ខេត្តកំពង់ចាម : កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ សាលាដំបូងខេត្តកំពង់ចាមលើកមកបើកសវនាការពេញមួយ លើសំណុំរឿងករណីគ្រោះថា្នក់ចរាចរណ៍ដោយរថយន្តបែនដឹកដីធុនធំ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3B-4405 បានបើកទៅបុករថយន្តទំនើបប្រភេទ BMW ពាក់ស្លាកលេខ ភ្នំពេញ 2AC-1611 របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងអ្នកម្នាង អ៊ុក ផល្លា លើកំណាត់ផ្លូវជាតិលេខ៧ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥ ត្រង់ចំណុចភូមិអំពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ បណ្តាលឲ្យព្រះអង្គ និងអ្នកម្នាង រួមទាំងកងអង្គរ័ក្សសរុប៨នាក់រងរបួសធ្ងន់-ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យ។
ក្នុងសវនាការនេះមេធាវីដើមបណ្តឹងប្តឹងទាមទាររហូតដល់ទៅជាង៣៦ម៉ឺនដុល្លារ បានធ្វើឲ្យម្ចាស់រថយន្តដឹកដី គឺអ្នកស្រី គឹម ឡេង សម្រក់ទឹកភ្នែកសុំការលើកលែង ការប្រណីសណ្តោសពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។
លោកអនុសេនីយ៍ទោ អ៊ុំ សុផល នាយផ្នែកព្រហ្មទណ្ឌនគរបាលស្រុកព្រៃឈរ បានប្រាប់ឲ្យដឹងថា ក្រោយពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងអ្នកម្នាង អ៊ុក ផល្លា ព្រមទាំងសហការីជាច្រើននាក់បានសាកសួរសុខទុក្ខប្រជាពលរដ្ឋនៅវត្តជោ តនរាមគរ ភូមិក្រោយវត្ត ឃុំគរ ស្រុកព្រៃឈរ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥ រូបលោកបានបើករថយន្តស៊ីរ៉ែន ដើម្បីនាំក្បួនខ្សែរថយន្តរបស់សម្តេចក្រុមព្រះដើម្បីយាងទៅកាន់ រាជធានីភ្នំពេញវិញ។ ស្របពេលដែលរូបលោកបានបើករថយន្តមកដល់ចំណុចភូមិអំពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ នោះ ក៏បានឃើញរថយន្តចំនួន៣គ្រឿងនៅពីខាងមុខ ដែលបានបើកក្នុងទិសដៅពីលិចមកកើត គឺមានរថយន្តដឹកដីធុនតូច១គ្រឿងនៅពីក្រោយគេ។ ជាមួយគ្នានោះក៏មានរថយន្តដឹកដីធុនធំបានបើកបន្តមកតាមក្រោយឃើញពីចម្ងាយរូបលោកបានស៊ីញ៉ូភ្លើងឲ្យអែបខាងរថយន្ត៣គ្រឿងខាងមុខព្រមអែប តែចម្លែកអីរថយន្តដឹកដីខាងក្រោយនោះមិនបានអែបទេ ទោះបីជាស៊ីញ៉ូភ្លើងដាក់ច្រើនដងក្តី គឺបានវ៉ារថយន្តឡើងមកចូលក្បួនព្រះទីន័ង រួចទៅបុករថយន្តរបស់ព្រះអង្គតែម្តង ព្រោះតែប្រើប្រាស់ល្បឿនលឿន។
ព្រូរថយន្តដឹកដីឈ្មោះ ឈឿន ស្រ៊ឺ ភេទប្រុស អាយុ១៨ឆ្នាំ បានឆ្លើយថា ក្រោយពីបានត្រឡប់មកពីប្រទេសថៃវិញ មិនមានការងារធ្វើក៏បានចេញមកស៊ីឈ្មួល ធ្វើជាព្រូរថយន្តដឹកដីឲ្យឈ្មោះ ឈឿន រ៉ុន បានប្រាក់កម្រៃ១ខែ៦០ដុល្លារ។ ហើយនៅថ្ងៃកើតហេតុ ក្រោយពីបានដឹកដីបើកមកដល់ត្រង់ចំណុចគ្រោះថ្នាក់ចរាចរណ៍ ក្នុងស្រុកព្រៃឈរនោះ គឺឈ្មោះ រ៉ុន ជាអ្នកបើក ដោយបានវ៉ារថយន្ត១គ្រឿងនៅពីមុខថែមទាំងបានឃើញរថយន្តស៊ីរ៉ែនថែម ទៀត ស្របពេលដែលវ៉ារថយន្តស្របទិសគ្នាផុតបានបន្តិច ក៏ទៅបុករថយន្តនៅពីខាងមុខ ក្រោយមកទើបដឹងថា មានសម្តេចក្រុមព្រះនៅលើរថយន្តដែលបុកនោះ ។
