សភា​ប្រទេស​ទាំងបី​បង្ហាញ​នូវ​ជំហរ​គាំទ្រ​ដល់​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​តំបន់ត្រីកោណ​

, , Leave a comment

30-9-2015

​រាជធានី​ភ្នំពេញ : កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២​របស់​គណៈកម្មការ​ស​ភា​ប្រទេស​ទាំងបី​មាន កម្ពុជា ឡាវ និង​វៀតណាម បានបញ្ចប់​ដោយ​ជំរុញ​ការលើកស្ទួយ​តួនាទី ភារកិច្ច ក្នុងការ​ពិនិត្យ​តាមដាន​របស់​គណៈកម្មកា​រ​ជំនាញ​សភា​នៃ​ប្រទេស​ក្នុងការ​គាំទ្រ​ដល់​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ទ្បា​វ និង​វៀតណាម​។​

 

​យោងតាម​ការ​ផ្តល់ព័ត៌មាន​របស់​មន្ត្រី​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា ដែល​ទៅ​ចូលរួម​កិច្ចប្រជុំ​នេះ ពីថ្ងៃ​ទី​២៨-២៩ ខែកញ្ញា ក្នុង​ខេត្ត​ចំប៉ា​សាក់ ប្រទេស​ទ្បា​វ បាន​ឲ្យ​ដឹងថា ប្រធាន​គណៈកម្មាធិការ​ជំនាញ​ផ្នែក​ការពារជាតិ និង​សន្តិសុខ នៃ​រដ្ឋសភា​របស់​ប្រទេស​ទាំងបី​បាន ឯកភាពគ្នា​លើ​ចំណុច​សំខាន់​មួយចំនួន និង​បាន​ចុះហត្ថលេខា​លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​លើក​ទី​២​នេះ ក្នុងន័យ​បន្ត​ពង្រឹងពង្រីក​ទំនាក់​ទំនងជា​ប្រពៃណី​ជាមួយគ្នា ព្រមទាំង​បន្ត​ព​ង្រឹ​ក និង​ពង្រីក កិច្ចសហប្រតិបត្តិការ​រវាង​ក្របខ័ណ្ឌ​នៃ​គណៈកម្មការ​ជំនាញ​រដ្ឋ​សភា និង​លើកទឹកចិត្ត​ឲ្យ​មាន កិច្ចសហការ​គ្រប់ភាគី​ពាក់ព័ន្ធ ជាពិសេស​ផ្នែក​នគរបាល​ការពារជាតិ និង​អាជ្ញាធរ​មូលដ្ឋាន​នៃ​ខេត្ត​ជាប់​ព្រំប្រទល់​គ្នា​រវាង​ប្រទេស​ទាំងបី សំដៅ​លើកកម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​នៅ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​។​

 

​ប្រភព​ឲ្យ​ដឹងថា ក្នុងពេល​បិទ​បញ្ចប់​កិច្ចប្រជុំ​នោះ លោក វី​ឡៃ ដួង​ម៉ា​នី (Vilay Daungmany) ប្រធាន​គណៈកម្មាធិការ​ការពារ​ប្រទេស និង​សន្តិសុខ​រដ្ឋសភា ទ្បា​វ និង​ជា​ប្រធាន​ដឹកនាំ​កិច្ច​ប្រជុំបាន​សម្តែង​ការពេញចិត្ត​ចំពោះ​លទ្ធផល​សម្រេចបាន​ប្រកបដោយ​ស្មារតី​សាមគ្គីភាព មិត្តភាព និង​ភាតរភាព​នៃ​ប្រទេស​ទាំងបី ក៏ដូចជា ប្រជាជាតិ​អាស៊ាន​។​

 

​ចំណែក​លោក ហ៊ុន ណេង ប្រធាន​គណៈកម្មការ​ម​ហា​ផ្ទៃ ការពារជាតិ និង​មុខងារសាធារណៈ​នៃ​រដ្ឋសភា​កម្ពុជា និង លោក ង្វៀន គីម​ខ័​រ (Nguyen Kim Khoa) ប្រធាន​គណៈកម្មាធិការ​ការពារ​ប្រទេស និង​សន្តិសុខ​នៃ​រដ្ឋសភា វៀតណាម បានចាត់ទុក​ការសម្រេច​នេះ​ជា​ផលប្រយោជន៍​រួម​ជាពិសេស​ផលប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍​ជាប់​ព្រំដែន​ប្រទេស​ទាំងបី​។​

 

