លិខិត​មិត្ត​អ្នកអាន ៖ ប្រើ​ប្រើ​ឧបករណ៍​អេឡិចត្រូនិក​ប្រកបដោយ​សុវត្ថិភាព និង​ទំនួល​ខុសត្រូវ​

, , Leave a comment

23-9-2015

​រាជធានី​ភ្នំពេញ : «​តាំងពី​ចេះ​លេង​ហ្វេ​ស​ប៊ុ​ក​ហ្នឹង​មក គេ​ស្គាល់​មិត្តភក្តិ​ច្រើន ហើយ​ការនិយាយស្តី គឺ​ខុសប្លែកគ្នា​តែម្តង​។ កាលពី​មុនគេ​និយាយស្តី​ចេញមក​ល្អៗ ពីរោះ​ស្តាប់​តែ​ឥឡូវ​ពាក្យ​គេ​និយាយ​គ្នា​ថ្មីៗ​ទាំងអស់ ខ្ញុំ​មិនសូវ​យល់​សោះ​»​។ នេះ​ជា​ក្តី​ព្រួយបារម្ភ​របស់​ឪពុកម្តាយ ពាក់ព័ន្ធ​នឹង​កូនស្រី​វ័យ​ជំទង់​អាយុ​១៤​ឆ្នាំ របស់ខ្លួន​ដែល​ចូលចិត្ត​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​រៀងរាល់ថ្ងៃ​។ តំណាល​នៃ​សាច់រឿង​មាន​ដូចតទៅ​៖

 

​ពីមុន​កូន​របស់គាត់ គឺជា​សិស្ស​រៀន​ពូកែ​ម្នាក់ តែ​ចាប់តាំងពី​ចប់​ថ្នាក់​ទី​៩ ចូល​ថ្នាក់​ទី​១០ មក នាង​មានការ​ប្រែប្រួល​ដោយ​ការ​សេពគប់​មិត្តភក្តិ​មិនល្អ ប្រើប្រាស់​ទូរស័ព្ទ «smart phone» លេង​ហ្វេ​ស​ប៊ុ​ក​ជាដើម ឥឡូវ​នាង​មានការ​ប្រែប្រួល​ខុសពី​មុន ដែល​ធ្វើ​ឲ្យ​រូបគាត់​ជា​ម្តាយ មានការ​ខ្វាយខ្វល់​ជាខ្លាំង​។ ដោយសារតែ​ឃើញ​ភាពខុសប្លែក​បែបនេះ អ្នកស្រី​បានសម្រេច​ចិត្ត​ឈប់​ឲ្យ​នាង​ប្រើប្រាស់​ទូរស័ព្ទ​ប្រមាណ​ជា​ពីរ បី​ខែ​មកហើយ តែ​អ្នកស្រី បានដឹងថា នាង​នៅតែ​លួច​ប្រើប្រាស់​ជានិច្ច​។ ករណីនេះ​ប្រហែល​ជាមាន​ច្រើន​ទៀត នៅក្នុង​សង្គម​គ្រួសារ​សព្វថ្ងៃនេះ​។​

 

​នៅពេលដែល​អ៊ីនធឺណិត ឧបករណ៍​បច្ចេកវិទ្យា និង​ស្មា​ត​ហ្វូ​ន បានក្លាយ​ទៅជា​ភាពចាំបាច់​របស់​ក្មេង​ជំទង់ និង​យុវវ័យ វា​បានធ្វើ​ឲ្យ​មាន​ភាពលំបាក​ខ្លះ​ដែរ សម្រាប់​អាណាព្យាបាល​សម័យនេះ ព្រោះ​កាលពី​ជំនាន់​មុន​ពួកគេ​មិន​ស្គាល់​ឡើយ​អ្វីដែល​ហៅថា ហ្វេ​ស​ប៊ុ​ក ឬក៏​អ៊ី​ន​ស្តា​ក្រាម​។ តួយ៉ាង​ដូចជា​អ្នកស្រី​ឌី​ណា​ជាដើម​។​

