ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍ពីខេត្តស្ទឹងត្រែងបានឲ្យដឹងថា គំនរឈើរាប់រយពាន់កំណាត់ត្រូវដឹកចេញពីព្រៃអភិរក្សមកតម្រៀបគរលើគ្នា ដែលអាចក្លាយជាទីតាំងដេប៉ូទិញលក់ឈើស្របច្បាប់ ។ គំនរឈើទាំងគឺមេឈ្មួញឈ្មោះ ឧកញ៉ា លឹម ប៊ុនណា ហៅ ខ្នា និងមានមេកាម្នាក់ឈ្មោះចយដ៏ល្បីល្បាញយកលុយទៅបោះឱ្យឈ្មោះ ម៉ាប់ ជាអ្នកឈរជើងទិញឈើផ្តាច់មុខពីការកាប់បំផ្លាញឈើខុសច្បាប់ដោយមិនមានអ្នកណាហ៊ានប៉ះពាល់ ។ គំនរ ឈើ ឈើប្រណីតប្រភេទឈើអារជ្រុងទាំងនោះគឺដឹកជញ្ជូនចេញពីតំបន់អភិរក្ស ក្នុងខេត្តស្ទឹងត្រែងមានដូចជាភូមិតាឡាត់ ភូមិស្វាយរៀង ភូមិរំព័ទ្ធ ហើយបានដឹកជញ្ជូនបន្តទៅតាមផ្លូវទឹក និងផ្លូវគោកចូលទៅស្រុកវើនសៃ ខេត្តរតនគិរី ដែលជាទីតាំងលាក់ទុកបណ្តោះអាសន្ន ហើយដឹកជញ្ជូនបន្តតាមរថយន្ត ធំៗប្រភេទយីឌុប ចាំដឹកជញ្ជូនចេញពីភូមិដោយមិនមានសមត្ថកិច្ចជំនាញចុះត្រួតពិនិត្យ និងទប់ស្កាត់នោះទេ។ សព្វថ្ងៃនេះគេដឹក ជញ្ជូនយ៉ាងសកម្មតាមផ្លូវជាតិលេខ ៧៨A ឆ្លងកាត់ចំណុច អូរពងមាន់ក្នុងខេត្តសឹ្ទងត្រែង បន្តទៅ ប្រទេសវៀតណាមដោយឆ្លងកាត់ខេត្តក្រចេះដោយរលូនមិនរំខានសមត្ថកច្ចតាមដងផ្លូវឬសមត្តកិច្ចជំនាញអ្វីឡើយ។
ប្រជាសហគមភូមិ ឃុំ ក្នុង ស្រុកសេសានខេត្តស្ទឹងត្រែងបានរាយការណ៍ថា ព្រៃដើមធ្នង់ស្ទើរតែរលាយអស់ទៅហើយ សូម្បីឈើច្បោះដងជ័រចុងរបស់អ្នកស្រុក ដែលតែងទទួលផលបានពីការលក់ជ័រនោះក៏ត្រូវពួកឈ្មួញជំរុញឱ្យកាប់ផ្តួលរលំដោយគ្មានសំណងអ្វីទាំងអស់ ។ ហើយការកាប់បំផ្លាញខាងលើ ប្រជាសហគមលោកមានការព្រួយបារម្ភខ្លាំងចំពោះការបាត់បង់ព្រៃឈើសហគមន៍។
កាលពីសម័យលោក ច័ន្ទ សារុន នៅធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម ភាគច្រើនទទួលតែរបាយការណ៍ភូតភរពីថ្នាក់ក្រោមហើយគេចាំបានថា លោក ច័ន្ទ សារុន ធ្លាប់ប្តេជ្ញាចិត្តបង្ក្រាបបទល្មើ សព្រៃឈើនៅក្នុងខេត្តព្រះវិហារនិង ខេត្តស្ទឹងត្រែងឲ្យមានប្រសិទ្ធភាព ប៉ុន្តែទីបំផុតមន្ត្រីជំនាញរដ្ឋបាលព្រៃឈើក្នុងខេត្តស្ទឹងត្រែងបាន រាយការណ៍ភូតកុហកថ្នាក់លើដើម្បីបិទបាំងរឿងអាស្រូវនៃការដឹកជញ្ជូនឈើខុសច្បាប់ ទើបរដ្ឋមន្ត្រីក្រសួងកសិកម្មមើលរំលង។ ប៉ុន្តែកាលៈទេសៈនេះលោក អ៊ុក រ៉ាប៊ុន ដែលឡើងតំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្មមិនគួរមើលរំលងពីបទល្មើស ព្រៃឈើដែលកំពុងកើតឡើង យ៉ាងអនាធិបតេយ្យ លើទឹកដីខេត្តស្ទឹងត្រែងនោះទេ ជាពិសេសមេឈ្មួញរកស៊ីឈើខុសច្បាប់ មេឈ្មួញ លឹម ប៊ុណ្ណា ហៅខ្នានេះតែម្តង៕ ដោយបុត្តមានពរ