៥​ម៉ឺន​ដុល្លារ ជា​ថ្លៃ​សេវា​រំដោះខ្លួន​ចេញពី​ការឃុំ​ឃាំង ក្រោយ​រំលោភ​យក​ដី បំភៃ​ពលរដ្ឋ​ជាង​២០០​គ្រួសារ​

, , Leave a comment

30-9-2015 (1)

ខេត្ដ​កំពង់ធំ : ជំទាវ​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល ក្រសួងមហាផ្ទៃ​សហការ​ជាមួយនឹង​នគរបាល​ខេត្ដ​កំពង់ធំ​ចាប់ខ្លួន​នៅ​ភ្នំពេញ​កាលពី​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ ២០១៥ ហើយ​ត្រូវបាន​បញ្ជូនទៅ​សាលា ដំបូង​ខេត្ដ​កំពង់ធំ ពាក់ព័ន្ធរ​កណី​រំលោភ​លើ​សេចក្ដី​ទុក​ចិ​ត្ដ ហើយ​ថែមទាំង​រំលោភ យក​ដី​របស់​ពួកគាត់​រាប់ពាន់​ហិកតា​។ ក៏ប៉ុន្ដែ​ត្រូវ​តុលាការ ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​នៅ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៥​។

 

​តាម​សំដី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា លោកស្រី ម៉ែន សោ​ភ័​ណ្ឌ អាយុ​៣៣​ឆ្នាំ ដែលមាន​អាសយដ្ឋាន​ផ្ទះ​លេខ​៣D ក្នុង​បុរី​ចំការមន ខណ្ឌចំការមន បាន​ប្រើល្បិច​លួងលោម​ឲ្យ​តំណាង​ប្រជាពលរដ្ឋ​ដើរ​ទិញ​ដី​ពី​អ្នកភូមិ​ជាច្រើន​ពាន់​ហិកតា ដោយ​ធ្វើ​កិច្ចសន្យា​ផ្ដិត​មេដាយ​ឲ្យ​លោកស្រី និង​ទើបតែ​ទទួលបាន​ប្រាក់​កក់​ចំនួន​១០​ភាគរយ​ប៉ុណ្ណោះ​។ នៅពេលដែល​ពួកគាត់​រត់ការ​បំពេញ​សំណុំបែបបទ​ចប់​យកមក​ប្រគល់ ស្ដ្រី​រូបនេះ​បែរជា​មិន​ព្រម​សងលុយ​គ្រប់ តាម​កិច្ចសន្យា​ទេ ដែល​គេ​និយាយថា មាន​លុយ​រាប់លាន​ដុល្លារ​។​

 

​ប្រភព​ដដែល​បាន​បន្ដថា លោកស្រី ម៉ែន សោ​ភ័​ណ្ឌ បាន​តាំងខ្លួន​ជា​អ្នកដើរ​ទិញ​ដី​ឲ្យ​ក្រុមហ៊ុន​ចិន​មួយ ស្ថិតនៅក្នុង​ឃុំ​ទ្រៀល និង​ឃុំ​បារាយ​រណ៍ ស្រុក​បារាយណ៍ ទីតាំង​ដី​មួយកន្លែង​នៅក្នុង​តំបន់​ពីរបាន​ឲ្យ​លោក ឡូយ ស៊ុយ អាយុ​៤៦​ឆ្នាំ រស់នៅ​ឃុំ​ស្រឡៅ និង​លោក អ៊ឹម ប៊ុន​ថា​ន តំណាង​ប្រជាពលរដ្ឋ​ជួយប្រមូល​ទិញ​ដីស្រែ​ពី​ពលរដ្ឋ​ជាង​២០០​គ្រួសារ ដោយ​ផ្ដិត​មេដាយ​រវាង​អ្នកលក់​នឹង​អ្នកទិញ​ក្នុង​១​ហិកតា​តម្លៃ​ចាប់ពី​៩០០​រហូតដល់​១.៥០០​ដុល្លារ​តាម​ស្ថានភាព​ដី​។​បន្ទាប់ពី​បាន​កក់​ប្រាក់​ឲ្យ​ប្រជាពលរដ្ឋ​ត្រឹម​១០​ភាគរយ​គ្រប់ៗ​គ្នា នៅសល់​៩០​ភាគរយ​ទៀត​ដោយ​សន្យាថា នឹង​សងលុយ​ឲ្យ គ្រប់​ចំនួន​នៅពេលដែល​លោកស្រី​បានទទួល​ឯកសារ​ប្លង់ដី​អស់​សិន​។ ក្រោយ​ទទួលបាន​ឯកសារ​ប្លង់ដី​ហើយ​នោះ ជំទាវ​គ្មាន​ក្រឹត្យ​នេះ​បែរជា​មិន​ប្រគល់​លុយ​ឲ្យ​ប្រជាពលរដ្ឋ​តាម​កិច្ចសន្យា​ឡើយ​។ ដោយ​ចេះតែ​សុំ​ពន្យារពេល​មួយថ្ងៃ​ទៅមួយថ្ងៃ​រហូត​ប្រជាពលរដ្ឋ​ឡើង​ប្ដឹង​ដល់​សាលាដំបូង​ខេត្ដ​កំពង់ធំ​។​

 