 

​តាម​គេហទំព័រ (socialmediacambodia.com) ក្នុង​ឆ្នាំ​២០១៥​នេះ ចំនួន​អ្នកប្រើប្រាស់​អ៊ីនធឺណិត​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ចំនួន​៣​លាន​៨​សែន​នាក់ ហើយ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មាន​ចំនួន​១​លាន​៧៦​ម៉ឺន​នាក់ និង​បើ​យោងទៅតាម​ទិន្នន័យ​ដែល​ផ្តល់​ដោយ​គេហទំព័រ​ហ្វេ​ស​ប៊ុ​កនា​ដើមឆ្នាំ​២០១៥ ចំនួន​គណនី​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ដែលមាន​អាយុ​ពី​១៣ ទៅដល់​១៨​ឆ្នាំ នៅក្នុង​ប្រទេស​កម្ពុជា (potential reach) មាន​ចំនួន​៤២ ម៉ឺន​នាក់​ក្នុងនោះ​ស្រី​មាន​ចំនួន ១៨​ម៉ឺន​៤​ពាន់​នាក់​។​ដោយ​ក្នុងនោះ ក្មេង​ជំទង់​វ័យ​១៣ ទៅ​១៦​ឆ្នាំ គឺ​ស្ទើរតែ​ទាំងអស់​មិនបាន​យល់​ឡើយ​ពីអ្វី​ទៅ​ដែល​ហៅថា ភាព​ផ្ទាល់ខ្លួន  (Privacy) តាមរយៈ​ការ​បង្ហោះ​រូបថត​របស់​ពួកគេ​ដែល​ថត​ខ្លួនឯង (Selfie) ជា​ឧទាហរណ៍​។​

 

​ចំពោះ​ឪពុកម្តាយ​សម័យនេះ អ្នកខ្លះ​ចេះ​ប្រើ​ហ្វេ​ស​ប៊ុ​ក តែ​ខ្លះ​គាត់​មិនបាន​ចេះ​ទេ ដោយសារ​កាលពី​សម័យ​គាត់ វា​គ្មាន​ឡើយ​អ៊ីនធឺណិត ដូ​ច្នះ​ពិបាក​ដែរ​សម្រាប់​គាត់​ក្នុង​ការណែនាំ​កូន​ដែល​នៅ​វ័យ​ជំទង់​នោះ ឲ្យ​ចេះ​កំណត់​ការប្រើប្រាស់​របស់ខ្លួន​លើ​បណ្តាញ​សង្គម​នេះ​។​

 

​ជាទូទៅ គេ​ដឹង​ហើយ​ថា ក្មេងៗ​ជំទង់ អាច​នឹងមិន​យល់​ពី​ការវិវឌ្ឍ​នៃ​ពិភពលោក ហើយ​ភាព​វ័យក្មេង​របស់គេ​នេះ ក៏​អាច​នាំ​ឲ្យ​គេ​មិន​យល់​ពី​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​អ៊ីនធឺណិត​ផង ដែរ​។ មិន​ត្រឹមតែ​ក្មេង​ជំទង់​នោះទេ យុវជន​ជាច្រើន​ក៏​នៅ​មិនដឹង​ពី​ការប្រើប្រាស់​អ៊ីនធឺណិត​ឲ្យ​បាន​សមស្រប ដែរ​។ ដូចនេះ ការប្រើប្រាស់​អ៊ីនធឺណិត របស់​ពួកគេ​នាពេល​បច្ចុប្បន្ននេះ ក៏​ត្រូវការ​ការណែនាំ​ពី​អាណាព្យាបាល​ផងដែរ​។​

 