​លើសពីនេះ​ទៀត​ការចូលរួម​ពី​តំណាង​ក្រសួង​ពាក់ព័ន្ធ​ក្នុង​កិច្ចប្រជុំ​នេះ​រួមមាន​៖ ក្រសួងមហាផ្ទៃ ការពារជាតិ និង​សន្តិសុខ ព្រមទាំង​អាជ្ញាធរខេត្ត​ជាប់​ព្រំដែន​ក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍​នៃ​ប្រទេស​ទាំងបី គឺជា វឌ្ឍនភាព​នៃ ការងារ​អភិវឌ្ឍន៍​ជាពិសេស​ពាក់ព័ន្ធ​វិស័យ​សន្តិសុខ ការពារជាតិ សណ្តាប់ធ្នាប់​សេដ្ឋកិច្ច និង​សង្គម​នៅ​តំបន់ មុំ​បី​នោះ​។ គួររំឭកថា គណៈកម្មការ​ជំនាញ​នៃ​សភា​ប្រទេស​ទាំងបី កាលពី​សភា​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​នេះ ជា​លើកដំបូង ក្នុង​ឆ្នាំ​២០១៤ ក៏បាន​អនុម័ត​ដោយ​ចុះហត្ថលេខា​រួមគ្នា​ទទួលស្គាល់​ពី​សារៈសំខាន់​នៃ​ការអភិវឌ្ឍន៍​តំបន់ត្រីកោណ​។ កំណត់ ហេតុ​៩​ចំណុច​ត្រូវបាន​ចែក​ផ្សាយ​មានដូចជា​៖ ទី​១-​ទទួលស្គាល់​ពី​សារៈសំខាន់​នៃ តំបន់ អភិវឌ្ឍ​ត្រីកោណ និង​មាន​គោល បំណង​ប្រែក្លាយ​តំបន់​នេះ ជា​តំបន់​អភិវឌ្ឍន៍​គំរូ នៃ​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងបី​។ ទី​២-​ឯកភាព​ចែករំលែក​ព័ត៌មាន​គ្នា​ទៅ វិញ​ទៅមក​នៅក្នុង​ដែន​សមត្ថកិច្ច​ជំនាញ​របស់ គណៈកម្មការ​/​គណៈកម្មាធិការ​។ ទី​៣-​ឯកភាព​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យ​ន្ត​ការជំនាញ ដើម្បី​អនុវត្ត​តួនាទី​ត្រួត ពិនិត្យ​លើ​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងបី លើ​ការងារ​ពាក់ព័ន្ធ​វិស័យ​ការពារ​ប្រទេស និង​សន្តិសុខ ដើម្បី​ធានា បាន​នូវ​សន្តិសុខ សន្តិភាព និង​សុវត្ថិភាព ជូន​ដល់​ប្រជាពលរដ្ឋ​។ ទី​៤-​ឯកភាព​លើកកម្ពស់​ការយល់ដឹង​អំពី​គោលបំណង និង សារៈសំខាន់​នៃ​ការងារ​ព្រំដែន និង​តំបន់ ត្រីកោណ​អភិវឌ្ឍន៍​។ ទី​៥-​លើកទឹកចិត្ត​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​ប្រទេស​នីមួយៗ ក្នុង​កិច្ចសហការ​ចែករំលែក​ព័ត៌មាន និង​បទពិសោធ ដើម្បី​ទប់ស្កាត់ និង​ប្រឆាំង​បទឧក្រិដ្ឋ​ឆ្លងដែន ការជួញដូរ​មនុស្ស និង​ការជួញដូរ​គ្រឿងញៀន ។​ល​។ និង ។​ល​។ ទី​៦-​ទទួលស្គាល់​នូវ​សារៈសំខាន់ និង​តម្លៃ​នៃ​ការថែរក្សា​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងបី និង​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​អភិវឌ្ឍន៍​តំបន់ត្រីកោណ​។ ទី​៧-​ឯកភាព​លើកទឹកចិត្ត​ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀងទ្វេភាគី និង​ពហុភាគី សំដៅ​សម្រួល ដល់​ការឆ្លងកាត់​ព្រំដែន និង​ការធ្វើ​ចរាចរ​ទំនិញ​នៅតាម​ព្រំដែន​។ ទី​៨-​ទទួលស្គាល់​ពី​សារៈសំខាន់​នៃ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​នៃ​ប្រទេស​ទាំងបី​។ និង​ទី​៩-​ឯកភាព និង​សម្រេច​ឲ្យ​គណៈកម្មាធិការ​ការពារ​ប្រទេស និង​សន្តិសុខ​នៃ​ប្រទេស​នីមួយៗ​ទទួល​វេន​ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​កិច្ចប្រជុំ​នេះ​ជា​រៀងរាល់ឆ្នាំ​តាម​លំដាប់​អក្សរ​។ នៅ​ឆ្នាំ​២០១៦ ប្រទេស​វៀតណាម​គឺជា​អ្នករៀបចំ​កិច្ចប្រជុំ​នេះ​៕

 

30-9-2015 (1)

 

Leave a Reply

(*) Required, Your email will not be published