ឥរិយាបថ​ទាំង​៥​យ៉ាង ដែល​អ្នក​គួរតែ​ចៀសវាង​ចំពោះ​មនុស្ស​ប្រកបដោយ​គ្រោះថ្នាក់​

, , Leave a comment

​ប្រសិនបើ​អ្នក​ចង់​ស្វែងរក​វិធីសាស្ត្រ ដើម្បី​ប្រកប​ជីវិត​របស់​អ្នក​ឲ្យ​មាន​សុខ​សុភមង្គល វា​គឺជា​គំនិតល្អ​សម្រាប់​អ្នក​ក្នុងការ​ធ្វើការ​អង្កេត ចំពោះ​បុគ្គល​ដែលមាន​ចំណងមិត្តភាព ឬ​មេត្រី​ជាមួយ​អ្នក​ដើម្បី​ឲ្យ​ប្រាកដថា​គេ​នឹងមិន​បញ្ចេញ​នូវ​អាកប្បកិរិយា មិនគួរ​គប្បី​ណាមួយ​ជាមួយ​អ្នក​ទេ​បើទោះបីជា​តាមរយៈ​ពាក្យសម្ដី ឬ​ទង្វើ​ជាដើម​។​

 

​ឥរិយាបថ​អាក្រក់ គឺ​វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នក​មិន​សប្បាយចិត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​ជា​ឧបសគ្គ​ដ៏​ខ្លាំងក្លា សម្រាប់​អ្នក​ទៀតផង រីឯ​ភាពអវិជ្ជមាន​ដែល​បុគ្គល​ជាច្រើន​នៅ​ជុំវិញ​អ្នក​បាន​ប្រព្រឹត្ត​ចេញមក មិន​ថា​ចំពោះ​អ្នកក្ដី ឬ​ចំពោះ​បុគ្គល​ដទៃ​នោះ​ក្ដី​វា​សុទ្ធតែ​អាច​បណ្ដាល​ឲ្យ​ចិត្ត​របស់​អ្នក​នៅ​មិន​ស្កប់ស្កល់​។ ហើយ​វា​ពិតជា​ពិបាក​ខ្លាំងណាស់ សម្រាប់​អ្នក​ក្នុងការ​សម្រួល​អារម្មណ៍​ជា​វិជ្ជមាន ឬ​ប្រកបដោយ​សុទិដ្ឋិនិយម ចំពោះ​បុគ្គល​ទាំងនោះ តែ​ទោះជា​យ៉ាងណា អ្នក​ក៏​គួរតែ​ធ្វើ​ដើម្បី​តម្លៃ​ជីវិត​របស់​អ្នក​។​

 

​ខាងក្រោម​នេះ​គឺជា​ឥរិយាបថ​ដ៏​គ្រោះថ្នាក់​ទាំង​៥​យ៉ាង ដែល​ធ្វើ​ឲ្យ​អ្នក​មិនអាច​អត់ឱន​ចំពោះ​អ្នកដទៃ​បាន​។ ជាការ​ពិតណាស់ ពេលខ្លះ​អ្នក​អាច សម្ដែង​ភាពអវិជ្ជមាន​បន្តិចបន្តួច​បាន​នៅក្នុង​ករណីខ្លះ ប៉ុន្តែ​មិន​មិនមែន​បានន័យថា បុគ្គល​គ្រប់រូប​ដែល​អ្នក​ស្គាល់​សុទ្ធតែ ល្អ​គ្រប់​ដប់ ឬ​ពួកគេ​មិនដែល​បញ្ចេញ​ឥរិយាបថ​ទាំង​នេះដែរ ។ យ៉ាងណាក៏ដោយ ប្រសិនបើ​អ្នកមាន​ចំណងមិត្តភាព​ជាមួយ​បុគ្គល​ដែលមាន​ឥរិយាបថ​ទាំង ៥​នេះ ខ្ញុំ​ជឿជាក់ថា​អ្នក​ប្រាកដជា​នឹង បញ្ចប់​ទំនាក់​ទ​នង​ជាមួយនឹង​គេ​ដោយ​ស្វ័យប្រវត្ត​៖

 

