ការគិតគូរពីបញ្ហាសុខភាពគឺជារឿងដ៏សំខាន់សម្រាប់មនុស្សនាពេលបច្ចុប្បន្ន ជាពិសេសយុវវ័យ ពីព្រោះពួកគេជាទំពាំងស្នងឫស្សី ពួកគេជាសសរទ្រូងសម្រាប់គ្រួសារ និងសង្គមជាតិ។ប៉ុន្តែយុវវ័យនាពេលបច្ចុប្បន្នមិនសូវយកចិត្តទុកដាក់ពីបញ្ហាសុខភាពឡើយ។ សម្រាប់យុវវ័យមួយចំនួនបានបណ្តោយខ្លួនឲ្យធ្លាក់ក្នុងស្ថានភាពមួយដូចជា ធ្វើការឆក់ប្លន់ លេងល្បែងស៊ីសង ញៀនស្រា និងជាពិសេសប្រើប្រាស់គ្រឿងញៀន ដែលទាំងអស់នេះបានធ្វើឲ្យបាត់បង់នូវអនាគតដ៏ភ្លឺស្វាងរបស់ពួកគេ។ ដោយមូលហេតុដូច្នេះយុវវ័យគ្រប់រូបត្រូវតែស្វែងយល់ឲ្យបានច្បាស់ពីផលវិបាកនៃការប្រើប្រាស់គ្រឿងញៀន និងវិធីសាស្ត្រជម្នះវា។
តើអ្វីទៅជាគ្រឿងញៀន? គ្រឿងញៀនមានសណ្ឋានដូចម្តេចខ្លះ?
ជាការពិតណាស់គ្រឿងញៀនគឺជារុក្ខជាតិ ឬសារធាតុចម្រាញ់ចេញពីរុក្ខជាតិ ឬសារធាតុគីមីដែលធ្វើឲ្យមានការផ្លាស់ប្តូរនូវមុខងារផ្សេងៗរបស់សារពាង្គកាយមនុស្ស ឬសត្វ ហើយជាពិសេសវាធ្វើឲ្យមានការប្រែប្រួលប្រព័ន្ធសរសៃប្រសាទ និងខួរក្បាលនៅពេលប្រើវា។ គ្រឿងញៀនមានពីរប្រភេទគឺ គ្រឿងញៀនធម្មជាតិ៖ អាភៀន (ផ្កា ផ្លែអាភៀន ជ័រអាភៀនខ្មៅ និងហេរ៉ូអ៊ីនគ្រាប់) កញ្ឆា (ដើម ស្លឹក ជ័រកញ្ឆា និងប្រេងកញ្ឆា) រុក្ខជាតិកូកា និងថ្នាំជក់។គ្រឿងញៀនសំយោគ៖ កូកាអ៊ីនបាស (បានមកពីការបន្ថែមសារធាតុគីមី) អំហ្វេតាមីន និងពពួកមេតំហ្វេតាមីន អ៊ិចស្តាស៊ី កាវ បារី (មានផ្ទុកសារធាតុគីមីជាង ៤០០០ប្រភេទ ហើយធ្វើឲ្យអ្នកជក់ញៀនខ្លាំងដោយជាតិនីកូទីន) និងគ្រឿងស្រវឹង (ទឹកត្នោតជូរ ស្រា ស្រាបៀរ)។ ប្រភេទនៃគ្រឿងញៀនទាំងអស់សុទ្ធតែធ្វើឲ្យមានការ ប៉ះពាល់ដល់សុខភាពរបស់មនុស្សជាខ្លាំងនៅពេលដែលពួកគេបានប្រើប្រាស់វា។
តើការប្រើប្រាស់គ្រឿងញៀនផ្តល់នូវផលប៉ះពាល់ដល់អ្វីខ្លះ?
