ខេត្តកណ្តាល : បុរសជនជាតិខ្មែរឥស្លាមម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលយុត្តិធម៌ស្រុកមុខកំពូលសហការជាមួយនគរបាលផ្នែកអនុវត្តដីកា នៃស្នងការដ្ឋាននគរបាលខេត្តកំពតចាប់ខ្លួនកាលពីវេលាម៉ោង១៣ និង៤០នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ នៅត្រង់ចំណុចមន្ទីរពេទ្យកម្ពុជាគូវេត ស្ថិតក្នុងភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
ប្រភពពីមន្ត្រីនគរបាលយុត្តិធម៌ស្រុកមុខកំពូលបានឲ្យដឹងថា បុរសជនជាតិខ្មែរឥស្លាមដែលត្រូវបានចាប់ខ្លួននោះមានឈ្មោះ រស់ សាឡាម ហៅ សេន សាឡាម ភេទប្រុស អាយុ៣១ឆ្នាំ ជាបុគ្គលិកមន្ទីរពេទ្យកម្ពុជាគូវេត បច្ចុប្បន្នស្នាក់នៅភូមិបឹងទូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពញ។
ប្រភពដដែលបានបន្តថា បុរសរូបនេះមានដីកាបង្គាប់ឲ្យចាប់-ឃុំខ្លួនលេខ៦៨ ចុះថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៥ របស់លោក តុប ឈុនសុង ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តកំពត ចោទប្រកាន់ពីបទ “ឆបោក” ប្រព្រឹត្តនៅភូមិកំពង់កណ្ដាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣។ បើតាមការឲ្យដឹងពីមន្ត្រីនគរបាលផ្នែកអនុវត្តដីកា នៃស្នងការដ្ឋាននគរបាលខេត្តកំពតបានឲ្យដឹងថា ជនត្រូវចោទឈ្មោះ រស់ សាឡាម បានយកលុយពីឈ្មោះ ឡុង សុវត្តិ ជាជនជាតិខ្មែរឥស្លាមដូចគ្នាចំនួន៥៦១៥០ដុល្លារសហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ នៅភូមិកំពង់កណ្ដាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ដើម្បីទិញសំបុត្រយន្តហោះឲ្យជនជាតិខ្មែរឥស្លាមជាច្រើននាក់ទៀតបានជិះយន្តហោះទៅធ្វើបុណ្យនៅក្រៅប្រទេស។
ប្រភពដដែលបានបន្តថា បន្ទាប់ពីទទួលបានលុយពីជនរងគ្រោះហើយនោះជនត្រូវចោទ និងស្ត្រីជាប្រពន្ធដែលមានឈ្មោះ ហ្វី អាហ្វីយាត់ មិនបានទិញសំបុត្រយន្តហោះឲ្យទៅតំណាងឈ្មោះ ឡុង សុវត្តិ នោះទេថែមទាំងមិនបានប្រគល់លុយឲ្យទៅជនរងគ្រោះវិញ ទើបជនរងគ្រោះសម្រេចចិត្តដាក់ពាក្យបណ្តឹងចូលតុលាការខេត្តកំពត សុំឲ្យជួយអន្តរាគមន៍ចាត់ការតាមច្បាប់។
មន្ត្រីនគរបាលយុត្តិធម៌ស្រុកមុខកំពូលបានបញ្ជាក់ថា ជនត្រូវចោទឈ្មោះ រស់ សាឡាម ហៅសេន សាឡាម ត្រូវបានប្រគល់ទៅឲ្យលោក សេង យ៉េត នាយផ្នែកអនុវត្តដីកា នៃស្នងការដ្ឋាននគរបាលខេត្តកំពតយកទៅចាត់ការបន្តតាមច្បាប់៕