១-​បុគ្គល​ដែល​ចូលចិត្ត​និយាយដើម ឬ​និយាយ​ពីក្រោយ​ខ្នង​គេ​
​អ្នក​គួរតែ​ជៀស​ឲ្យ​ឆ្ងាយ​ពី​ទំនាក់ទំនង​ជាមួយ​បុគ្គល​ដែល​ចូលចិត្ត និយាយ​អេចអូច​ពីក្រោយ​ខ្នង​អ្នក​។ ដូច​សុភាសិត​មួយ​ឃ្លា​បាន​ពោលថា ៖ “ មនុស្ស​ដែលមាន​សន្ដាន​ចិត្ត​ទូលំទូលាយ គឺ​គេ​រមែង​ផ្ដល់នូវ​តែ​គំនិតល្អ បុគ្គល​ដែលមាន​សន្ដាន​ចិត្ត​មធ្យម គឺ​តែង​រក​នឹក​រឿងរ៉ាវ​ផ្សេងៗ​មក​ជជែក​ជាមួយ​អ្នក រីឯ​បុគ្គល​ដែលមាន​សន្ដាន​ចិត្តចង្អៀត​ចង្អល់​វិញ គឺ​គេ​តែងតែ​រក​នឹក​រឿង​កខ្វក់ៗ​យកមក​និយាយ​ពី​អ្នកនេះ ពី​អ្នកនោះ ” ។ ចំណងមិត្តភាព ដែល​អាស្រ័យ​លើ​ការផ្លាស់ប្ដូរ​គំនិត និង​ភាពសប្បាយ​រីករាយ​ដល់​គ្នា​ទៅវិញទៅមក វា​ជួយ​ដល់​យើង​ឲ្យ​ទទួលបាន​នូវ​ភាព​រីកចម្រើន​ផ្នែក​គំនិត និង​ជម្នះ​នូវ​រាល់​ឧបសគ្គ​បាន​។​

 

២-​ការសរសើរ​ក្នុងន័យ​បញ្ចើច​បញ្ជោរ​
​ពាក្យ​សរសើរ​ក្នុងន័យ​បង្កប់​ដោយ​ការ​បញ្ចើច​បញ្ចោរ វា​គឺជា​ទម្រង់​នៃ​ការឈ្លានពាន​ឥត​ស្រមោល​មួយបែប​។ ការសរសើរ​ក្នុងន័យ​បង្កប់​ដោយ​ការមើលស្រាល​មួយបែប​នេះ គឺ​វា​កើតចេញ​មកពី​ការរញ្ជួយ​ផ្លូវ​អារម្មណ៍​នៃ​បុគ្គល​បែប​ទោសៈចរិត​។ ប៉ុន្តែ​ក៏មាន​បុគ្គល​មួយចំនួន​ផងដែរ ដែល​គេ​មិន​ចួ​ល​ចិត្ត​ការសរសើរ​ឡើយ ព្រោះ​គេ​ជា​មនុស្ស​ដែល​ស្គាល់​អំពី​ខ្លួនឯង​ច្បាស់ គេ​ដឹង​ច្បាស់​ថា ខ្លួនគេ​ជា​នរណា គេ​មាន​សមត្ថភាព​ប៉ុណ្ណា​ស្រាប់​ហើយ ដូច្នេះ​គេ​ពុំ​ត្រូវការ​វា​ឡើយ​។​

 

៣-​ការដេញ​ជើង​គ្នា ឬ​ផ្ចាញ់ផ្ចាល​
​ជានិច្ច​ជា​កាល បុគ្គល​ដែល​ចូលចិត្ត​ដេញជើង​ព្រួល ឬ​ផ្ចាញ់ផ្ចាល​ដោយ​មិន​យល់​ហេតុផល ឬ​ចេះតែ​និយាយ​ប្រកែក​ចង់តែ​ឈ្នះ និង​លើកយក​នូវ​អំ​នះ​អំ​ណា​ង​ឥត​សម​ហេតុផល​មក​ជជែក​នោះ គឺ​គេ​កំពុងតែ​រុញ​ខ្លួនឯង ឲ្យ​ផ្ទប់​នឹង​ជញ្ជាំង​ដោយ​ខ្លួនឯង​ហើយ​។ បុគ្គល​ជំពូក​នេះ ភាគច្រើន​គឺជា​មនុស្ស​ដែល​យល់​តែ​ពី​ខ្លួនឯង​ប៉ុណ្ណោះ​។ ប៉ុន្តែ​បុគ្គល​ដែល តែងតែ​រីករាយ គាំទ្រ​នូវ​ជោគជ័យភាព​របស់​អ្នក ទោះ​ក្នុង​កម្រិតណា​ក្ដី គេ​គឺជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​យល់​ពី​អ្នក​លើកទឹកចិត្ត​អ្នក និង​ផ្ដល់ជូន​អ្នក​នូវ​ការប្ដេជ្ញាចិត្ត​យ៉ាង​មុះ​មុត​។​

