ដើម្បីក្លាយទៅជាអ្នកមានបាន លោកអ្នកត្រូវតែចេះរក្សា គ្រប់គ្រង និងចាត់ចែងលុយកាក់របស់អ្នកប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។ តើមានគន្លឹះអ្វីខ្លះ ដែលអាចឲ្យលោកអ្នកអាចសន្សំប្រាក់កាក់របស់អ្នកបានយ៉ាងប្រសើរនោះ? ថ្ងៃនេះសារព័ត៌មានកំណើតថ្មីចង់បង្ហាញលោកអ្នកនូវគន្លឹះខាងក្រោមដែលជួយឲ្យលោកអ្នកគ្រប់គ្រង និងពិនិត្យសាច់ប្រាក់ ព្រមទាំងការចំណាយ ៖
១-ចំណាយលុយលើខ្លួនឯងជាមុនសិន
តើអ្នកនឹងធ្វើអ្វីមុនគេនៅពេលដែលលោកអ្នកទទួលបានសែកដែលគេសងលុយ? តើលោកអ្នកគួរតែចំណាយជាមុន រួចហើយសល់ប៉ុន្មានទុកសន្សំ ឬក៏ទុកសន្សំមុនរួចទើបចំណាយ? គន្លឹះដ៏ល្អដែលអ្នកគួរធ្វើនោះគឺ អ្នកត្រូវកាត់ចំណែកសម្រាប់ខ្លួនឯងជាមុន មុននឹងលោកអ្នកចំណាយលុយកាក់ទាំងនោះទៅវិញ។
២-ធ្វើផ្ទះរបស់អ្នកឲ្យសាមញ្ញ
មានមហាសេដ្ឋីខ្លះបានរស់នៅក្នុងវិមានដ៏ល្អប្រណីត ដែលផ្ដល់ភាពស្រណុកសុខស្រួលយ៉ាងក្រៃលែងដល់ពួកគេ។ ប៉ុន្តែមហាសេដ្ឋីដូចជាលោក Warren Buffet ជាដើម បានធ្វើឲ្យផ្ទះរបស់លោកសាមញ្ញបំផុត។ លោក Buffet នៅតែបន្តរស់នៅក្នុងផ្ទះមួយដែលមានបន្ទប់គេង៥នៅក្នុង តំបន់ Omaha ដែលគាត់បានទិញតាំងពីឆ្នាំ១៩៥៧ ក្នុងតម្លៃ៣១,៥០០ដុល្លារ។
៣-ប្រើឧបករណ៍ប្រើកម្លាំង ឬសេវាដឹកជញ្ជូនសាធារណៈ
វាជារឿងចម្លែកដែលមហាសេដ្ឋីភាគច្រើនចូលចិត្តដើរ ជិះកង់ ឬប្រើសេវាដឹកជញ្ជូនសាធារណៈ នៅពេលដែលពួកគេធ្វើដំណើរជុំវិញទីក្រុងដែលពួកគេរស់នៅ។ តាមពិតបុគ្គលទាំងនេះអាចនឹងជិះឧទ្ធម្ភគចក្រដើម្បីទៅប្រជុំបាន ប៉ុន្តែពួកគេជ្រើសរើសប្រើប្រាស់កម្លាំងផ្ទាល់ខ្លួន និងសេវាដឹកជញ្ជូនសាធារណៈ ដើម្បីកាត់បន្ថយលើការចំណាយដែលមិនចាំបាច់។
៤-កាត់សក់នៅផ្ទះខ្លួនឯង
មហាសេដ្ឋីល្បីៗមួយចំនួនធំចំណាយលុយដល់ទៅ៧,២០០ដុល្លារ ដើម្បីកាត់សក់ក្នុងរយៈពេលមួយឆ្នាំ (ដោយមិនរាប់បញ្ចូលលុយបន្ថែមដែលគាត់ឲ្យទៅជាងផ្ទាល់ផង)។ មហាសេដ្ឋីដូចជាលោក John Caudwell មិនទៅកាត់សក់នៅហាងទេ តែគាត់កាត់សក់នៅផ្ទះលោកផ្ទាល់។
៥-សន្សំសំចៃលើការស្លៀកពាក់
មនុស្សច្រើនណាស់ដែលផ្ដល់តម្លៃឲ្យមនុស្សដទៃទៀត លើសម្លៀកបំពាក់ដែលពួកគេប្រើ ប៉ុន្តែមហាសេដ្ឋីខ្លះដូចជាលោក David Cheriton ដែលក្លាយទៅជាមហាសេដ្ឋីដោយសារការវិនិយោគរបស់លោកជាមួយក្រុមហ៊ុន Google ស្លៀកតែខោខៅប៊យ និងអាវយឺត។
៦-មើលរំលងសម្ភារៈទំនើបៗ
បើអ្នកមិនចេះមើលរំលងសម្ភារៈទំនើបៗទេនោះ លោកអ្នកនឹងមិនអាចសន្សំលុយកាក់បានឡើយ។ មហាសេដ្ឋីច្រើនណាស់មានលោក Warren Buffet ជាដើមមិនប្រើប្រាស់សម្ភារៈទំនើបឡើយ។
៧-ចំណាយតាមការគ្រោង
មិនមែនឲ្យតែមានលុយអ្នកចេះតែចាយតាមចំណង់របស់អ្នកនោះទេ។ ដើម្បីឲ្យការចាយលុយរបស់លោកអ្នកមានប្រសិទ្ធភាព លោកអ្នកត្រូវតែចំណាយតាមការគ្រោង ដែលរាប់បញ្ចូលទាំងអ្វីដែលសំខាន់ត្រូវទិញបន្ទាន់ និងអ្វីដែលមិនទាន់សំខាន់៕