សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អង្គការសហប្រជាជាតិ​

, , Leave a comment

24-9-2015 (1)

​រាជធានី​ភ្នំពេញ : តប​តាម​ការអញ្ជើញ​របស់​អគ្គ​លេខាធិការ​អង្គការសហប្រជាជាតិ​លោក បាន គី​មូ​ន (BanKi-Moon) កាលពី​ព្រឹក ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៥ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អង្គការសហប្រជាជាតិ សម្រាប់​អនុម័ត​របៀបវារៈ “​អភិវឌ្ឍន៍​ក្រោយ​ឆ្នាំ​២០១៥” ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ញូវយ៉ក ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៥​។​

 

​លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ប្រាប់​អ្នកសារព័ត៌មាន​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​កាល​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ថា​៖ «​តាម​កម្មវិធី​សម្តេច​តេ​ជោ ហ៊ុន សែន និង​អញ្ជើញ​ទៅដល់​ទីក្រុង​ញូវយ៉ក​នៅ​យប់​ថ្ងៃទី​២៣ ខែកញ្ញា​»​។ វត្តមាន​នៅក្នុង​ទីក្រុង​ញូវយ៉ក​សហរដ្ឋអាមេរិក​នៅ​ថ្ងៃទី​២៤ ខែកញ្ញា សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ផ្តល់​បទសម្ភាសន៍​ដល់​ក្រុមហ៊ុន​ថត​ខ្សែភាពយន្ត​មួយ​របស់​អាមេរិក​ស្តីពី​កម្ពុជា​ពី​អតីតកាល និង​កម្ពុជា​បច្ចុប្បន្នកាល និង​ការ​សម្លឹង​ឆ្ពោះទៅ​អនាគត​របស់​កម្ពុជា​។ ភាពយន្ត​ឯកសារ​នេះ​នឹង​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ការរីកចម្រើន​របស់​ក​ម្ពុ​ជា ក្រោយពី​កម្ពុជា​បាន​រំដោះ​រួច​ពីរ​បប​ប្រល័យពូជសាសន៍​ប៉ុលពត និង​ការអភិវឌ្ឍ​រីកចម្រើន​នាពេល​បច្ចុប្បន្ន និង​គោលដៅ​ឆ្ពោះ​ទៅមុខទៀត​។​

 

​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​និង​អនុញ្ញាត​ឲ្យ​បងប្អូន​ខែ្មរ​រស់នៅ​សហរដ្ឋអាមេរិក​ចូលជួប​សំណេះសំណាល និង​សម្ដែង​ការគួរសម​ផងដែរ​។​

 

​នៅ​ថ្ងៃទី​២៥ ខែកញ្ញា សម្តេច​តេ​ជោ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អង្គការសហប្រជាជាតិ​ស្តីពី​របៀបវារៈ  “​អភិវឌ្ឍន៍​ក្រោយ​ឆ្នាំ​២០១៥” ដែល​នឹង​ថ្លែង​បើក​ដោយ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ និង​លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់  អូ​បា​ម៉ា​។​

 

​នៅ​ថ្ងៃទី​២៦ ខែកញ្ញា សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ឡើង​ថ្លែង​សុន្ទរកថា​គន្លឹះ​នៅក្នុង​កិច្ចប្រជុំ​កំពូល​នោះ​។​

 

​នៅ​ថ្ងៃទី​២៧ ខែកញ្ញា សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ នៃ​មេដឹកនាំ​ពិភពលោក​ស្តីពី “​សមភាព​យ៉េន​ឌ័​រ និង​ការលើកកម្ពស់​ស្ត្រី​” ហើយ​មេដឹកនាំ​ពិភពលោក​នឹង​សម្ដែង​ការប្តេជ្ញាចិត្ត​បន្ថែមទៀត ដើម្បី​ឲ្យ​សម្រេចបាន​ជោគជ័យ​។ ហើយ​នៅ​ថ្ងៃទី​២៨ ខែកញ្ញា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​អញ្ជើញ​ចាក​ចេញពី​ទីក្រុង​ញូវយ៉ក​សហរដ្ឋអាមេរិក​មក​កាន់​កម្ពុជា​វិញ​ហើយ​សម្តេច នឹង​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​២៩ ខែកញ្ញា វេលា​ម៉ោង​៣ រសៀល​។​

 

​គួររំលឹកថា កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ ២០១៥ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានប្រកាសថា​៖ “​សម្តេច​នឹង​ទៅកាន់​អង្គការសហប្រជាជាតិ​ដើម្បី​ថ្លែង​នូវ​សុន្ទរកថា​គន្លឹះ​ចំនួន​២ ពាក់ព័ន្ធ​ការអភិវឌ្ឍ​សហសវត្សរ និង​ការអភិវឌ្ឍ​ស្ត្រី នៅ​សប្តាហ៍​នេះ​”​។ 

 

​សម្តេច​តេ​ជោ​បាន​លើកឡើងថា​៖ នៅពេលនោះ​សម្តេច នឹង​និយាយ​ទៅដល់​បញ្ហា​ប្រទេស​នានា​ដែល​បាន​សន្យា​រួចមកហើយ​អំពី​ការផ្តល់​ជំនួយ​របស់​ប្រទេស​ដែលមាន​ការអភិវឌ្ឍ ដែល​ត្រូវ​ផ្តល់ជំនួយ​ឲ្យ​ប្រទេស​ក្រីក្រ​ស្មើនឹង​០,៧​ភាគរយ​នៃ​GDP​។ ប៉ុន្តែ​ប្រទេស​អ្នកមាន​មួយចំនួន​មិនបាន​អនុវត្ត​នោះទេ មាន​ប្រទេស​ខ្លះ​បាន​អនុវត្ត​ដូចជា​ប្រទេស ស៊ុយអែត ហ្វាំ​ង​ឡង់ ឡុ​ច​សំបួរ ជាដើម​បាន​អនុវត្តបាន តែ​ប្រទេស​ភាគច្រើន​មិនបាន​អនុវត្ត​នោះទេ​សម្រាប់​ជួយ​ដល់​ប្រទេស​ក្រីក្រ​៕

24-9-2015  24-9-2015 (2)

រូបថតៈ ជឹម ណារី(AKP)

 

Leave a Reply

(*) Required, Your email will not be published