​កម្រិត​នៃ​ការប្រើប្រាស់​បណ្តាញ​សង្គម​របស់​ឪពុកម្តាយ គឺមាន​កម្រិត ដូច្នេះ​ពួកគាត់​មានការ​លំបាក​ខ្លាំង​ដើម្បី​ណែនាំ​ទូន្មាន​កូន​ពី​ការប្រើប្រាស់​បណ្តាញ នេះ​ឲ្យ​បាន​ត្រឹមត្រូវ​។ ប៉ុន្តែ​ការប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក គឺ​មិនអាក្រក់​ទាំងអស់​នោះទេ បើសិនជា​អ្នកប្រើប្រាស់​ចេះ​យល់ដឹង ហើយ​អាច​ទាញ​ប្រយោជន៍​ពី​វា ដោយ​ការទទួល​សេពគប់​តែ​មិត្តភក្តិ​ណា​ដែល​ល្អ ចែករំលែក និង​ទទួល​ព័ត៌មាន​ដែលជា​ចំណេះដឹង​ដល់​ខ្លួន​នោះ​។​

 

​ដោយសារ​មាតាបិតា ជាច្រើន​បាន​ជួបប្រទះ នឹង​បញ្ហា​ខាងលើ យើង​សូម​ណែនាំ​វិធីសាស្ត្រ​មួយចំនួន​ដែល​អ្នកស្រាវជ្រាវ​បាន​រកឃើញ ដើម្បី​មក​អនុវត្ត​ចំពោះ​កូន​ជំទង់ៗ​របស់​អ្នក​នៅពេលដែល​គេង​ប់ង​ល់ និង​ការប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​។​

 

​គាំទ្រ​ពួកគេ ទាំង​អន​ឡាញ និង​ក្នុងសង្គម​ខាងក្រៅ​
​ក្មេង ជំទង់​តែង​ទទួល​ឥទ្ធិពល​ពី​សង្គម​រស់នៅ​របស់​ពួកគេ​។ ពួកម៉ាក ក្លាយជា​មនុស្ស​សំខាន់​របស់​ពួកគេ​។ សម័យនេះ ការជួបជុំ​មិត្តភក្តិ គឺ​ការជួបជុំ​ជជែក​គ្នា​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​

 

​បណ្តាញ សង្គម គឺជា​តម្រូវ​ការចាំបាច់​របស់​ពួកគេ​ទៅហើយ​។​តាមរយៈ​ការ tag​មិត្តភក្តិ ការបញ្ចេញ​យោបល់ (comment) លើ Post និង​ដាក់​បង្ហោះ​រូបថត យុវជន​សម័យនេះ​ហាក់​បាន​ឃ្លាតឆ្ងាយ​បន្តិច​ពី​ទំនាក់ទំនង​ខាងក្រៅ​។​

 

​ម្យ៉ាង ទៀត ការទំនាក់ទំនង​គ្នា​ស្នេហា​តាម​អន​ឡាញ​ក៏​ហាក់​កើនឡើង​ដែរ​។ ក្នុងនោះ ការផ្ញើ​សារ​ផ្អែមល្ហែម​ទៅ​គ្នា​ទៅវិញទៅមក​ក៏មាន​ភាព​សកម្ម​ដែរ នេះ​មិន​គិតពី​ក្មេង​ជំទង់​ខ្លះ​បាន​ផ្ញើ​រូបភាព​ឯកជន​ទៅ​គូ​ស្នេហា​ទៅវិញ ទៅមក​ដែល​យើង​ធ្លាប់​ឃើញ​ជារឿយៗ​ផង​។ ទទ្ទឹម​នឹង​នោះដែរ យើង​ក៏​គួរ​យល់ថា ក្មេង​ជំទង់​ក៏​ងាយ​ប្រឈម​នឹង​បញ្ហា​ស្ត្រេ​ស និង​ងាយ​ប៉ះពាល់​ខាង​ផ្នែក​អារម្មណ៍​ផងដែរ​។​

 

