គ្រឿងញៀន បំផ្លាញ​សុខភាព​ផ្លូវ​ចិ​ត្ដ​

, , Leave a comment

18-9-2015

​បញ្ហា​គ្រឿងញៀន​ចាប់ផ្ដើម​មាន​វត្ត​មាននៅ​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩០​មកម្ល៉េះ ភាគច្រើន​ក្រោមរូបភាព​ជា​មេ​តំ​ហ្វេ​តា​មីន ឬ​យ៉ាម៉ា​។ ប៉ុន្ដែ​គ្រឿងញៀន​ត្រូវបាន​ប្រើប្រាស់​ជាដំបូង​ក្រោម រូបភាព​ជា​ថ្នាំ​បង្កើន​កម្លាំង​សម្រាប់​អ្នកធ្វើការងារ​ធ្ងន់ និង​អ្នកធ្វើការ​យប់​ដូចជា​អ្នក​កាប់​ឈើ អ្នកនេសាទ អ្នករត់ពន្ធ អ្នកបើកបរ​ជាដើម​។

 

ក្រោយមក​មានការ​នាំចូល​នូវ​គ្រឿងញៀន​ប្រភេទ​នេះ​កាន់តែ​ច្រើនឡើង ដែល​ធ្វើ​ឲ្យ​មានការ​ប្រើប្រាស់​រាលដាល​ពី​អ្នកធ្វើការងារ​ធ្ងន់​ទៅដល់​យុវជន និង​សិស្សសាលា​ទៀតផង​។ ការ​រាលដាល​ដោយសារ​ឈ្មួញ​ជួញដូរ​គ្រឿងញៀន​បាន​បង្កើតជា​បណ្ដាញ​ខ្សែរយៈ​ក្នុងសង្គម​ខ្មែរ​។ ហើយ​វា​បាន​ពង្វក់​យុវជន​ឲ្យ​សេព​គ្រឿងញៀន​ទៅតាម​ការឃោសនា​បញ្ចុះបញ្ចូល​របស់​ខ្សែរយៈ​ជួញដូរ​ដោយ​ឃោសនា​ថា ជា​ថ្នាំ​ធ្វើ​ឲ្យ​សប្បាយ ឬ​បំបាត់ទុក្ខ​។ ជួនកាល​មាន​បងធំ​ចាប់​គម្រាម​ឲ្យ​ប្រើ​តាម​សាលា តាម​ទីសាធារណៈ​ជួនកាល​មេបន​បង្ខំ ឬ​បន្លំ​ដាក់​ឲ្យ​ស្រីរកស៊ីផ្លូវភេទ​ប្រើ​ក្នុង​គោលបំណង​ឲ្យ​អាច​ទទួល​ភ្លៀវ​បាន​ច្រើនដង​កេងប្រវ័ញ្ច​ឲ្យ​អស់​លទ្ធភាព​ពីលើ​ស្ដ្រី​រងគ្រោះ​ទាំងនោះ​។​

 

​មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​ប្រើប្រាស់​គ្រឿងញៀន​
​អ្នកលក់​គ្រឿងញៀន​ដូចជា ស្រា យ៉ាម៉ា ជាដើម​តែងតែ​ធ្វើការ​ឃោសនា​បំភ្លៃ​ថា ជា​គ្រឿង​ជំនួយ​ដល់​សុខភាព​ព្រមទាំង​ឆក់​ឱកាស​ដែល​យុវជន​មាន​កង្វល់​ក្នុងការ​រស់នៅ​។ យុវវ័យ និង​វ័យ​ជំទង់​ងាយ​នឹង​ទទួល​ការ​ខក​ចិ​ត្ដ​ពេល​គេ​ធ្វើ​អ្វីមួយ​មិនបាន​សម្រេច​។

 

