តើ​ការ​ម៉ាស្សា​ល្អ​សម្រាប់​សុខភាព​មែនឬ​?

, , Leave a comment

​កាលណា​រាងកាយ​កើត​អាការ​ឈឺចាប់​ចុក​រួយ​អ្នក​ដែល​កើត​អាការ​បែបនេះ​ខ្លះ​ច្រើនតែ​ស្វែងរក​សេវា​ម៉ាស្សា ។ អ្នកខ្លះ​ក៏បាន​ធូរស្បើយ​ស្រួលខ្លួន ប៉ុ​ន្តែ​​អ្នកខ្លះ​បែរជា​ធ្ងន់​ជាង ដើម​ទៅទៀត ។ការពិតទៅ​ការ​ម៉ាស្សា​អាចជួយ​អ្វី​បាន​ខ្លះ ? តើ​ជា​ការពិត​ឬទេ​ដែលថា ការ​ម៉ាស្សា​អាចជួយ​ព្យាបាល​រោគ​បា​ន​នោះ ? លោក​វេជ្ជបណ្ឌិត វិសាល ខាន់​ថា រតនៈ​កុល អ្នកជំនាញ​ផ្នែក​នេះ​បានធ្វើការ​បកស្រាយ​លម្អិត​ដូចតទៅ ។​

 

​ស្រួលខ្លួន និង​ធូរស្បើយ​
​ដើ​ម្បី​ស្វែងយល់​អំពី​អត្ថប្រយោជន៍​ពិត​នៃ​ការ​ម៉ាស្សា អ្វីដែល​សំខាន់​នោះ​គឺ​យើង​ត្រូវ​យល់​អត្ថន័យ​នៃ​ពាក្យ​ពីរ​ម៉ាត់​សំខាន់​គឺ​ស្រួលខ្លួន និង​ជា​រោគ​ជា​មុ​ន​សិន ។ ស្រួលខ្លួន​មានន័យថា មាន​អារម្មណ៍​ធូរស្បើយ​ពី​ការឈឺ​ចុក​រួយ ប៉ុន្តែ​មិនមែន​មានន័យថា រោគ​ដែល​កើត​នោះ​វា​ជា​ឡើយ ។ ចំ​ណែ​ក​ឯ​​ការ​ជា​រោគ​គឺ​មានន័យថា រោគ​មានការ​ប្រែប្រួល​មក​ក្នុង​ផ្លូវ​ល្អ​ដំណើរ​រួចផុត​ពី​ឈឺ ។ គុណសម្បត្តិ​នៃ​ការ​ម៉ាស្សា​គឺ​វា​ជួយ​ឱ្យ​ស្រួលខ្លួន​ប្រាកដ​មែន​ជួ​យ​​ឱ្យ​គុណភាព​ជីវិត​បាន​ប្រសើរ​ប៉ុន្តែ​មិនមែន​ជួយ​ឱ្យ​ជា​រោគ​ទេ ដូចជា​អ្នកជំងឺ​ដែល​កើតរោគ​ស្លាប់​មួយ​ចំហៀង​ខ្លួន​មាន​អាការ​ចុក​រួយជើង នៅពេល​ធ្វើការ​ម៉ាស្សា​រួច​ក៏មាន​អារម្មណ៍​ធូរស្រាល ប៉ុន្តែ​មិនមែន​ជួយ​ឱ្យ​រោគ​ស្លាប់​មួយ​ចំហៀង​ខ្លួន​ជា​ឡើយ ។​

 

​ការ​ម៉ាស្សា​ដែល​ជួយ​ឱ្យ​ជា​រោគ​
​ការ​ម៉ាស្សា​ដែល​អាច​ព្យាបាល​រោគ​បាន​ភាគច្រើន​គឺជា​រោគ​ដែល​ពាក់ព័ន្ធ​ទៅនឹង​សាច់ដុំ​ដូចជា អាការ​ឈឺក្បាល​ដោយសារ​សាច់ដុំ អ​ហ្វ​ហ្វី​ស ស៊ីន​ដ្រូ​​ម ដែល​កើត​ពី​ការ​អង្គុយ​ក្នុង​ឥរិយាបថ​មិនបាន​ត្រឹមត្រូវ​រោគ​សម្ពាធ​ឈាម​ឡើង​ដែល​មូលហេតុ​បណ្តាលមកពី​សាច់ដុំ​ប្រឹង ព្រោះ​ការ​ម៉ាស្សា​ជួយ​ឱ្យ​​សាច់ដុំ​ធូរ​រសាយ ជាហេតុ​ជួយ​សម្រួល​សម្ពាធ​ឈាម​ឱ្យ​ចុះ​មកវិញ​ជាដើម ។​

