះដឹង​របស់​បុគ្គល​ម្នាក់ៗ​។ នៅថ្ងៃនេះ​ដែរ សារព័ត៌​មានកំណើត​ថ្មី សូម​បង្ហាញ​នូវ​ចំណោទបញ្ហា​មួយ​ថ្មី សម្រាប់​ប្រិយមិត្ត​ទាំងអស់ ទុក​គ្រាន់​ពិចារណា​ជាមួយគ្នា​។ មុននឹង​បកស្រាយ​នូវ​ប្រធាន​ចំណោទ​ថា តើ “​អ្វី​ទៅជា​បុគ្គល​អវិជ្ជា​?” យើង​គួរ​យល់ ឬ​ត្រូវ​ដឹង​ជាមុនសិន​ថា​តើ អ្វី​ទៅ​ហៅថា​“​អវិជ្ជា​” ។​

 

​ត្បិតតែ “​អវិជ្ជា​” មានការ​ឲ្យ​សម្មតិកម្ម​ច្រើន ប៉ុន្តែ​អ្វី​ដែលជា​ខ្លឹមសារ​សំខាន់ៗ រួម​មក​នោះ “​អវិជ្ជា​” គឺ​មានន័យថា​៖ ជា​ភាព​ល្ងិតល្ងង់ ឬ​ភាព​ភាន់ច្រឡំ ដោយ​សេចក្ដី​ប្រកាន់ ភាព​អាត្មានិយម ភាព​វង្វេង​ព្រោះតែ​សេចក្ដី​ប្រកាន់​តាម​ទស្សនៈ​ផ្ទាល់ខ្លួន ឬ​អ្នកដទៃ ប្រពៃណី ទំនៀមទម្លាប់ និង​ចំណង់​ជាដើម​។​

 

​ម្យ៉ាងវិញទៀត ពាក្យ​ថា​៖ “​អវិជ្ជា​” នេះ គឺ​មិនមែន​សម្ដៅ​តែ​ម្យ៉ាង​ចំពោះ​បុគ្គល​ណា​ម្នាក់​ដែល​មិន​ធ្លាប់បាន​ចូល​សិក្សា​រៀនសូត្រ​នៅក្នុង​សាលា ឬ​បុគ្គល​ណា​ម្នាក់​ដែល​មិនបាន​សិក្សា​ឲ្យ​ដល់ ឬ​បញ្ចប់​កម្រិត​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​ណាមួយ ឬ​បុគ្គល​អ្នកក្រ បុគ្គល​អ្នក​គ្មាន​ទីពឹង បុគ្គល​អ្នក​គ្មាន​អំណាច​ជាដើម​នោះឡើយ ប៉ុន្តែ​សភាវៈ “​អវិជ្ជា​” នេះ​ក៏​តែងតែ​រមែង​កើតមាន​ចំពោះ​បុគ្គល​អ្នកសិក្សា​ដល់ ឬ​បញ្ចប់​ថ្នាក់​ឧ​ត្ត​ម​ក្នុង​កម្រិត​ណាមួយ បុគ្គល​អ្នកមាន​ទ្រព្យសម្បត្តិ បុគ្គល​អ្នកមានអំណាច អ្នក​មន្ត្រី អ្នករដ្ឋការ និង​សាមញ្ញ​ជន​ទូទៅ​ផងដែរ និយាយ​ជារួម​ទៅ​គឺ “​អវិជ្ជា​” មិនចេះ​រើសអើង​ពូជសាសន៍ ពណ៌​សម្បុរ ឬ​វណ្ណៈ ឋានានុក្រម​អ្វី​ឡើយ សូម្បីតែ​បុគ្គល​ខ្លះ​មានឈ្មោះ​ជា​គ្រូ​ដែលជា​អ្នក​ប្រៀនប្រដៅ និង​ចង្អុល​បង្ហាញផ្លូវ​ដល់​អ្ន​ក​គ្មាន ឬ​អ្នក​ខ្វះ​ចំណេះដឹង ឬ​ចំណេះវិជ្ជា​នោះ ក៏មាន​គ្រូ​ខ្លះ​ជា​ប្រភេទ​បុគ្គល​អវិជ្ជា​ដែរ​។​

 

​តើ​បុគ្គល​អវិជ្ជា​គេ​សម្គាល់​នៅត្រង់ចំណុច​ណា​ទៅ​ទើប​អាច​ដឹងបាន​?
​ក្រៅពី​អាស្រ័យ​និយមន័យ​នៃ​ពាក្យ​ថា “​អវិជ្ជា​” ដូច​បាន​រៀបរាប់​ជូន​ខាងលើ យើង​អាច​សម្គាល់​លក្ខណៈ​របស់​បុគ្គល​អវិជ្ជា​បាន​តាមរយៈ​ទង្វើ​មួយ ចំនួន​ដែល​បាន​សម្ដែង​ចេញមក ខាងក្រៅ​ដូច​បាន​សង្ខេប​ជូន​ខាងក្រោម​នេះ​៖

 