​តាម​ការស្រាវជ្រាវ និង​បទពិសោធ ពិនិត្យ​ព្យាបាល​ផ្ទាល់​លើ​អ្នកប្រើប្រាស់​គ្រឿងញៀន​របស់​អ្នកឯកទេស​វិកល​វិទ្យា​បាន​ឲ្យ​ដឹងថា យុវជន​ដែល​ឈានទៅរក​ការប្រើប្រាស់​គ្រឿងញៀន​ដំបូង​ឡើយ ដោយសារ​សា​ម៉ី​ខ្លួន​មាន​បញ្ហា​ផ្លូវ​ចិ​ត្ដ​សង្គម ពិសេស​មានការ​អន់ចិត្ដ​ជាមួយ​មាតាបិតា បងប្អូន មិ​ត្ដ​ភក្ដិ សង្សារ ឬ​មកពី​មាន​ហិង្សា​គ្រួសារ​។ ក្នុងចំណោម​យុវវ័យ​ដែល​លោក​បានធ្វើ​ការព្យាបាល​មាន​ប្រហែលជា​៧០​ភាគរយ​នៃ​អ្នកប្រើប្រាស់​គ្រឿងញៀន ជា​អ្នក​ដែលមាន​បញ្ហា​ផ្លូវ​ចិ​ត្ដ​បណ្ដាលមកពី​ការ​អាក់​អន់ចិត្ដ​នឹង​មាតាបិតា ឬ​អ្នកផ្សេង​ទៀតហើយ​ងាក​ទៅរក​មិ​ត្ដ​ភក្ដិ​ដែល​អាច​រងគ្រោះ​ដោយ​ការប្រើ​គ្រឿងញៀន​។ វ័យ​ជំទង់ ជា​វ័យ​ឆាប់​ជឿ​ទៅលើ​មិ​ត្ដ​ភក្ដិ ព្រោះ​គេ​មាន​វ័យ​ប្រហែល​គ្នា​គេ​មានគំនិត​ដូចគ្នា​មានបំណង និង​ផលប្រយោជន៍​របស់គេ​ដូចគ្នា​។ ការសេព​គប់​មិ​ត្ដ​ជួនកាល​ចំ​មិ​ត្ដ​ភក្ដិ​ល្អ​ជួនកាល​ក៏​មិនល្អ​ផងដែរ​។ ឪពុកម្ដាយ​ខ្លះ​មិន​ជឿ និង​មិនបាន​ពិនិត្យ​កូន​ទេ​នៅពេលដែល​កូន​មាន​អាការ​ធ្ងន់ធ្ងរ​ហើយ​ទើប​ភ្ញាក់ខ្លួន​។​

 

​ប្រភេទ​និង​បញ្ហា​របស់​គ្រឿងញៀន​
​នៅ​ប្រទេស​កម្ពុជា​គ្រឿងញៀន​មាន​ពីរ​ប្រភេទ​សំខាន់ ៖ 

 

-​ប្រភេទ​ទី​១ ៖ គ្រឿងញៀន ខុសច្បាប់ គឺ យ៉ាម៉ា យ៉ា​បា ដែល​សារធាតុ​ពិត​របស់​វា​ជា​មេ​តំ​ហ្វេ​តា​មីន ជា​ថ្នាំ​ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​ខួរក្បាល​កម្រើក​សកម្មភាព​ខ្លាំង ហើយ​បើ​ប្រើ​យូរ​ទៅ​វា​អាច​ឲ្យ​ខូច​ខួរក្បាល​ដែល​មិនអាច​ព្យាបាល​បាន​។​

 