​ដើម្បី​ជា​ជំនួយ​ដល់ ពួកគេ អាណាព្យាបាល​គួរ​ពិភាក្សា និង​បង្កើត​ទំនាក់ទំនង​ល្អជា​មួយ​កូនៗ​របស់គេ​។ ការយល់​ចិត្ត ការប្រឹក្សា​ពី​ទស្សនវិស័យ​វែងឆ្ងាយ និង​ការសន្ទនា​រវាង​គ្នា​ឲ្យ​បាន​ជិតស្និទ្ធ អាចជួយ​ពួកគេ​បាន​ច្រើន បើទោះបីជា​គេ​នៅតែ​អន​ឡាញ​ជាមួយគ្នា​គេ​ក៏ដោយ​។ ឪពុកម្តាយ​គួរ​ពន្យល់​ពួកគេ ពី​ការលេង​ក្នុង​បណ្តាញ​សង្គម​ថា វា​ខុសពី​តថភាព​ជាក់ស្តែង​។ មនុស្ស​អាចមាន​អារម្មណ៍​សប្បាយ​ពេល​លេង​ក្នុង​ហ្វេ​ស​ប៊ុ​កជាង​នៅ​ខាងក្រៅ​។​

 

​ផ្តោតលើ​ការវិវឌ្ឍ​ផ្នែក​សតិបញ្ញា​
​ឪពុកម្តាយ​គួរតែ​ធ្វើយ៉ាងណា​ឲ្យ​កូនៗ​របស់គាត់​មាន​សុវត្ថិភាព​ផង និង​សប្បាយរីករាយ​ផង នៅពេលដែល​គេ​អន​ឡាញ​។​

 

​មាន​អ្នកស្រាវជ្រាវ​ជាច្រើន បាន​បង្ហាញថា អ៊ីនធឺណិត​ធ្វើ​ឲ្យ​មនុស្ស​ឆ្លាត​ជាង​មុន​។ វា​អាចជួយ​ជំរុញ​ភាព​ច្នៃប្រឌិត​ក្នុង​វិស័យ​តន្ត្រី ចម្រៀង និង​សិល្បៈ ក្រាហ្វិក​ជាដើម​។ ធ្វើជា​អាណាព្យាបាល ការគាំទ្រ​ចំណាប់អារម្មណ៍​របស់​ពួកគេ ខណៈ​ជំរុញ​ឲ្យ​ពួកគេ​គិតពិចារណា​វិភាគ និង​សិក្សា​ពីអ្វី​ដែល​គេ​ចូលចិត្ត វា​ក៏​ជាការ​មួយ​ល្អ​ផងដែរ​។​

 

​ជំរុញ​ឲ្យ​ពួកគេ​យល់ដឹង​ដោយ​ខ្លួនឯង​
​ដោយ​ការយកចិត្តទុកដាក់​នៅ​ក្នុង​វ័យ​ចន្លោះ​ពី​១២ ដល់​១៤​ឆ្នាំ ជា​វ័យ​ដែល​ក្មេង​ជំទង់​មានការ​ពិបាក​ទប់ស្កាត់​អារម្មណ៍​របស់ខ្លួន ហើយ​ធ្វើការ​សម្រេចចិត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ណាស់ ដោយសារតែ​ពួកគេ​នៅ​វ័យ​ក្មេងខ្ចី​នៅឡើយ​។​

 

​យ៉ាងណាមិញ ឪពុកម្តាយ អាច​បង្រៀន​ពួកគេ​ពី​របៀប​ពន្យារ​ពេលមុន​នឹង​សម្រេចចិត្ត​លើ​អ្វីមួយ​។ ការធ្វើ​ដូច្នេះ វា​មាន​សារៈសំខាន់​សម្រាប់​ក្មេង​វ័យ​ជំទង់​ជាពិសេស​នៅពេលដែល​ពួកគេ​នៅលើ បណ្តាញ​សង្គម​។ ប្រសិនបើ​ពួកគេ​រៀន​ចេះ​គិតគូរ​ឲ្យ​បាន​ល្អិតល្អន់​មុននឹង​សម្រេចចិត្ត ធ្វើ​អ្វីមួយ នោះគេ​នឹង​អាចធ្វើ​ការថ្លឹងថ្លែង​ពី​ផល​ល្អ និង​ផល​អាក្រក់​នៅពេលដែល​ខ្លួនគេ​កំពុង​ស្ថិតនៅលើ​បណ្តាញ​សង្គម​។​

