រាជធានីភ្នំពេញ : តារាសម្តែងមានហុងស៊ុយតែជាតួប្រពន្ធចុង គេ កញ្ញា សឿន ផានផាភួង ត្រូវបានប្រភពដែលស្និទ្ធនឹងកញ្ញា ទម្លាយប្រាប់ថា បានបង្កើតចំណងស្នេហ៍ជាមួយមន្ត្រីរាជរដ្ឋាភិបាលម្នាក់មានឋានៈ ជារដ្ឋលេខាធិការ និងសម្បូរទ្រព្យម្នាក់មានរយៈពេលប្រហែលជាមួយឆ្នាំមកហើយ ហើយ បុរសនោះក៏មានប្រពន្ធកូនផងដែរ។ ប៉ុន្តែក្រោយពីព័ត៌មានត្រូវបានទម្លាយ នាងបានចេញមុខបដិសេធថា នាងមិនបានបង្កើតទំនាក់ទំនងស្នេហាដូចដែលគេលើកឡើងនោះទេ ព្រោះនាងបានកំណត់ខ្លួនឯងយ៉ាងច្បាស់ថា ប្តីគេនាងមិនប៉ះពាល់ជាដាច់ខាត់ ព្រោះនាងខ្លាចបំផុតទឹកអាស៊ីដតែម្តង។
ការឈានជើងចូលមកប្រឡូកអាជីពជា អ្នកសិល្បៈអស់រយៈពេល៦ឆ្នាំមកនេះ តារាសម្តែង កញ្ញា សឿន ផានផាភួង ធ្លាប់សម្តែងបានចំនួនប្រមាណជិត៣០រឿងមកហើយ។ នៅក្នុងចំណោមវណ្ណកម្មទាំងនោះ តារាសម្តែងស្រីរូបនេះ ភាគច្រើនទទួលបានតួនាទីជាប្រពន្ធចុង គេជាប់រហូត។ សឿន ផានផាភួង ក៏ធ្លាប់បានសម្តែងនូវការព្រួយបារម្ភពីខ្សែជីវិតពិតក្រៅឆាករបស់នាងផងដែរ ខ្លាចព្រេងវាសនាចារតម្រូវឲ្យនាងដើរលើគន្លងខ្សែភាពយន្ត។
កាលពីពេលកន្លងទៅនេះស្រដៀងគ្នាទៅនឹងការព្រួយបារម្ភនោះ ស្រាប់តែមានប្រភពព័ត៌មានមួយ បានលើកឡើងថា សឿន ផានផាភួង បាន និងកំពុងទាក់ទងចំណងស្នេហាជាមួយមន្ត្រីរាជ រដ្ឋាភិបាលម្នាក់មានឋានៈជារដ្ឋលេខាធិការដែលបុរសម្នាក់នោះ គឺមានប្រពន្ធមានកូនរួចទៅហើយនោះ។ ចំណុចនេះហើយទើបធ្វើឲ្យមជ្ឈដ្ឋានអ្នកតាមដានសង្គមសិល្បៈបានលើកឡើងថា ខ្សែជីវិតក្រៅឆាករបស់សឿន ផាន ផាភួង ក៏កំពុងដើរលើគន្លងខ្សែភាពយន្តដែលនាងធ្លាប់សម្តែងដែរហើយ។
ពាក់ព័ន្ធនឹងព័ត៌មាននេះតារាសម្តែងវ័យ២៨ឆ្នាំរូបនេះ បានចេញមុខបដិសេធថា នាងមិនបានបង្កាត់ភ្លើងស្នេហ៍ជាមួយលោករដ្ឋលេខាធិការសម្បូរលុយណាម្នាក់នោះទេ ហើយក៏មិនដែលបានស្គាល់មន្ត្រីមានតួនាទីម្នាក់នោះដែរ ។ ប៉ុន្តែបើនិយាយថា មានបុរសតាមសុំស្រឡាញ់ នាងគឺពិតជាមានមែនដែលក្នុងចំណោមអ្នកទាំងនោះ នាងមិនបានទទួលយកទេ ពីព្រោះបុរសទាំងនោះភាគច្រើនគឺជាប្តីគេ នាងមិនចង់មានឈ្មោះថា ជាស្រីដណ្តើមយក ប្តីគេ ហើយម្យ៉ាងទៀតគឺខ្លាចទឹកអាស៊ីដណាស់។
ជាមួយគ្នានេះ សឿន ផានផាភួង ក៏បានបញ្ជាក់ប្រាប់ពីហេតុផលដែរថា នៅពេលនេះ ទោះបីជាជីវភាពរបស់នាងមិនទាន់ថ្កុំថ្កើងដូច តារាសម្តែងមួយចំនួនក្តី តែនាងក៏មិនចង់មាន បានដោយសារប្តូររូបរាងកាយជាមួយទឹកប្រាក់ ឬសម្ភារៈនោះដែរ។ នាងនិយាយថា ទោះបីជាបុរសទាំងនោះធ្លាប់បានព្យាយាមលួងលោមខ្ញុំ និងបានយកលុយមកទាក់យកការចាប់ អារម្មណ៍ក្តី តែខ្ញុំមិនសម្លឹងឃើញទឹកប្រាក់ធំ ជាងកិត្តិយសនោះទេ បើទោះជាមានមិត្តរួមអាជីពមួយចំនួនបានជំរុញឲ្យទទួលយកជំនួយទាំងនោះក៏ខ្ញុំនៅតែមិនដាច់ចិត្តធ្វើដែរ។
ទន្ទឹមនឹងនេះដែរ សឿន ផាន ផាភួង ក៏បានបញ្ជាក់ដែរថា ចំពោះគូអនាគត ទោះបីជាមានវ័យចំណាស់ ឬអាយុ៥០ឆ្នាំ ឬពោះម៉ាយក៏ដោយក៏នាងមិនប្រកាន់ដែរ តែបើឲ្យយកប្តីគេវិញនោះ គឺនាងធ្វើមិនបានជាដាច់ខាត៕