យក​ជីវិត​ជាដើម​ទុន ចេញ​ឆក់ ប្លន់ ដែលជា​អំពើ​សង្គម​ស្អប់ខ្ពើម ត្រូវ​សមត្ថកិច្ច​វាយខ្នោះ​ទាំង​គូ​

, , Leave a comment

រាជធានី​ភ្នំពេញ : ជនសង្ស័យ​២​នាក់​ដែលជា​មុខសញ្ញា​លួច ឆក់ និង​កាច់​សោករ​ម៉ូតូ​យ៉ាងសកម្ម​នៅក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​សមត្ថកិច្ច ស្ទាក់​ចាប់បាន​កាលពី​វេលា​ម៉ោង​ជិត​២​រសៀល​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៥ នៅតាម​បណ្តោយ​ផ្លូវ​បេតុង​ក្បែរ​វត្ត​ខ្ទរ ស្ថិតក្នុង​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

 

​ប្រភពពី​សមត្ថកិច្ច​នគ​របាល​ប៉ុស្តិ៍​ព្រែកលៀប​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មា​ឈ្មោះ ហេង បូរ៉ា ហៅ នី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ម្តុំ​ផ្សារ​សាំ​ហាន់ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​រាជធានី​ភ្នំពេញ មាន​ស្រុកកំណើត​ភូមិ​ផ្លាក់​សំរោង ឃុំ​ដា ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ និង​បក្ខពួក​ម្នាក់ទៀត​ឈ្មោះ ប៉េង ពៅ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ជាមួយគ្នា​មាន​ស្រុកកំណើត​នៅ​ភូមិ​ដើម​គរ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។  ក្រោយពេល​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​បាន​ម៉ូតូ​សេ​125​មួយគ្រឿង​ខ្មៅ​សេរី​2015 គ្មាន​ស្លាក​លេខ​។​

 

​ប្រភពពី​ប៉ូលិស បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ នៅវេលា​ម៉ោង​១៣​និង​០០​នាទី ថ្ងៃទី​២៩ ខែកញ្ញា​នេះ កម្លាំង​សមត្ថកិច្ច​ខណ្ឌឫស្សីកែវ ជិះ​ម៉ូតូ​ល្បាត​ក្នុង​មូលដ្ឋាន លុះ​ជិះ​មកដល់​ចំណុច​ម្តុំ​ជ្រោះ​បាត់​ស្នេហ៍ ឃើញ​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា ពណ៌​ខ្មៅ ស៊េរី​២០១៥ មួយគ្រឿង គ្មាន​លេខ សមត្ថកិច្ច​យើង​សង្ស័យ ហៅ​សួរ ស្រាប់តែ​ពួកគេ​ព្យាយាម​ជិះ​គេចខ្លួន ហើយ​ត្រូវបាន​កម្លាំង​ជិះ​ដេញតាម រហូត​ចាប់បាន នៅត្រង់ចំណុច​ខាងលើ រួច​នាំ​មកកាន់​អធិការដ្ឋាន នគរបាល​ខណ្ឌ​ជ្រោយចង្វា ធ្វើការ​សួរនាំ​។​

 

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វា ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រា​ធានី​ភ្នំពេញ​ចាត់ការ​បន្ត​តាម​និតិ​វិធី ៕

30-9-2015

 

Leave a Reply

(*) Required, Your email will not be published