​គេ​នោះ​ជា​បុគ្គល​ដែល​ចូលចិត្ត ៖
-​ច្រណែនឈ្នានីស​អ្នកដទៃ​
-​បំផ្លាញ​ប្រយោជន៍​អ្នកដទៃ​ដើម្បី​ប្រយោជន៍​អាត្មា​
-​បៀតបៀន​អ្នកដទៃ​
-​ខឹង លោភលន់ និង​វង្វេង​
-​កុហក​អ្នកដទៃ​ដើម្បី​ប្រាថ្នា​ប្រយោជន៍​
-​ដឹកនាំ ឬ​ណែនាំ​អ្នកដទៃ​ឲ្យ​ឆ្ពោះទៅរក​អសន្តិសុខ​
-​បំភ្លៃ​ការពិត​ព្រោះ​ខ្លាច​អព្ភ​ឱន​កិត្តិយស​
-​ប្រកាន់​យ៉ាង​មាំ​ក្នុង​ទ្រឹស្ដី​អកុសល 
-​មិនចេះ​អធ្យាស្រ័យ​គ្នា​
-​អំនួត​អួ​ង​អាង​ទ្រព្យសម្បត្តិ ឋានៈ ចំណេះវិជ្ជា បទពិសោធ និង​យស​សក្ដិ​ជាដើម ។​ល​។ ជាក់ស្ដែង​គឺ​នៅមាន​លក្ខណៈ​ដើម្បី​សម្គាល់​ជាច្រើន​អនេក​ទៀត​។​

 

​ជាការ​ពិតណាស់ នៅក្នុង​សង្គមមនុស្ស​ប​ច្ចុ​ប្បន្ន នៅពេលដែល​យើង​ដើរចេញ​ផុតពី​មាត់ទ្វារ​ផ្ទះ​របស់​យើង​ទៅខាង​ក្រៅ យើង​នឹង​បានឃើញ​មនុស្ស​ទូទៅ​មាន​លក្ខណៈខុសៗ គ្នា​ទៅតាម​ការប្រាស្រ័យ​ជីវិត​ប្រចាំថ្ងៃ​របស់​បុគ្គល​ម្នាក់ៗ​។ មាន​មនុស្ស​មួយចំនួន​អ្នកខ្លះ​ជា​គ្រូបង្រៀន ខ្លះ​ជា​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​ឯកជន ខ្លះ​ជា​បុគ្គល​មាន​ឋានៈ និង​តួនាទី​ក្នុង​កិច្ចការរដ្ឋ ខ្លះទៀត​ជា​ប្រជាជន​ទូទៅ ដែល​មានការ​ស្លៀកពាក់ ប្រើប្រាស់​សម្ភារៈ​ដែល​គេ​ហៅថា​ទំនើបៗ ថ្លៃៗ និង​មាន​អាហារ​ឆ្ងាញ់ៗ និង​ខ្លះៗ​ទៀត​ជា​ប្រជាជន​ក្រីក្រ​រកតែ​អង្ករ​ច្រក​ឆ្នាំង​ស្ទើរតែ​មិនបាន​។ នៅក្នុង​ចំណោម​មនុស្ស​ទាំង​ប៉ុន្មាន​ប្រភេទ​ខាងលើនេះ មិន​ប្រាកដថា​ជា​អ្នកមាន ឬ​ជា​អ្នកក្រ​ឡើយ ក៏មាន​មនុស្ស​មួយចំនួន​នៅក្នុង​ចំណោម​នោះ​ដែល​ទទួលរង​ឥទ្ធិពល​ពី​ធាតុ “​អវិជ្ជា​” ដែរ​។​

 

​កាលណា​បុគ្គល​ម្នាក់​ទទួលរង​សម្ពាធ​ពី​ធាតុ​អវិជ្ជា​ហើយ បុគ្គល​នោះ​នឹង​ស្ទើរតែ​លែង​ដឹងថា​អ្វី​ទៅ​ខុស អ្វី​ទៅ​ត្រូវ និង​អ្វី​ទៅ​ដែល​នាំ​ឲ្យ​អន្តរាយ អ្វី​ទៅ​ដែល​នាំមក​នូវ​សេចក្ដីសុខ​សម្រាប់​ខ្លួនឯង និង​មនុស្ស​ជុំវិញខ្លួន​ហើយ ពោលគឺ​មនុស្ស​ជំពូក​នេះ រស់​ប្រាថ្នា​តែ​រស់ រស់​ប្រាថ្នា​តែ​សប្បាយ​ត្រេកត្រអាល​នឹង​ទ្រព្យសម្បត្តិ កេរ្តិ៍ឈ្មោះ យស​សក្ដិ​ជាដើម​។ នៅពេលដែល​សង្គម​មួយ​សម្បូរ​ទៅ ដោយ​ប្រភេទ​មនុស្ស​អវិជ្ជា​កាន់តែ​ច្រើនឡើងៗ នយោបាយ​នៅក្នុង​សង្គម​មួយ​នោះ​ក៏​នឹង​អស្ថេរភាព សេដ្ឋកិច្ច​ក៏​ធ្លាក់ចុះ វប្បធម៌​ក៏​អន់ថយ និង​សង្គម​ក៏​កាន់តែ​រត់ទៅរក​សេចក្ដី​វិនាស​ជា​សន្សឹមៗ​៕

01-10-2015

 

Leave a Reply

(*) Required, Your email will not be published