ប្រ​វ​ត្ដិ​ចាប៉ីដងវែង

, , Leave a comment

34-9-2015

«​ចាប៉ី​» ជា​ពាក្យ​យារ​មកបី​ពាក្យ​សំស្ក្រឹត​ថា «​ច​ក្ឆ​ប៉ី​» ។ ហៅ​ឈ្មោះថា ចាប៉ីដងវែង មកពី​ចាប៉ី នេះ​មាន​ដង​វែង​ទន្ទាំ​។ ចាប៉ី​នេះ​មាន​មុខងារ​សំខាន់​៤​យ៉ាង​គឺ ៖

 

-​ក្នុង​វង់ភ្លេង​អារក្ស ដោយ​គេ​យក​ឧបករណ៍​នេះ​ទៅ​ប្រគំ​ចូល​ជាមួយ​ឧបករណ៍​ដទៃទៀត​ក្នុងពេល​លៀង អារក្ស​ម្ដងៗ​តាំងពី​សម័យ​យូរលង់​ណាស់​មកហើយ ។​

 

-​ក្នុង​វង់ភ្លេង​ការ​បុរាណ​ដែលជា​ប្រពៃណី​របស់​ដូនតា​យើង​តាំងពី​រាប់ពាន់​ឆ្នាំ​មកហើយ ។​

 

-​សម្រាប់​កំដរ​ចំរៀង​បែប​កំណាព្យ ដែល​អ្នក​ច្រៀង​ត្រេះ​ផង​ច្រៀង​ផង​មាន​ប្រជាប្រិយ​បំផុត ។​

 

-​ក្នុង​វង់ភ្លេង​មហោរី​សម័យ​ដំបូងបង្អស់ ប៉ុន្ដែ​សម័យ​បច្ចុប្បន្ននេះ ចាប៉ីដងវែង​គ្មាន​វត្ដ​មាន​ក្នុង​វង់ភ្លេង​មហោរី​នេះ​ទៀត​ទេ ។​

 

​ចាប៉ីដងវែង​របស់​យើង​មាន​លក្ខណៈ​ដូចជា ៖

​ដង​ទាំង​វែង​ចែកចេញជា​២​ឈ្មោះ គឺ​ដង និង​ប្រ​ពែ​។ ប្រ​ពែ​គឺ​ចាប់ពី​ព្រ​លួត​ទៅ​ផ្នែក​ខាងចុង រីឯ​ដង គឺ​ចាប់ពី​ព្រ​លួត​ទៅ​ទល់នឹង​ប្រអប់​សំនៀង​។ ដង​ធ្វើ​អំពី​ដើម​ក្រសាំង​កាលពី​សម័យ​ដើម ប៉ុន្ដែ​បច្ចុប្បន្ននេះ​គេ​យក​ឈើ​ដទៃទៀត​ដែលមាន​គុណភាព​ប្រហាក់ប្រហែល នឹង​ដើម​ក្រសាំង​មក​ធ្វើ​។ ព្រ​លួត (​បង្គាន​) មាន​២ ៣ ឬ​៤ ចាប៉ី ខ្លះ​មាន​ព្រ​លួត​២​សម្រាប់​រឹតខ្សែ​សំនៀង​២ ចាប៉ី​ខ្លះ​មាន​ព្រ​លួត​៤ គឺ​សម្រាប់​រឹតខ្សែ​សំនៀង​ទាំង​៤​ឲ្យ​មានសំនៀង​តែ​២ ដូច​ចាប៉ី​ដែលមាន​ព្រ​លួត​២​ដែរ​។ ព្រ​លួត​ទាំងអស់នោះ​ធ្វើ​អំពី​ឈើ​រឹង​ដូចជា​ឈើ​នាងនួន ឈើ​គ្រញូង​។​ល​។ មាន​ទំហំ និង​ប្រវែង​ប៉ុនៗ​គ្នា​។​

 

​ធរណី គឺជា​ខ្ទង់​ខ្ពស់ជាង​ខ្ទង់​ដទៃ ដែល​ស្ថិតនៅ​កៀក​នឹង​ព្រ​លួត​សម្រាប់​ទ្រ​ខ្សែ​សំនៀង​ឲ្យ​ផុតពី​ខ្ទង់​ទាំងឡាយ​។ ធរណី​នេះ​ច្រើនតែ​បញ្ចុះ​ក្បាច់ក្បូរ​លម្អ​។ ខ្ទង់​មាន​ចំនួន​១២​ដែល​តូចធំ ទាប​ខ្ពស់ ជាង​គ្នា​ជា​លំដាប់លំដោយ​មាន​ចន្លោះ​ពីមួយ​ទៅមួយ​តាម​កម្រិត​សំនៀង​របស់ខ្លួន​។ គ្រប់​ខ្ទង់​ទាំងអស់​មាន​ចោះ​ប្រហោង​ចំ​កណ្ដាល​សម្រាប់​ដោត​ខ្សែការពារ ជ្រុះ​បាត់​។ ខ្ទង់ចាប៉ី គ្រប់​ចាប៉ី​ទាំងអស់​មិន​បិទ​ជាប់​ទៅនឹង​ដង​មួយកន្លែង​ទេ ព្រោះ​ងាយ​នឹង​រុះរើ​បិទ​ភ្លាមៗ មុនពេល​ប្រគំ​បានជា​យ៉ាងនេះ​មកពី​កាលណា​បន្ទះ​កំណល់​តូច​ស្ដើង ដែល​ដាក់​កល់​ខ្សែ​ត្រង់​លើ​ក្រាញ (​គីង្គក់​) ខិត​ចុះឡើង​ដើម្បី​រាវរក​សំនៀង​ត្រែងៗ ដែលជា​លក្ខណៈ​សំនៀង​របស់​ចាប៉ីដងវែង​ធ្វើ​ឲ្យ​ខ្ទង់​ទាំងឡាយ​នោះ ត្រូវតែ​រុះរើ​ភ្លាមៗ ដើម្បី​រាវរក​សំនៀង​ចំ​របស់ខ្លួន ។ គេ​ច្រើន​យក​ឈើ​រឹង ឬ​ឆ្អឹង​មក​ធ្វើ​ខ្ទង់ ជួនកាល​គេ​យក​ខ្ទង់​ឫស្សី​រឹង​មក​បិទ​បន្ដុប​ពីលើ​ខ្ទង់​ទៀត ដើម្បី​ចៀសវាង​ការ​សឹក​រឹល​ឆាប់​ពេក​។​