​ប្រភេទ​ទី​២ ៖ គ្រឿងញៀន ស្របច្បាប់ គឺ​បញ្ហា សុរា ដែលជា​គ្រឿងញៀន​ម្យ៉ាងទៀត​ដែរ​ហើយ​ត្រូវបាន​ប្រើប្រាស់​ជាទូទៅ ទាំង​ក្មេង ទាំងចាស់ ទាំងប្រុស ទាំងស្រី​។ ក្នុងករណី​ខ្លះ​គេ​ឃើញ​មាន​យុវជន​មួយចំនួន​ប្រើប្រាស់​សុរា​ជាមួយនឹង​អំ​ហ្វេ​តា​មីន​ចូលគ្នា​។ គេ​យល់ឃើញថា​នៅពេល​ស្រវឹង គេ​ត្រូវ​ប្រើ​ថ្នាំ​អំ​ហ្វេ​តា​មីន​ទៀត ដើម្បី​កុំ​ឲ្យ​គេ​ទន់​ដៃជើង និង​ងងុយ ដែល​អាច​ផឹក​តទៅទៀតបាន​។ អ្នកខ្លះ​ទៀត​គេ​ប្រើ​ថ្នាំ​ងងុយដេក​ប្រភេទ យ៉ា​សឺ​ប៉ា​ម ឬ វ៉ា​ល្យូ​ម ទៀត ដើម្បី​ឲ្យ​ដេកលក់​ពេល​គេ​ប្រើ យ៉ាម៉ា រួច​។​

 

​ប្រសិនបើ​គេ​ធ្វើបែបនេះ​ញឹកញាប់​វា​អាចធ្វើ​ឲ្យ​ញៀន​នឹង​គ្រឿងញៀន​ច្រើន​មុខ​មាន យ៉ាម៉ា​ផង ថ្នាំ​ងុ​យ​ដេក​ផង កញ្ឆា​ផង សុរា​ផង ថែមទាំង​មាន​បារី​ទៀត​។ ប្រសិនបើ​គេ​លេងល្បែង​ទៀត វា​ធ្វើ​ឲ្យ​គេ​ញៀន​នឹង​ល្បែង​នោះ​ថែមទៀត ដែលជា​ទូទៅ​បានធ្វើ ឲ្យ​សិស្ស​ជាច្រើន​បាន​បោះបង់ចោល​ការសិក្សា ហើយ​ខូចអនាគត​។ ពេលខ្លះ​សា​ម៉ី​ខ្លួន​មិន​ចង់​ប្រើប្រាស់​ទេ តែ​នៅពេល​ក្លិន ឬ​ផ្សែង​មក ប៉ះ​ធ្វើ​ឲ្យ​គេ​អត់ទ្រាំ​មិនបាន ឬ​ពេលខ្លះ​មិ​ត្ដ​ភក្ដិ​បបួល​ធ្វើ​ឲ្យ​កើតមាន​ចិ​ត្ដ​ចង់​ឡើងវិញ រហូតដល់​ទ្រាំ​មិនបាន​។​

 

​គ្រោះថ្នាក់​នៃ​គ្រឿងញៀន​ចំពោះ​សុខភាព​ផ្លូវ​ចិ​ត្ដ​
​គ្រឿងញៀន​មាន​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​។ គ្រឿងញៀន​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់ ជាពិសេស​ទៅលើ​ប្រព័ន្ធ​ខួរក្បាល​ដែលជា​ទីបញ្ជាការ​លើ​គំនិត​អារម្មណ៍ សកម្មភាព​ការចងចាំ​ការ​ទប់​អារម្មណ៍ ការ​ភ្ញាក់រ​ឮ​ក សតិសម្បជញ្ញៈ កម្លាំង ប្រាជ្ញា ស្មារតី ការអត់ធ្មត់ រហូតដល់​ពិការ​អស់​មួយជីវិត ព្រមទាំង​រស់នៅក្នុង​សេចក្ដី​ទុក្ខវេទនា​រក​ទីបំផុត​គ្មាន​ទៀតផង​។ ដូចនេះ​ផលប៉ះពាល់​នៃ​គ្រឿងញៀន​អាច​បំផ្លាញ​ប្រជាពលរដ្ឋ​ខ្មែរ​ជាពិសេស យុវជន យុវនារី ដែលជា​កម្លាំង សរសរ​ទ្រូង ឬ​ទំញំង​ស្នង​ឬ​ស្សី​របស់​ប្រទេសជាតិ​សម្រាប់​ការអភិវឌ្ឍន៍​ដោយសារតែ​ផលប៉ះពាល់​ដូច​បាន​រៀបរាប់​ពី​ខាងលើ​។​