 

៤-​ការប្រកាន់​
​បុគ្គល​ដែល​ចូលចិត្ត​ប្រកាន់​ម្ខាងៗ ចង់​បត់បែន​ផ្នត់គំនិត​របស់​អ្នកដទៃ​ឲ្យ​មក​ជឿ ឬ​គាំទ្រ ពី​ការយល់ឃើញ​របស់ខ្លួន​នោះ ការសម្ដែង​ចេញ​នូវ​ឥរិយាបថ​មួយ​នេះ សបញ្ជាក់​ឲ្យ​ឃើញថា​គេ​ជា​មនុស្ស​លំអៀង​យល់​តែ​ពី​ទស្សនៈ​ខ្លួនឯង ហើយ​លទ្ធផល​ដែល​គេ​នឹង​ទទួលបាន​គឺ ធ្វើ​ឲ្យ​អ្នកដទៃ​មិន​ពេញចិត្ត​នឹង​គេ​។ ចំណងមិត្តភាព​ល្អ គឺ​វា​ចង្អុលបង្ហាញ​ឲ្យ​ឃើញ​ពី តុល្យភាព​ដ៏​រឹងមាំ​នៃ​ការសម្រុះសម្រួល និង​ការគោរព​គ្នា​ទៅវិញទៅមក​។​

 

៥-​មើលឃើញ​តែ​ពី​កំហុស​របស់​អ្នកដទៃ​
​ការ​រាប់អាន​ជាមួយ​មនុស្ស ដែល​ចូលចិត្ត​សម្លឹង​ឃើញតែ​ពី​គុណវិបត្តិ​របស់​អ្នក ឬ​លើកយក​នូវតែ​កំហុស​របស់​អ្នក ទោះ​តិច ឬ​ច្រើនក្ដី​មក​និយាយ ឬ​ភាសា​សាមញ្ញ​ដែល​យើង​ធ្លាប់តែ​ហៅថា ( ហែកកេរ្តិ៍​គ្នា ) រិះគន់​គ្នា ជាដើម​នោះ ពិតណាស់​ពាក្យ​ទាំងនេះ វា​អាចធ្វើ​ឲ្យ​អ្នក​លែងមាន​ជំនៀ​ចិត្ត​លើ​ខ្លួនឯង ធ្វេសប្រហែស​ចំពោះ​ខ្លួនឯង ផងដែរ ។ ប៉ុន្តែ​វា​មាន​វិធីសាស្ត្រ​គឺ អ្នក​ត្រូវតែ​សង្រួម​អារម្មណ៍ កុំ​ច្រ​បូល​ច្របល់​ទៅ គឺជា​ការប្រសើរ​ណាស់ ។ កល្យាណមិត្ត គឺ​តែងតែ​ផ្ដោត​សំខាន់​ទៅលើ​ចំណុច​វិជ្ជមាន​របស់​អ្នក​ជាមុនសិន គេ​លើកទឹកចិត្ត​អ្នក យល់​ពី​អារម្មណ៍​របស់​អ្នក គេ​ដឹងថា​អ្នកត្រូវការ​អ្វី នោះគេ​នឹង​តបស្នង​ដល់​អ្នក​បាន​យ៉ាង​ល្អប្រសើរ​។​

 

​ប្រសិនបើ​អ្នក​រាប់អាន ជាមួយ​មនុស្ស​ដែលមាន​ឥរិយាបថ​មិនគួរ​សម​ចំពោះ​អ្នក ចំណងមិត្តភាព​របស់​អ្នក​ក៏​នឹងត្រូវ​បាត់បង់​ភាពស្និទ្ធស្នាល​ផងដែរ ។ យ៉ាងណាមិញ ប្រសិនបើ​អ្នក​មិន​ចង់​ផ្ដាច់ការ​ទាក់ទង នឹង​គេ​ទេ អ្នក​ក៏​អាច​កាត់បន្ថយ​ការ​រាប់អាន​ជាមួយ​មនុស្ស​ជំពូក​នេះ ប៉ុន្តែ​អ្នក​ក៏​គួរតែ​បន្ថែម​ភាពជិតស្និទ្ធ​ជាមួយ​មនុស្ស​ដែល​អាចជួយ​អ្នក លើកទឹកចិត្ត​អ្នកផង​ដែរ​៕

Angry woman screaming against her husband with his face deformed

 

Leave a Reply

(*) Required, Your email will not be published