ខេត្តមណ្ឌលគីរី : ជនជាតិព្នងនៅមណ្ឌលគីរី កាលពីបុរាណ បើធៀបនឹងពេលបច្ចុប្បន្ននេះឃើញថា មានការប្រែប្រួលច្រើនគួរឲ្យកត់សម្គាល់តាំងពីផ្ទះសម្បែង និងរបររកស៊ីទទួលទាន ព្រមទាំងទំនៀមទម្លាប់ប្រពៃណីរស់នៅរបស់ខ្លួន។ លំនៅឋានមួយរបស់ជនជាតិព្នងមានរាងដូចស្នូកអណ្តើក ភាសាជនជាតិច្វាញជៃ(ផ្ទះបុរាណព្នង)។ លោកពូជនជាតិព្នងឈ្មោះ វាំ ហ្គើប ភេទប្រុស អាយុ៥២ឆ្នាំរស់នៅភូមិ ពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យបានប្រាប់ថា ផ្ទះគាត់បានបន្សល់ទុកអត្តសញ្ញាណតាំងពីបុរាណមកម្ល៉េះ បើទោះបាក់បែកខ្លះៗក៏ដោយក៏គាត់ខិតខំជួសជុលឡើងវិញសម្រាប់កូនៗ និងចៅ៣ទៅ៤គ្រួសាររស់នៅ។
ផ្ទះបុរាណនេះវាមានភាពងាយស្រួលច្រើនជាងផ្ទះសម័យ ដូចជាផ្ទុក ស្រូវ អង្ករ តម្រៀបពាងស្រាបឺត ងាយស្រួលក្នុងការបង្កាត់ភ្នក់ភ្លើងការពារនៅពេលរដូវត្រជាក់។ គាត់និយាយថាកាលពីបុរាណច្រើនឆ្នាំមកហើយបានឮតៗគ្នាពីឪពុកម្ដាយនិយាយអំពីរបររកស៊ីរបស់គឺបងប្អូនជនជាតិដើមនាំគ្នាចូលព្រៃរកបន្លែផ្លែឈើ ដើម្បីយកមកផ្គត់ផ្គង់គ្រួសាររបស់គាត់ក្នុងនោះមានការបបាញ់សត្វសម្រាប់ធ្វើម្ហូបអាហារផងដែរ។ ក្រៅពីនេះពួកគាត់បាននាំគ្នាដើរក្នុងព្រៃជ្រៅ រករើសស្នែងសត្វងាប់គ្រប់ប្រភេទ ដើរថ្មើរជើងទៅកាន់ខេត្តក្រចេះ ដើម្បីយកស្នែងទាំងនោះទៅដូរយកអំបិល មកចែកចាយបងប្អូននៅក្នុងភូមិ ព្រោះគាត់ថាកាលណោះបងប្អូនជនជាតិមិនចេះលក់ដូរទេ។
នៅមិនឆ្ងាយពីនេះលោក ទើប រ៉ាន្នី ភេទប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិព្នងរស់នៅភូមិ ពូតាំង សង្កាត់ រមនា ក្រុងសែនមនោរម្យ ខេត្ត មណ្ឌលគិរី ដែលជាមន្ត្រីបម្រើការងារបានប្រាប់ថា ការរស់នៅរបស់បងប្អូនជនជាតិបច្ចុប្បន្ននេះ គឺមានការប្រែប្រួលច្រើនជាងមុន ដូចជាពួកគាត់ចេះរកស៊ីទទួលទាន ជាអាជីរករលក់ដូរ រត់តាក់ស៊ី ដាំបន្លែបង្ការផ្សេងៗ ដើម្បីផ្គត់ផ្គង់គ្រួសារបើនិយាយអំពីការប្រែប្រួលសព្វថ្ងៃនេះបងប្អូនជនជាតិសាងសង់ផ្ទះថ្មនិងវីឡាផងដែរការរស់របស់គាត់ដូច បងប្អូនខ្មែរដែរ។
លោក ញ៉ា រ៉ាងចាន់ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី គាត់ជាជនជាតិដើមភាគតិចព្នង បានប្រាប់ឲ្យដឹងថា មកដល់បច្ចុប្បន្ននេះបងប្អូនជនជាតិព្នងនៅមណ្ឌលគីរី មានការយល់ដឹងច្រើនក្នុងនោះក៏មានការប្រែប្រួលច្រើនផងដែរ កាលពីជំនាន់បុរាណជាក់ស្តែងដូចជាពួកគាត់ចេះនាំគ្នាធ្វើការដាំដុះដំណាំអចិន្ត្រៃយ៍ជាច្រើនប្រភេទលក់ដូរផ្គត់ផ្គង់ជីវភាពបំរើការងាររាជការក្រុមហ៊ុន។ល។
ជាពិសេសពួកគាត់យល់ដឹងអំពីការ ថែទាំសុខភាពជាដើម ដូចជាពេលឈឺថ្កាត់ ពួកគាត់ងាកមកស្វែងរកសេវាព្យាបាលនៅមន្ទីរពេទ្យ ខុសពេលមុនពួកគាត់ តែងតែជឿលើការបន់ស្រន់ អារុក្ខអារក្ខ អ្នកតាច្រើនពេកធ្វើឲ្យមានការខាត់បង់ និងជំងឺមិនបានសះស្បើយ ប៉ុន្តែលោកបានបញ្ជាក់ថា ពុំមែនឲ្យពួកគាត់បោះបង់ចោល ជំនឿរបស់ប្រពៃណីដើម របស់ពួកគាត់ទាំងស្រុង នោះទេ៕