-ផលប៉ះពាល់ទៅលើបុគ្គលអ្នកប្រើ៖ មានដូចជាប៉ះពាល់ទៅលើសុខភាពផ្លូវកាយ ពោលគឺគ្រឿងញៀនបានជ្រាបចូល ក្នុងសរីរាង្គរបស់មនុស្សមានថ្លើម បេះដូង តម្រងនោម និងសួត ហើយបង្កឲ្យមានជំងឺដោយសារធាតុពុល និងជំងឺឆ្លងផ្សេងៗ រាងកាយ ស្គមស្គាំង ស្លេកស្លាំង មិនងងុយដេក មិនឃ្លានអាហារ និងកម្លាំងចុះថយ។ សម្រាប់ស្ត្រីមានផ្ទៃពោះ ប្រសិនបើប្រើគ្រឿងញៀនអាចមាន ឥទ្ធិពលផ្ទាល់ទៅលើទារកក្នុងផ្ទៃ ទាំងរាងកាយ និងខួរក្បាល។ ហើយប្រសិនបើប្រើម្ជុលសឺរុំាងរួមគ្នាអាចធ្វើឲ្យឆ្លងមេរោគអេដស៍ រលាកថ្លើម ប្រភេទ B C និងជំងឺបូសថ្លើម។ សម្រាប់សុខភាពផ្លូវចិត្ត វាផ្តល់នូវផលប៉ះពាល់ដូចជា សតិស្មារតីមិនប្រក្រតី គ្មានភាពច្បាស់លាស់នូវការឃើញ ស្តាប់ ការចងចាំថយចុះ ឬបាត់បង់តែម្តង កាចសាហាវ ឡប់សតិ ឬឆ្កួតនៅពេលដែលប្រើវាយូរពេក។
-ផលប៉ះពាល់ចំពោះគ្រួសារ ៖ ដូចជា បាត់បង់កិត្តិយស បំផ្លាញទ្រព្យសម្បត្តិគ្រួសារ បង្ករការភ័យខ្លាច អំពើហិង្សា ខាតបង់ថវិការ និងគ្រោះថ្នាក់ដល់គ្រួសារជាដើម។
-ផលប៉ះពាល់ចំពោះសង្គម ៖ មានដូចជា បង្កនូវអំពើអសីលធម៌ផ្សេងៗ (អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងផ្លូវភេទ) គ្រោះថ្នាក់ចរាចរ ប្រព្រឹត្តអំពើឆក់ប្លន់ និងបទឧក្រិដ្ឋផ្សេងៗ រួមទាំងបាត់បង់ធនធានមនុស្សទៀតផង។
តើត្រូវធ្វើដូចម្តេចដើម្បីជម្នះខ្លួនពីការប្រើប្រាស់គ្រឿងញៀន?
ដើម្បីជម្នះឲ្យផុតពីការប្រើប្រាស់គ្រឿងញៀននោះមនុស្សគ្រប់រូប ជាពិសេសយុវវ័យត្រូវធ្វើការសម្រេច ចិត្តឲ្យបានច្បាស់លាស់ និងប្រាកដថាឈប់ប្រើគ្រឿងញៀន ចៀសវាងឲ្យឆ្ងាយពីអ្នកប្រើបាស់គ្រឿងញៀន និងទៅជួបអ្នកផ្តល់ប្រឹក្សា ដើម្បីពិភាក្សាអំពីរបៀបផ្តាច់ការញៀននៅមន្ទីរពេទ្យ ឬមជ្ឈមណ្ឌលផ្តាច់គ្រឿងញៀន។
វិធីការពារខ្លួនកុំឲ្យប្រើប្រាស់គ្រឿងញៀនគឺកុំសាកល្បងនឹងគ្រឿងញៀនសូម្បីតែម្តង ពីព្រោះគ្រឿងញៀនជាសន្ទួចស្ទូចអ្នកឲ្យញៀន កុំសេពគប់មិត្តភក្តិប្រើប្រាស់គ្រឿងញៀន និងចេះជំនាញចរចា បដិសេធនៅពេលមានមិត្តភក្តិអូសទាញឲ្យប្រើប្រាស់គ្រឿងញៀន។មនុស្សគ្រប់រូបត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន!!!

ផលវិបាកនៃការប្រើប្រាស់គ្រឿងញៀន

ផលវិបាកនៃការប្រើប្រាស់គ្រឿងញៀន
អត្ថបទ អង្គការរ៉ាក់