​បើតាម​អាជ្ញាធរ​ឃុំ​បារាយណ៍​ឲ្យ​ដឹង​ដែរ​ថា ពិតជា​មានរឿង​បែបនេះ​មែន ហើយ​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​បារាយណ៍ ទទួលបាន​ប្រាក់​តែ​១០​ភាគរយ​ពី​ការលក់​ដី​ឲ្យ​ឈ្មោះ ម៉ែន សោ​ភ័​ណ្ឌ ហើយ​៩០​ភាគរយ​ទៀត​ប្រជាពលរដ្ឋ​បាន​ត្រឹម​ទទួល ក្រដាស​កិច្ចសន្យា​។ ប្រជាពលរដ្ឋ​ក៏បាន​លើកឡើងថា ស្រដៀង​គ្នា​នឹង​អាជ្ញាធរ​ឃុំ​បារាយណ៍ នេះដែរ ថា​អ្នកខ្លះ​មាន​ដី​ជាច្រើន​ហិកតា ក៏ត្រូវ​ចាញ់បោក​ស្ដ្រី ម៉ែន សោ​ភ័​ណ្ឌ នេះដែរ ។ ដោយសារ​តែមាន​បញ្ហា​បែប នេះ​ប្រជាពលរដ្ឋ​ក៏បាន​នាំគ្នា​ទៅ​ដាក់ពាក្យ បណ្ដឹង​នៅ​តុលាការ​ដើម្បី​ទាមទារ​ប្រាក់ ដែល​លោកស្រី ម៉ែន សោ​ភ័​ណ្ឌ បាន​សន្យា ខណៈដែល​ស្ដ្រី​រូបនេះ​បាន​បិទ​ទូរស័ព្ទ​គេច វេះ​រហូត ។​

 

​ទាក់ទិន​នឹង​ការលើកឡើង​របស់​ប្រជាពលរដ្ឋ​ខាងលើនេះ​អ្នកយកព័ត៌មាន​យើង​បាន​ទំនាក់ទំនង​ទូរស័ព្ទ​ទៅកាន់​លោក ស្ដ្រី ម៉ែន សោ​ភណ្ឌ តែ​ទូរស័ព្ទ​មិនអាច​ទាក់ទង​បាន​។ យ៉ាងណាក៏ដោយ​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា ស្ដ្រី ម៉ែន សោ​ភណ្ឌ ធ្លាប់​អួត អាង​ប្រាប់​ប្រជាពលរដ្ឋ​ថា រូបគាត់​ជា​ជំទាវ និង​ជា​ប្រពន្ធ​លោក​ផ្កាយ​ពីរ​យោធា​មួយរូប​។​

 

​ជុំវិញ​ការដោះលែង​ស្ដ្រី ម៉ែន សោ​ភណ្ឌ នេះដែរ លោក ហេង ច័ន្ទ​ស៊ី​ណារិន ចៅក្រម​សាលាដំបូង​ខេត្ដ​កំពង់ធំ​បាន​ឲ្យ​ដឹងថា ការដែល​តុលាការ​ដោះលែង​ស្ដ្រី ម៉ែន សោ​ភណ្ឌ ឲ្យ​នៅក្រៅ​ឃុំ​បណ្ដោះ អាសន្ន​ក្រោម​ការត្រួតពិនិត្យ​របស់ តុលាការ​ដោយ​គាត់​បាន​តម្កល់​ប្រាក់​ធានា​ចំនួន​៥​ម៉ឺន​ដុល្លារ​ព្រមទាំង​មាន កិច្ចសន្យាធានា​ចូលខ្លួន​គ្រប់ពេលវេលា ពេលដែល​តុលាការ​កោះហៅ​រាល់​ដើម ខែ​និង​មិន​អនុញ្ញាត​ឲ្យ​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស​។​

 

​ជុំវិញ​ករណី​ដោះលែង​ស្ដ្រី​ឈ្មោះ ម៉ែន សោ​ភណ្ឌ នេះដែរ​ប្រជាពលរដ្ឋ​ជាង​២០០​គ្រួសារ បាន​សម្ដែង​ការ​អស់សង្ឃឹម​យ៉ាងខ្លាំង ហើយ​ពួកគាត់​បានលើកឡើង​ថា ជនជាប់ចោទ​ប្រសិនបើ​អ្នក​ពុំ​សូវ​មាន​លុយ កាក់​គឺ​គេ​វាយខ្នោះ​ហើយ​បង្ហាញមុខ​ឲ្យ​អ្នកកាសែត​ថត​ទៀតផង​។ ដោយឡែក​សម្រាប់​ស្ដ្រី ម៉ែន សោ​ភណ្ឌ ដែលមាន​ពាក្យបណ្ដឹង​ស្អេកស្កះ​បោកប្រាស់​លុយ​គេ​រាប់សិប​ម៉ឺន​ដុល្លារ​បែរជា សមត្ថកិច្ច​ការពារ​មិន​ដាក់​ខ្នោះ ពាក់មួក បិទ​ម៉ាស់ និង​ជម្លៀស​ស្ដ្រី​រូបនេះ ចេញ​តាម​ទ្វារក្រោយ​សាលាដំបូង​ខេត្ដ​កំពង់ធំ ឲ្យ​គេច​ផុតពី​ការ​ប្រមាញ់​យក​រូបភាព​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទៀតផង​៕

30-9-2015 (2) 30-9-2015 (3) 30-9-2015

 

Leave a Reply

(*) Required, Your email will not be published