 

​ផ្តល់​អាទិភាព​ដល់​ទំនាក់ទំនង​ខាងក្រៅ​
​ឪពុកម្តាយ ទាំងឡាយ​គួរ​ដើរតួ​ជា​គំរូ​ដល់​កូនៗ ប្រសិនបើ​លោកអ្នក​ចង់​កម្រិត​ពី​ការប្រើប្រាស់​តិច​ណូ​ឡូ​ជី​របស់​ពួកគេ ហើយ​ងាក​មករក​ការទំនាក់ទំនង​គ្នា​ខាងក្រៅ​វិញ អ្នក​មិនត្រូវ​ឧស្សាហ៍​ឆែក​មើល​ទូរស័ព្ទ​ពេល​នៅ​ជាមួយ​ពួកគេ​នោះទេ ព្រោះ​វា​អាច​ជះឥទ្ធិពល​ដល់​កូន​។​

 

​រកមើល​បញ្ហា និង​ការអន្តរាគមន៍​
​បើ អ្នក​ចង់ដឹងថា តើ​កូនៗ​របស់​អ្នកមាន​បញ្ហា ឬ​អត់ ត្រូវ​យកចិត្តទុកដាក់​ទាំង​នៅក្នុង​ជីវិត​ខាងក្រៅ និង​នៅលើ​អ៊ីនធឺណិត​។ ថា​មិនបាន ពួកគេ​អាច​បញ្ចេញ​អារម្មណ៍​របស់ខ្លួន​តាម​រយៈ អ៊ីនធឺណិត ការ​ញុំ​ា​អាហារ គេង ឬ​អាកប្បកិរិយា​ផ្សេង​។​

 

​អ្នកជំនាញ​ខាង ចិត្តសាស្ត្រ​ពី​សាកលវិទ្យាល័យ​យេ​ល (yale) Robin Stern បានផ្តល់​ដំបូន្មាន​ថា អ្នក​គួរ​ឆ្លើយតប​ទៅ​កូន​វ័យ​ជំទង់​របស់​អ្នក ដោយ​ការយល់​ចិត្ត ឬ​ឳ​ប​គេ​ខណៈដែល​អ្នក​ត្រូវ​គ្រប់គ្រង​ការបារម្ភ និង​ជំនឿ​របស់ខ្លួន​។ បន្ទាប់មក​ប្រើស​ម្តី​ទន់ភ្លន់​ដើម្បី​ឲ្យ​គេ​អាច​បញ្ចេញ​កង្វល់​របស់​គេ ហើយ​ស្វែងរក​ដំណោះស្រាយ​រួមគ្នា​មួយ​។​

 

​អ្នកជំនាញ​រូបនេះ បាន​ណែនាំ​ផងដែរ ថា ឪពុកម្តាយ​គួរ​រកមើល​ពេលវេលា​ល្អ​ដើម្បី​ជជែក​ជាមួយ​កូន​ដោយ​អាច​ចាប់ផ្តើម ដោយ​ទន់ភ្លន់​ថា «​ម៉ាក់ ឬ ប៉ា សង្កេតឃើញ​កូន​ដូចជា​មិន​សប្បាយចិត្ត​សោះ ពេលដែល​កូន​មិន​អន​ឡាញ​»៕

23-9-2015 (1)

 

Leave a Reply

(*) Required, Your email will not be published