អ្នកស្រី គឹម ឡេង អាយុ៤៥ឆ្នាំ នៅភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ម្ចាស់ពិតប្រាកដរថយន្តដឹកដីបានបំភ្លឺថា ដោយសារតែគាត់ជាស្ត្រីមេម៉ាយរស់នៅជាមួយនឹងកូនស្រីម្នាក់ ខិតខំសន្សំលុយរបស់ខ្លួននិងបានពីបងប្អូនបម្រើការងារនៅប្រទេសកូរ៉េខាងត្បូង ក៏ទិញរថយន្តដឹកដី១គ្រឿងតម្លៃ២២.៥០០ដុល្លារពីឈ្មោះ ថៃ ក្នុងអំឡុងឆ្នាំ២០១៣។ ដោយបានជួលអ្នកបើកបរម្នាក់ឈ្មោះ រ៉ុន មកស៊ីឈ្មួលឲ្យកម្រៃក្នុង១ខែ១៧០ដុល្លារ ចំណែកព្រូវិញឲ្យ៦០ដុល្លារក្នុង១ខែ ក្រោយពីបានទិញរថយន្តហើយ ក៏យកទៅផ្ញើនៅផ្ទះជាងឈ្មោះ លឹម សុផាត មានផ្ទះនៅនៅភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម សម្រាប់ចេញទៅស៊ីឈ្មួលដឹកដីឲ្យគេ។
អ្នកស្រីបន្តទៀតថា នៅថ្ងៃកើតហេតុដែលរថយន្តដឹកដីរបស់គាត់បានបើកទៅបុករថយន្ត សម្តេចក្រុមព្រះ និងអ្នកម្នាង ត្រូវបានគេទូរស័ព្ទមកប្រាប់ឲ្យបានដឹង ធ្វើគាត់មានការភិតភ័យញ័រខ្លួននិយាយមិនចេញ គឺត្រូវបានឈ្មោះ សុផាត ចេញមុខទៅឆ្លើយបំភ្លឺជំនួសនៅកន្លែងប៉ូលិសខេត្ត។
លោក លឹម សុផាត ភេទប្រុស អាយុ៤៩ឆ្នាំ បានបំភ្លឺឲ្យដឹងថា ចំពោះកំណត់ហេតុដែលរូបគាត់បានបំភ្លឺនៅកន្លែងសមត្ថកិច្ចចំនួន៣លើក នោះ សូមបដិសេធចោលទាំងស្រុង ហើយក៏មិនមានការបង្ខិតបង្ខំដែរ។ រាល់ថ្ងៃគាត់មានមុខរបរជាងជួសជុលម៉ាស៊ីនរថយន្ត ព្រមជាមួយនោះក៏មានរថយន្តដឹកដីចំនួន២គ្រឿង ហើយនៅពេលណាដែលមានការដ្ឋានណាមួយគេត្រូវការជួលដឹកដីនោះ គាត់ជួលអ្នកបើកបរឲ្យទៅដឹកដី រួមជាមួយនឹងរថយន្តរបស់អ្នកស្រីឈ្មោះ ឡេង ១គ្រឿងទៀតបន្ថែមកើនដល់ទៅ៣គ្រឿង សម្រាប់ភាគរយនោះគាត់មិនបានដកយកទេ ។ លោកថា នៅព្រឹកថ្ងៃកើតហេតុ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥ គឺរូបលោកបានប្រាប់ឈ្មោះ រ៉ុន ឲ្យបើករថយន្តចេញទៅដឹកដីនៅស្រុកជើងព្រៃយកមកដាក់នៅការដ្ឋានធ្វើ ផ្លូវមួយនៅស្រុកព្រៃឈរ កម្រៃឈ្មួល១រថយន្តតម្លៃ៦០ដុល្លារ ។ ក្រោយពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រូបលោកបានប្រាប់ «ក្រុមហ៊ុនធានារាប់រងកាមីនកូ» ឲ្យបានដឹងដែរ ។
លោកមេធាវី គា អ៊ាវ បានលើកឡើងថា ក្នុងករណីខាងលើនេះគឺមិនមានការពាក់ព័ន្ធតម្រូវឲ្យកូនក្តីរបស់លោក ឈ្មោះ លឹម សុផាត ចេញសំណងរដ្ឋប្បវេណីនោះឡើយ ព្រោះម្ចាស់រថយន្តពិតប្រាកដគឺអ្នកស្រី គឹម ឡេង ចេញមុខបង្ហាញថារថយន្តដឹកដីដែលបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើជា របស់គាត់។
លោកចៅក្រម ប៉ុក សុវណ្ណមុនី បានលើកឡើងថា នឹងប្រកាសសាលក្រមនេះនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ ខាងមុខ ចំណែកព្រូរថយន្តដែលចាប់ខ្លួនក៏ត្រូវបានលោក ស៊ន មុនី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្នើឲ្យមានការលើកលែងការ ចោទប្រកាន់ផងដែរ៕