 

​រោគ​ដែល​ការ​ម៉ាស្សា​មិនអាច​ជួយ​ឱ្យ​ជា​បានទេ​
​ស្របពេល​ជាមួយគ្នានេះដែរ​ក៏មាន​រោគ​ជាច្រើន​ទៀត​ដែល​ការ​ម៉ាស្សា​មិនអាច​ជួយ​ឱ្យ​ជា​បានទេ ដូចជា​រោគ​មហារីក ការ​ម៉ាស្សា​មិនអាច​ជួយ​ឱ្យ​រោ​គ​​នេះ​ជា​ឡើយ ប៉ុន្តែ​អាច​ផ្តល់​ផល​ល្អ​ចំពោះ​ការព្យាបាល​ដូចជា​អ្នក​ដែលមាន​អាការ​ឈឺក្បាល​ដោយសារ​មហារីក​ដែល​បណ្តាលមកពី​សាច់ដុំ​តឹង លុះ​ដល់​ទៅ​ម៉ាស្សា​ក៏មាន​អារម្មណ៍​ស្រួលខ្លួន​នាំឱ្យ​សម្រាន្ត​លក់​ស្រួល​រាងកាយ​ក៏មាន​ប្រព័ន្ធ​ការពារ​ល្អ​ធ្វើឱ្យ​សុខភាព​ល្អ និង​អារម្មណ៍​ ស្រ​ស់​ស្រា​យ​​អ្ន​ក​ជំងឺ​​ក៏មាន​កម្លាំងចិត្ត​តស៊ូ​ជាមួយ​រោគ​អាច​និយាយបានថា ការ​ម៉ាស្សា​មិនអាច​កម្ចាត់​កោសិកា​មហារីក​បានទេ ប៉ុន្តែ​វា​អាចជួយ​រក្សា​តុល្យភាព​នៃ​រាងកាយ ។​

 

​ម៉ាស្សា​រួច​អាចជា​ពី​រោគ​ម៉ៃ​ហ្គ្រេ​ន ?
​ជាការ​យល់​ខុស​មួយ​ដែលថា ម៉ៃ​ហ្គ្រេ​ន​គឺជា​អាការ​ឈឺ​មួយ​ចំហៀង​ក្បាល ពីព្រោះ​ការពិតទៅ​ម៉ៃ​ហ្គ្រេ​ន​ត្រូវមាន​អាការ​ផ្សេងៗ​គួបផ្សំ​ទៀត ។ ដូច្នេះ​ជំនឿ​ដែលថា ការ​ម៉ាស្សា​ជួយ​ព្យាបាល​អាការ​ម៉ៃ​ហ្គ្រេ​ន​ដោយ​មើល​ទៅលើ​អាការ​ឈឺក្បាល​ដែលជា​បាត់​ក្រោយពី​ការ​ម៉ាស្សា​រួច ទើប​ជា​ជំនឿ​មួយ​ដែ​ល​មិន​ត្រឹមត្រូវ ពីព្រោះ​ប្រសិនបើ​វា​ជា​ម៉ៃ​ហ្គ្រេ​ន​មែន​នោះ​ការ​ម៉ាស្សា​នឹងមិន​អាចជួយ​ព្យាបាល​ឱ្យ​ជា​បានទេ ។ ចំណែកឯ​ពេល​ទៅ​ម៉ាស្សា​រួច​អា​កា​រឈឺ​មួយ​ចំហៀង​ក្បាល​បាន​ប្រសើរ​នោះ​ភាគច្រើន​បណ្តាលមកពី​ការឈឺ​មួយ​ចំហៀង​ក្បាល​ដោយសារ​សាច់ដុំ​ច្រើនជាង ។ និយាយ​បែបនេះ​មិ​ន​មែ​ន​មានន័យថា ការ​ម៉ាស្សា​មិនល្អ​នោះទេ ប៉ុន្តែ​បើ​កើត​ម៉ៃ​ហ្គ្រេ​ន​មែន​ត្រូវ​ពឹងផ្អែក​លើ​ឱសថ​ដើម្បី​ព្យាបាល​ផង​មិនមែន​សម្អាង​តែ​ទៅលើ​ការ​ម៉ា​ស្សា​​មួ​យ​​មុខ​អាចឱ្យ​ជា​បានទេ ។​