 

​ស្នូក ឬ​ប្រអប់​សំនៀង​មាន​រាង​ដូច​ផ្លែ​ម្នាស់ ស្នូក​ខ្លះទៀត​មាន​រាង​ស្ទើរ​ជ្រុង​ស្ទើរ​មូល ។ កាលពី​សម័យ​ដើម គេ​យក​ដើម​រាំង មក​ធ្វើ​ស្នូក បច្ចុប្បន្ននេះ​គេ​យក​ប្រភេទ​ឈើ​ដែលមាន​គុណភាព​ប្រហាក់ប្រហែល​នឹង​ដើម រាំង​មក​ធ្វើ​។ សន្ទះ​ធ្វើ​អំពី​ដើម​ខ្ទុម្ព ដើម​រលួស ដើម​ពពូលថ្ម ឬ​ប្រភេទ​ឈើ​ស្រាល​ផ្សេងៗ​ទៀត​។ ក្រាញ (​គីង្គក់​) ធ្វើ​អំពី​ឈើ​ធ្នង់ ឬ​ឈើ​ផ្សេងទៀត ដែលមាន​គុណភាព​ផ្ដល់​សំនៀង​បានល្អ​ដូចគ្នា​។​

 

​ចាប៉ីដងវែង​មាន​ខ្សែ​២ ឬ​៤ ប៉ុន្ដែ​ខ្សែ​៤​មានសំនៀង​តែ​២​ទេ​។ ខ្សែ​ទី​១ តូច​ឈ្មោះថា ខ្សែ​ឯក ខ្សែ​ទី​២ ធំ​ឈ្មោះថា ខ្សែគ​។ ខ្សែ​ទាំង​២​នេះ​កាលពី​សម័យ​ដើម​ធ្វើ​អំពី​សរសៃសូត្រ​វេញ​ចូលគ្នា ប៉ុន្ដែ​បច្ចុប្បន្ន​គេ​យក​ខ្សែ​ជ័រ​នីឡុង​មក​ប្រើ​ជំនួស​វិញ​។ ក្រចក​សម្រាប់​ត្រេះ​ធ្វើ​អំពី​បន្ទះ​ស្នែង​តូច ស្ដើង​វែង ដូចជា​ស្នែងគោ ឬ​ក្របី​។​ល​។​

 

​ចាប៉ីដងវែង​មាន​លក្ខណៈពិសេស ក្នុង​ការប្រើ​សំនៀង​ត្រួត​ជាង​សំនៀង​រាយ​។ នៅពេល​ប្រគំ​បទ​ណា​ក៏ដូចជា​បទ​ណា​ដែរ គេ​តែងតែ​ត្រេះ​ខ្សែ​ទាំង​២​ស្មើគ្នា ប៉ុន្ដែ​លំនាំ​សាច់​បទ គឺ​ស្ថិតនៅលើ​ខ្សែ​ឯក​ដោយ​គេ​ប្រើ​ម្រាមដៃ​ចុច​ចុះ​ចុច​ឡើង​ទៅតាម​លំនាំ នៅលើ​ខ្សែ​នេះ រីឯ​ខ្សែគ គេ​ត្រេះ​បង្ហើរ​ចោល​សម្រាប់​ជួយ​បន្ទរ​សាច់​បទ​ប៉ុណ្ណោះ​។​

 

​ប្រសិនបើ​គេ​ចង់បាន​ចាប៉ីដងវែង​ឲ្យ​មាន​សំនៀងល្អ ឮ​ខ្លាំង គេ​ត្រូវធ្វើ​វា​តាម​ពាក្យស្លោក​ចាស់​បុរាណ​ថា «​ស្នូក​រាំង ដង​ក្រសាំង សន្ទះ​ខ្ទុម្ព គីង្គក់​ធ្នង់ ខ្ទង់​ឆ្អឹង​»​។ ការបង្រៀន​ចាប៉ីដងវែង​ពី​ម្នាក់​ទៅ​ម្នាក់ទៀត គេ​តែងតែ​ប្រើ​ភាសា​ចាប៉ី​ថា «​ត្រែង ទីង​ត្រែង ទី​រី​រែង ទីង​ត្រែង ទីង​ទីង​ត្រែង ទី​រី រែង ទីង​ត្រែង​»​។ តាម​គំនិត​ចាស់​បុរាណ​បាន​ឲ្យ​និ​មិ​ត្ដ​រូប​លើ​ឧបករណ៍​នេះ​ថា «​ស្នូក​តំណាង​ក្បាល​នាគ ដង​តំណាង​ខ្លួន​នាគ ប្រ​ពែ​តំណាង​កន្ទុយ​នាគ​»៕

 34-9-2015 (1)

 

Leave a Reply

(*) Required, Your email will not be published