រាជធានីភ្នំពេញ : មានសត្វព្រៃ តូច ធំ ជាច្រើនប្រភេទ ទាំងសត្វជិតផុតពូជ សត្វមានដោយកម្រ និងសត្វមានដោយបង្គួរ កំពុងរស់នៅយ៉ាងសុខសាន្តក្នុងព្រៃហាមឃាត់ ដែលលាតសន្ធឹងដ៏ធំល្វឹងល្វើយនេះ។ តែបច្ចុប្បន្ននេះសត្វព្រៃគ្រប់ប្រភេទនៅលើទឹកដីមួយនេះអាចឈានទៅរកការរលាយហិនហោចជាមិនខានឡើយ បើសិនជាមិនមានការទប់ស្កាត់ឲ្យបានតឹងរ៉ឹងពីសំណាក់ក្រុមអាជ្ញាធរមានសមត្ថកិច្ចគ្រប់អង្គភាពពាក់ព័ន្ធ។
រឿងនេះវានឹងអាចក្លាយទៅជារឿងអតីតកាលតែប៉ុណ្ណោះ ពីព្រោះសត្វព្រៃដែលជាសត្វកម្រនឹងរលាយផុតពូជចេញពីប្រទេសកម្ពុជា។ នាពេលបច្ចុប្បន្ននេះគេសង្កេតឃើញថា សត្វព្រៃទាំងសត្វតូច សត្វធំ សត្វកម្រត្រូវបានសម្លាប់រង្គាលដោយក្រុមមនុស្ស តាមរយៈការបាញ់ប្រហារ ដាក់អន្ទាក់ ឧបករណ៍ឆក់ និងប្រើប្រាស់គ្រប់រូបភាពល្មើសទៅនឹងច្បាប់ហាមឃាត់ ចរាចរណ៍សាច់សត្វព្រៃ និងធ្វើការជួញដូរសាច់សត្វព្រៃយ៉ាងអនាធិបតេយ្យទៀតផង។ ទង្វើបែបនេះត្រូវបានមហាជនដាក់ការសង្ស័យថា មកពីមន្ត្រីអនុវត្តច្បាប់ទាំងអស់ក្នុងខេត្តនេះមិនអនុវត្តតាមការណែនាំរបស់ថ្នាក់លើ។
ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់នៅតែចាំអត់ភ្លេចទេ រាល់ចំណាត់ការរបស់មន្ត្រីអនុវត្តច្បាប់ ឬជំនាញពាក់ព័ន្ធ ដែលជាមន្ត្រីនគរបាលយុត្តិធម៌នៅតំបន់។ ករណីល្មើសច្បាប់ភាគច្រើន ដែលមន្ត្រីនគរបាលយុត្តិធម៌បានរកឃើញ គឺភាគច្រើនគឺជាករណីអញ្ញត្តិជន ឬចាត់ការដោះលែងស្ងាត់ក៏មាន ដោយមន្ត្រីទាំងនោះយកតួនាទីនិងអំណាចខ្លួនមកប្រើប្រាស់ដោយពុំបានចាត់ការទៅតាមនីតិវិធីរបស់ច្បាប់ឡើយ។
គួររម្លឹកថា កាលនៅឆ្នាំ២០១៣ ក្នុងខែកញ្ញានៅស្រុកកោះញែក ខេត្តមណ្ឌលគិរី មានករណីបាញ់ប្រហារសត្វខ្ទីងញីមានកូននៅក្នុងពោះមួយក្បាលបណ្ដាលឲ្យងាប់ទាំងវេទនាបង្កឡើងដោយក្រុមមនុស្សចំនួន៧នាក់ប្រើប្រាស់កាំភ្លើងបាញ់ប្រហារ ហើយករណីនេះដែរខាងមន្ត្រីនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យ ដែលបានប្រព្រឹត្តចំនួន៧នាក់ក្នុងនោះមានក្មេងប្រុសម្នាក់។ ពេលនោះខាងមន្ទីរបរិស្ថានខេត្តនាំខ្លួនពួកគេមកពីស្រុកកោះញែក យកមកដាក់នៅមន្ទីរបរិស្ថានខេត្ត តែក្រុមមនុស្សទាំងប្រាំពីរនាក់ខាងលើដែលសង្ស័យជាប់ពាក់ព័ន្ធករណីសម្លាប់សត្វខ្ទីងញីមានកូនក្នុងពោះនោះត្រូវបានមន្ទីរបរិស្ថានខេត្តធ្វើការដោះលែងវិញយ៉ាងរំភើយ ដែលមកដល់ពេលនេះមានរយៈពេលជាង២ឆ្នាំហើយ៕