 

​អ្នក​ដែល​ទៅ​ម៉ាស្សា​ត្រូវ​យល់ដឹង​អ្វីខ្លះ ?
​បច្ចុប្បន្ននេះ​មាន​អ្នក​ម៉ាស្សា​ឱ្យ​ភ្ញៀវ​ជាច្រើន ​អ្នក​ម៉ាស្សា​ខ្លះ​ក៏មាន​គុណភាព​ខ្លះទៀត​មិនមាន​ដូច្នេះ​សួរថា តើ​មាន​គោលការណ៍​សម្គាល់​យ៉ា​ង​ដូ​ច​ម្តេ​ច​​ទើប​អាច​ដឹងថា អ្នក​ម៉ាស្សា​មួយណា​មានគុណ​ភាព ហើយ​មួយណា​គ្មាន​គុណភាព ។ ទោះបី​វា​ជា​សំណួរ​មួយ​ដែល​ពិបាក​នឹង​ឆ្លើយ ប៉ុន្តែ​ក៏មាន​ល​ក្ខ​ណៈ​សម្គាល់​មួយចំនួន​ដូចខាងក្រោម​នេះ ៖

 

*​ក្រោយពី​ម៉ាស្សា​រួច​គឺ​ត្រូវតែ​ស្រួលខ្លួន​
​វា​​អាចធ្វើឱ្យ​យើង​មិនទាន់បាន​ស្រួលខ្លួន​ភ្លាមៗ​ក៏មានដែរ ពោលគឺ​ពេល​ម៉ាស្សា​រួច​អាច​នៅ​ឈឺ​ខ្លះ ប៉ុន្តែ​មិនត្រូវ​លើស​មួយថ្ងៃ​រាប់​ពីថ្ងៃ​ម៉ាស្សា​បើ​លើ​ស​​គួរ​តែ​ប្តូរ​អ្នក​ម៉ាស្សា ពីព្រោះ​បញ្ជាក់បាន​ថា អ្នក​ម៉ាស្សា​ម្នាក់នេះ​អាច​ប្រើ​ដៃ​ធ្ងន់​ពេក​ជាហេតុ​ធ្វើឱ្យ​ជាំ​សាច់ដុំ ។​

 

*​មនុស្ស​វ័យ​ចំណាស់​មិនត្រូវ​ម៉ាស្សា​ក្បាច់​ពត់​ខ្លួន​
-​​មិនគួរ​ចុច​សរសៃឈាម​ដែលជា​ក្បាច់​ចុច​ហើយ​ព្រលែង​ជាពិសេស​ត្រង់​ស្មា និង​ចង្វែក​ភ្លៅ ព្រោះថា​ទង្វើ​បែបនេះ បាន​ជះឥទ្ធិពល​មិនល្អ​ចំពោះ​រា​ង​កា​យ​​ពោលគឺ​ធ្វើឱ្យ​ជាំ​សរសៃឈាម ។​

 

-​អ្នក​ដែលមាន​អា​ការឈឺ​ទាន់ហន់​មិនត្រូវ​ម៉ាស្សា​ខ្លាំងៗ​ទេ ពីព្រោះ​បើ​ម៉ាស្សា​ខ្លាំងៗ​ទៅ​វា​កាន់តែ​ធ្វើឱ្យ​សាច់ដុំ​ជាំ​ខ្លាំង​ដូចជា អាការ​ឈឺ​ដោយសារ​ការលេង​កីឡា​គួរតែ​ម៉ាស្សា​ថ្នមៗ​ស្រាល​ដៃ ។​