 

​គ្រឿងញៀន​ជា​សារធាតុ​ដែល​អាចធ្វើ​ឲ្យ​ប្រព័ន្ធ​ខួរក្បាល​មានដំណើរ​ការ​មិន​ប្រក្រតី​ជួន​មួយរយៈ តែ​ភាគច្រើន​ជា​រៀងរហូត​។ ជា​ផលវិបាក វា​ធ្វើ​ឲ្យ​សកម្មភាព​ការងារ​ប្រចាំថ្ងៃ​ត្រូវ​អន់ថយ ឬ​បាត់បង់​ម្ចាស់​ការមិនអាច​គ្រប់គ្រង​ចិ​ត្ដ​បាន​។ ប្រសិនបើ​គេ​បើកបរ​យានយន្ដ នាំ​ឲ្យ​គេ​ហ៊ាន​បើកបរ​លឿន​ជ្រុល​ហួស​បង្កើត​ការបញ្ជា​ចង្កូត​មិនបាន​ត្រឹមត្រូវ ហើយ​អាច​បង្ក​គ្រោះថ្នាក់​ចរាចរ​ដល់​អាយុជីវិត​ថែមទៀត​។​

 

​គ្រឿងញៀន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ខួរក្បាល ដែល​គ្រប់គ្រង​អារម្មណ៍​ហើយ​បង្ក​ជា​ជំងឺ​វិកលចរិត ជួល​កាល​ធ្វើ​ឲ្យ​លោត ពីលើផ្ទះ​ជាន់​ទី​បី ឬ​ទី​បួន ជួនកាល​ដើរចូល​ឡាន​កំពុង​បើកបរ​យ៉ាង​លឿន​។ ផឹកស្រា​ច្រើន និង​ប្រើ​យ៉ាម៉ា​ច្រើន អាចធ្វើ​ឲ្យ​រវើរវាយ​តែម្នាក់ឯង ចេះតែ​ឮសូរ​សម្លេង​មក​គម្រាមកំហែង​នៅក្នុង​ត្រចៀក ឬ​ក្នុង​ក្បាល សា​ម៉ី​ខ្លួន​ចេះតែ​ស្រែកច្រៀង​ឡូឡា រត់គេច​រក​កន្លែង​ពួន ដោយ​មិនដឹង​ហេតុផល នេះ​គេ​ហៅថា ជំងឺ​វិកល​ច​រិ​ក​បង្កដោយ​គ្រឿងញៀន​។ ជួន​អាច​បណ្ដាល​ឲ្យ​ទៅជា​ជម្ងឺ​ធ្លាក់ទឹក​ចិ​ត្ដ ចេះតែ​ដេក​មិន​លក់ បាយ​មិនបាន អស់កម្លាំង មិន​សប្បាយ​ចិ​ត្ដ និង​ចង់​សម្លាប់ខ្លួន​។ ពេលខ្លះ​គ្រឿងញៀន​ធ្វើ​ឲ្យ​កើត​ជំងឺ​ថប់​អារម្មណ៍ ដែល​សម្ដែង​ដោយ​អាការ​ចេះតែ​ភ័យខ្លាច​យ៉ាងខ្លាំង ដោយ​មិនមាន​ហេតុផល​ណាមួយ​ច្បាស់លាស់​សោះ​។​

 

