ខេត្តរតនគិរី : បុរសជនជាតិដើម ភាគតិចចារ៉ាយម្នាក់ ត្រូវបានស្លាប់ ខណៈដែលជិះម៉ូតូឌុបឈើ ឆ្ពោះទៅប្រទេសវៀតណាម ហើយបានធ្លាក់ជង្ហុកដួល សង្កត់ចំក្បាល បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ រសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ ត្រង់ចំណុច ស្រែអូរ ក្លែរប៉ុស្តិ៍ភូមិឡំ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះដែលបាត់បង់ជីវិតជាជនជាតិដើម ភាគតិចចារ៉ាយ មានឈ្មោះ សេវ ហ្លាន អាយុ២៥ឆ្នាំ ប្រពន្ធជាជនជាតិខ្មែរមានកូនតូចម្នាក់ រស់នៅភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ ជនរងគ្រោះបានស៊ីឈ្នួលដឹកឈើតាមម៉ូតូឲ្យមន្ត្រីប៉ូលិសម្នាក់នៅខេត្តរតនគីរីឈ្មោះ សីហា ដោយទទួលបានកម្រៃចំនួន១៥០០០០រៀលក្នុងមួយលើក។ មុនពេលកើតហេតុជនរងគ្រោះខាងលើតែងតែដឹកជញ្ជូនឈើរៀងរាល់ថ្ងៃពីស្រុកអូយ៉ាដាវទៅព្រំប្រទល់វៀតណាម តាមម៉ូតូ។
នេះជាលើកទីបីហើយ ចំពោះអ្នកដឹកឈើនៅភូមិឡំដែលជាជនជាតិដើមភាគតិច គួរតែអ្នកភូមិមិនត្រូវយកជីវិតទៅប្តូរនឹងគ្រោះថ្នាក់ ឬប្រឈមចំពោះមុខច្បាប់ដោយសារការស៊ីឈ្នួលដឹកឈើខុសច្បាប់នោះទេ៕