 

*​អាការ​ជាប់​ស្មា​ជាមួយ នឹង​ការ​ម៉ាស្សា​
​ប្រសិនបើ​មាន​អាការ​ជាប់​ស្មា​ពេល​ទៅ​ម៉ាស្សា​រួច​បាន​ប្រសើរ​នោះ​បញ្ជាក់ថា វា​មិនមែនជា​អាការ​ជាប់​ស្មា​ពិតៗ​ទេ អាច​គ្រាន់តែ​ជា​អាការ​តឹង​ស្មា​ដែ​ល​​កើត​បណ្តាលមកពី​សាច់ដុំ​មាន​បញ្ហា ព្រោះថា​ប្រសិនបើ​ស្មា​ជាប់​ពិតៗ នោះ​ត្រូវ​ប្រើពេល​ច្រើន​ខែ​ទម្រាំ​តែ​នឹង​ជា​ស្រួលបួល ដោយសារតែ​អាការ​ជាប់​ស្មា​កើត​បណ្តាលមកពី​ការ​រលាក​សរសៃ​ជុំវិញ​ស្មា​ម្តង​បន្តិចៗ​រហូត ធ្វើឱ្យ​រលាក​ខ្លាំង​ពេលនោះ​រាងកាយ​ក៏​តបស្នង ដោយ​បង្កើត​ជាតិ​ទឹក​ដែ​ល​មា​ន​​លក្ខណៈ​ដូច​កាវ​ជាហេតុ​ធ្វើឱ្យ​សន្លាក់​ប្រទាញ​ជាប់​គ្នា ។​

 

*​ថែទាំ​ខ្លួនឯង​មិនចាំបាច់ ចំណាយ​ប្រាក់​ទៅ​ម៉ាស្សា​
​ការ​ឧស្សាហ៍​ទៅ​ម៉ាស្សា​ញឹកញាប់​អាច ធ្វើទៅបាន​គឺ​អាស្រ័យទៅលើ​ថវិកា​ដែល​ខ្លួន​មាន​ផង ប៉ុន្តែ​មាន​វិធី​បំបាត់​អាការ​ឈឺ​ចុក​រួយ​ផ្សេងៗ ដែល​ល្អ​ជា​ង​នេះ គឺ​ការងា​កមក​កែ ខៃ​ឱ្យចំ​មូលហេតុ​នោះ​គឺ​ត្រូវ​ប្រើ​អវយវៈ​ផ្សេងៗ ឱ្យបាន​ត្រឹមត្រូវ​ដូចជា​អាការ​ឈឺ​ខ្នង​ដែល​កើត​ពី​ការ​អង្គុយ​ខុស​ឥរិយាបថ ហើ​យ​ដើម្បី​បំបាត់​អាការ​បែបនេះ​យើង​គប្បី​ប្តូរ​ពី​ទម្លាប់​ទៅ​ម៉ាស្សា​មកជា​ការសម្រួល​ឥរិយាបថ​អង្គុយ​ឱ្យបាន​ត្រឹមត្រូវ គួបផ្សំ​នឹង​ហាត់ប្រាណ​ដោយ​វិធី​យឹត​សន្ធឹង ពេលនោះ​សាច់ដុំ​នឹង​ខ្លាំង​ជាហេតុ​ធ្វើឱ្យ​អាការ​បាន​ធូរស្បើយ ។ ការ​ម៉ាស្សា​បើ​ទុក​ណា​ជា​វា​ជួយ​ឱ្យ​ស្រួលខ្លួន ប៉ុន្តែ​បើ​យើង​មិន​ធ្វើការ​កែសម្រួល​ទម្លាប់​ទេនោះ​ក៏​វា​មិនអាច​ឱ្យ​ជា​ដាច់​បានឡើយ ៕

31-1-2014

 

Leave a Reply

(*) Required, Your email will not be published