រាជធានីភ្នំពេញ : បើគិតរយៈពេលដែលកញ្ញា អន រាស៊ីសុមេត្តា ហៅ ណូម័រ ឈានជើងប្រឡូកចូលសិល្បៈ គឺមិនទាន់បាន៣ឆ្នាំនៅឡើយទេ តែសមិទ្ធផលដែលនាងរកបានតាមរយៈសិល្បៈ គឺផ្ទះ រថយន្ត សរុបទឹកប្រាក់ខ្ទង់ជិត៧ម៉ឺន ដុល្លារ ធ្វើឲ្យមិត្តភ័ក្តិរបស់នាងសឹងតែមិនជឿថា នាងអាចរកប្រាក់ចំណូលបានយ៉ាងលឿនបែបនេះឡើយ?។ កន្លងៗមកល្បីថាតារាចម្រៀងរូបនេះកំពុងតែមានបុរសអ្នកមានទ្រព្យសម្បត្តិស្តុកម្នាក់ចង់សុំសេចក្តីស្នេហាពីនាង ម្ល៉ោះ ហើយគឺគេអាចសន្និដ្ឋានថា រថយន្ត និងផ្ទះរបស់នាងបានមកពីការជួយគាំទ្រ ដើម្បីផ្គាប់ចិត្តពីសំណាក់បុរសគូស្នេហ៍របស់នាង!។
ជុំវិញចំណោទខាងលើនេះ ណូម័រ បានប្រាប់ថា កន្លងមកពិតជាមានបុរសមានទ្រព្យសម្បត្តិតាមសុំក្តីស្នេហ៍ពីខ្ញុំ ចង់បានខ្ញុំធ្វើជាគូគាប់មែន។ ដូចជាអ្នកខ្លះចង់អញ្ជើញខ្ញុំទៅញ៉ាំបាយជាមួយ តែខ្ញុំដឹងថា ការញ៉ាំបាយរបស់គេនោះ គឺពិតជាមាន អ្វីនៅពីក្រោយខ្នងជាមិនខាន ទើបខ្ញុំមិនយល់ព្រមទៅជាមួយនោះឡើយ។
កញ្ញា ណូម័រ បន្តថា បើទោះជាអ្នកណាចង់និយាយអ្វីក៏ស្រេចទៅលើគេចុះ មាសសុទ្ធមិនខ្លាចភ្លើងទេ! ប្រសិនបើខ្ញុំដាក់ចិត្តថា គិតពីរឿងនេះខ្ញុំមិនចង់មានទេ សង្សារ ឬអ្នកចិញ្ចឹមគឺបើតែត្រូវរ៉ូវគ្នារៀបការតែម្តង។ ណូម័រ ប្រាប់បន្ថែមទៀតថា ជុំវិញការទិញផ្ទះ និងរថយន្ត គឺជាថវិកាផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលខ្ញុំសេសសល់ពីការរកស៊ីតាំងពីខ្ញុំមិនទាន់ចូលសិល្បៈម្ល៉េះ។
ដំបូងខ្ញុំគិតថា ចង់ទិញរថយន្តទំនើបជិះ តែគិតថា សព្វថ្ងៃនៅជាមួយឪពុកម្តាយមិនដឹងជាឡូយអ្វីទេ ដូច្នេះមានតែទុកវាសិនទៅទម្រាំ តែខ្ញុំអាចរកប្រាក់មកបង្គ្រប់ទិញផ្ទះបានដូច្នេះ ហើយទើបខ្ញុំសុខចិត្តជិះរថយន្តកូរ៉ូឡាតម្លៃ៤ទៅ៥ ពាន់ដុល្លារសិនទៅ!។
ក្រោយពីទិញផ្ទះនេះហើយមិនយូរប៉ុន្មានទេ ខ្ញុំក៏មាន គម្រោងដូរ រថយន្តល្អមួយគ្រឿងជិះនឹងគេដែរ ហើយ។ ចំពោះការងារសិល្បៈ ណូម័រ បញ្ជាកថា មួយរយៈចុងក្រោយនេះការងារសិល្បៈមានការ មមាញឹកច្រើនគឺចប់ពីរឿងមួយចូលរឿងមួយទៀត។ ថ្មីៗនេះខ្ញុំក៏ជាប់ថតរឿងភាគឲ្យស្ថានីយទូរទស្សន៍ដែរ។ បច្ចុប្បន្នខ្ញុំកំពុងប្រឹងប្រែងធ្វើការងារចាស់ឲ្យអស់សិន ដូច្នេះហើយក្នុងមួយ ថ្ងៃជួនកាលត្រូវចេញធ្វើការងារពីរទៅបីកន្លែងឯណោះ! ក្នុងកម្មវិធីសិល្បៈដែរ ធ្វើឲ្យខ្ញុំមានការនឿយហត់បន្តិច។ ពេលខ្លះខ្ញុំចង់តែជួលតៃកុងឲ្យបើករថយន្តឲ្យទេ ព្រោះថ្ងៃខ្លះអស់កម្លាំងសឹង បើករថយន្តមិនបានផង៕