រាជធានីភ្នំពេញ : ជាសមាជិកព្រឹទ្ធសភា ហើយជាស្ថាប័នកំពូលរបស់ជាតិ គឺមានន័យថា ជាអ្នកសិក្សាជ្រៅជ្រះ ស្គាល់ខុស ស្គាល់ត្រូវ ចំពោះបញ្ហាដែលកើតមានលើខ្លួន ក៏ដូចជាកើតមានចំពោះដទៃ ដោយត្រូវចេះប្រកាន់ទស្សនៈជីវិត មានសីលធម៌ និងសុជីវធម៌ ក្នុងការរស់នៅ បើទោះបីជាដឹងថាទង្វើនោះជាទង្វើដែលខុស ក៏មិនគួរបំពាននោះដែរ ព្រោះវាធ្វើឲ្យអាប់ឱនកិត្តិយសរបស់ខ្លួននិងសង្គមជាតិ ពិសេសបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិតរបស់ខ្លួនឯងព្រមទាំងរំខានដល់ជីវិតដទៃ។
ដោយប្រជាជនខ្មែរទូទៅបានដឹងហើយថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍គឺបញ្ហាដ៏សែនក្ដៅ ចំពោះសង្គមកម្ពុជាដែលបានសម្លាប់ និងធ្វើឲ្យប្រជាពលរដ្ឋជាច្រើន រងនូវទុក្ខវេទនាខ្លោចផ្សា ដោយអ្នកខ្លះរងរបួសពិការមួយជីវិត អ្នកខ្លះបាត់បង់ជីវិតសាច់ញាតិជាទីស្រឡាញ់ នៅក្នុងក្រុមគ្រួសារ ព្រោះតែការធ្វេសប្រហែសក្នុងការបើកបរមិនគោរពច្បាប់ចរាចរណ៍ ជាពិសេសការបើកបរគ្មានការអនុគ្រោះគ្នា និងគ្មានសុជីវធម៌ ដូចជាការបើកបរបញ្ច្រាសផ្លូវ ដូចបានបង្ហាញក្នុងរូបភាពមួយសន្លឹកនេះយ៉ាងដូច្នេះដែរ។
ដូច្នេះក្នុងនាមជាអ្នកបានសិក្សារៀនសូត្រជ្រៅជ្រះ ដែលសង្គមជាតិបានឲ្យឈ្មោះថាជាបណ្ឌិត ឬជាបញ្ញវន្តនោះ មិនគួរគប្បីចំណាយកិត្តិយស កេរ្តិ៍ឈ្មោះបំពាននូវច្បាប់ និងកេងចំណេញពេលវេលាបន្តិចបន្តួច ដោយមិនខ្វល់ពីសុជីវធម៌នៃការរស់នៅ ដែលអាចធ្វើឲ្យសង្គមជាតិទាំងមូល កើតមានបញ្ហាអាក្រក់នោះឡើយ៕
សូមគោរពច្បាប់ចរាចរទាំងអស់គ្នា ! សូមកុំយកគំរូតាមរថយន្តលោកជំទាវសមាជិកព្រឹទ្ធសភា ដែលមានស្លាកលេខ ព្រឹទ្ធសភា ០៤១ ។ ទង្វើបែបនេះមិនសាកសមនៅស្ថាប័នកំពូលខាងតាក់តែងច្បាប់សោះ ។
Posted by ផែង វណ្ណះ on Friday, November 28, 2014