ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ​បង្ក​របួសស្នាម​ដោយ​ចេតនា​

, , Leave a comment

25-9-2015

​ខេត្តកណ្តាលៈ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ជំនាញ​យុត្តិធម៌​ក្រុង​តាខ្មៅ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ឫស្សី​ឃាត់ខ្លួន ដោយ​អនុវត្តតាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​សាលាដំបូង​ខេត្តកណ្តាល ពាក់ព័ន្ធ​ករណី​បង្ក​របួសស្នាម​ដោយ​ចេតនា កាលពី​វេលា​ម៉ោង​០០​និង​២០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៥ លើ​កំណាត់​ផ្លូវ​សាធារណៈ ស្ថិតក្នុង​ភូមិ​ក្រពើ​ហារ​កើត សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

 

​មន្ត្រីនគរបាល​ក្រុង​តាខ្មៅ​បាន​ឲ្យ​ដឹងថា ជន​ត្រូវ​ចោទ​មានឈ្មោះ ថន ឌី​ឌែ​ល ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​ក្រពើ​ហារ​កើត សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តាខ្មៅ​។ ជននេះ​មានឈ្មោះ​ក្នុង​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​១២៨២ ចុះ​ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ​២០១០ របស់លោក អិន វ៉ាន់វិបុល ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តកណ្តាល ចោទប្រកាន់​ពីបទ​បង្ក​របួសស្នាម​ដោយ​ចេតនា ប្រព្រឹត្ត​នៅ​ភូមិ​ក្រពើ​ហារ ឃុំ​ព្រែក​ឬ​ស្សី ក្រុង​តាខ្មៅ កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០០៧​។​

 

​មន្ត្រីនគរបាល​ក្រុង​តាខ្មៅ​បាន​រំ​ឮ​កថា កាលពី​អំឡុង​ឆ្នាំ​២០០៧​ឈ្មោះ ថន ឌី​ឌែ​ល (​ជន​ត្រូវ​ចោទ​) បានធ្វើ​សកម្មភាព​វាយ​ជនរងគ្រោះ​ម្នាក់​បណ្តាល​ឲ្យ​រងរបួស​យ៉ាងដំណំ បន្ទាប់មក​ឈ្មោះ ថន ឌី​ឌែ​ល បានគេច​ខ្លួន​ចេញពី​មូលដ្ឋាន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ដើម្បី​គេចវេស​ព​សំណាញ់​ច្បាប់​។​

 

​ទោះបីជា​ជនសង្ស័យ​ព្យាយាម​គេច​យ៉ាងណាក្តី​ក៏​នៅតែ​គេច​មិន​រួច ដោយសារតែ​ជនរងគ្រោះ​បានដាក់​ពាក្យបណ្តឹង​ចូល​សមត្ថកិច្ច​នគរបាល ហើយ​សមត្ថកិច្ច​ជំនាញ​ក៏បាន​កសាង​សំណុំរឿង​និង​សាវតា​ជាតិ​បញ្ជូន​ទៅកាន់​តុលាការ រហូត​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ហើយ​សមត្ថកិច្ច​នគរ​បាល​បាន​អនុវត្ត​ដីកា​នេះ​គ្រា​ដែល​ជន​ត្រូវ​ចោទ​លប​ចូលមក​លំនៅឋាន​វិញ​៕

 25-9-2015 (1)

 

Leave a Reply

(*) Required, Your email will not be published