​លើសពីនេះ វា​នាំ​ឲ្យ​មាន​វិបត្ដិ​អត្ដ​ចរិត​ធ្វើ​ឲ្យ​មនុស្ស​ស្លូត​ក្លាយទៅជា​កាច ចេះ​ភូតកុហក មាន​ល្បិច ហើយ​នៅ​មិន​ស្ងៀម មួយកន្លែង​ដូច​មុន ចេះតែ​ដើរ​ត្រេះត្រុះ ធ្វើការ​មិនកើត​ដោយសារ​គ្រប់គ្រង​ចិ​ត្ដ​លែង​បាន ចេះ​បោកប្រាស់ លួច ឆក់​ជាដើម​។ ជួនកាល រហូតដល់​ប្រ​ព្រឹ​ត្ដ​នូវ​អំពើហិង្សា ឬ​បទឧក្រិដ្ឋ​ទៀតផង ដូចដែល​កន្លងមក​ឃើញ​មាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន​ជារឿយៗ​។​

 

​ទស្សនៈ​អ្នកជំនាញ​
​ដើម្បី​ឲ្យ​ដឹងថា កូន​នោះ​មានការ​ប្រែប្រួល​ផ្លូវ​ចិ​ត្ដ គំនិត អារម្មណ៍ និង​ឥរិយាបថ​យ៉ាងដូចម្ដេចខ្លះ ឪពុកម្ដាយ​គួរ​ឆែក​ការរៀនសូត្រ និង​សៀវភៅ​កូន តើ​បាន​កត់​មេរៀន​ឬ​បាន​ពិន្ទុ​គ្រាន់បើ​ឬទេ​។ ទាំងនេះ​ជា​តឹកតាង​មួយ​ដែល​ជួយ​ឲ្យ​ឪពុកម្ដាយ​ដឹង​ពី​ភិនភាគ ឬ​តម្រុយ​ដែល​ទាក់ទង​នឹង​បញ្ហា​ផ្លូវ​ចិ​ត្ដ ដែល​កូន​របស់ខ្លួន​កំពុងមាន ឬ​ជា​សញ្ញា​បញ្ជាក់ថា កូន​កំពុង​ដើរ​ខុសផ្លូវ ចុះថយ ឬ​បោះបង់ចោល​ការសិក្សា ឬ​លេងល្បែង​ផ្សេងៗ ហើយ​ថែមទាំង​ប្រើប្រាស់​គ្រឿងញៀន​ទៀតផង​។ ឪពុកម្ដាយ​ត្រូវ​មើល និង​រក​ដំណោះស្រាយ​អូសទាញ​កូន​មកវិញ ហើយ​បើ​មានការ​ពិបាក ត្រូវរ​ត់រក​គ្រូ​ឯកទេស​វិកល​វិទ្យា​ជួយ​ព្យាបាល និង​ដោះស្រាយ​។​

 

​សព្វថ្ងៃនេះ រាជរដ្ឋាភិបាល​ក៏ដូចជា​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​គ្រឿងញៀន បាន​ចាត់វិធានការ​ទប់ស្កាត់​យ៉ាងខ្លាំង តាម​ចាប់​អ្នកជួញដូរ​គ្រឿងញៀន ដើម្បី​កុំ​ឲ្យ​មានការ​នាំចូល​គ្រឿងញៀន​មកដល់​ប្រទេស​កម្ពុជា និង​កុំ​ឲ្យ​យុវជន​លង់ខ្លួន​ដែល​មកទល់នឹង​ពេលនេះ មានការ​ចុះថយ​ចំនួន​អ្នកប្រើប្រាស់​គ្រឿងញៀន​ថ្មី មិន​ដូច​កាលពី​ប៉ុន្មាន​ឆ្នាំមុន​នោះទេ​។ នេះ​ដោយសារ​ការបង្ក្រាប​ទាន់ពេល ហើយ​ចំ​លើ​សម្បុក​ធំៗ​៕

18-9-2015 (1) 18-9-2015 (2)

 

Leave a Reply

(*) Required, Your email will not be published