រាជធានីភ្នំពេញ : បច្ចុប្បន្ននេះគេបានមើលឃើញពីសកម្មភាពនៃការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់និងផ្ទុកខុស និងទំហំកំណត់របស់រាជរដ្ឋាភិបាលនៅតាមបណ្តាផ្លូវនានានៅតាមទីជនបទនោះ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំក្រសួងអភិវឌ្ឍន៍ជនបទ បានបើកិច្ចប្រជុំពិភាក្សាមួយ ដើម្បីរកវិធានការទប់ស្កាត់ចំពោះយានយន្តដឹកជញ្ជូនលើសទម្ងន់ទាំងនោះ។ កិច្ចប្រជុំនេះបានធ្វើឡើងនៅសណ្ឋាគារភ្នំពេញក្រោមវត្តមានលោក ជា សុផារ៉ារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទនិងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងផ្នែករដ្ឋនិងវិស័យឯកជនម្ចាស់ជំនួយអង្គការសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធលើបណ្តាញផ្លូវលំជនបទនេះ។ ថ្លែងក្នុងឱកាសនោះ លោកជា សុផារ៉ា មានប្រសាសន៍ថា កិច្ចប្រជុំថ្នាក់ ជាតិនេះ ដើម្បីដាក់វិធានការទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងខុសទំហំលើបណ្តាញផ្លូវជនបទនៃក្នុងប្រទេសកម្ពុជា ។ យានយន្តទាំងដែលផ្ទុកលើសទម្ងន់កំណត់នោះ បានធ្វើឲ្យផ្លូវខូច ខាតយ៉ាងដំណំ ពិសេសគឺដើម្បីធ្វើការណែនាំយានយន្តទំហំធំហួសការកំណត់ដោយច្បាស់ គឺយានយន្តធ្វើការកែច្នៃបន្ថែម។
លោករដ្ឋមន្ត្រីឲ្យដឹងទៀតថាកិច្ចប្រជុំនេះដែរដើម្បីយកមតិភាគីពាកព័ន្ធសម្រាប់ធ្វើការអនុវត្តច្បាប់ស្តីពីការផ្ទុកលើសទម្ងន់កម្រិតកំណត់ និងគោរពតាមអនុសាសន៍របស់សម្តេចតេជោដែលតែងតែក្រើនរំលឹកកុំឲ្យមានដឹកហួសទំហំ និងវិធានការចំពោះយានយន្តទាំងឡាយណា ដែលដឹកហួសទម្ងន់កំណត់ ។
លោក ចាន់ ដារ៉ុង អគ្គនាយកបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទបានលើកឡើង ឲ្យដឹងថា បច្ចុប្បន្នផ្លូវជនបទ មានប្រវែង ៣៩.៨៥៨ គីឡូម៉ែត្រ ក្នុងនោះមានផ្លូវក្រាលកៅស៊ូមួយជាន់ប្រវែង ២៦០ គីឡូម៉ែត្រ និងផ្លូវក្រាល់កៅស៊ូពីរជាន់ ប្រវែង៩៦៣ គីឡូម៉ែត្រ ផ្លូវក្រាល់បេតុងមានប្រវែង ២៧៣គីឡូម៉ែត្រ ផ្លូវក្រាលគ្រោះក្រហមប្រវែង២៣ ៩៣៩ ៨៧គីឡូម៉ែត្រ និងផ្លូវជនបទ កម្រាលផ្សេងៗ ទៀតប្រវែង១៤.៤២៣ ២៩ គីឡូម៉ែត្រ ។ ក្នុងចំណោមបណ្តាញផ្លូវទាំងអស់ក្រសួងអភិវឌ្ឍន៍ជនបទគ្រប់ គ្រងផ្លូវនៅជនបទចំនួន១៣០០ខ្សែ ដែលគិតជាភាគរយស្មើនឹង ៧២ភាគរយ នៃបណ្តាញផ្លូវថ្នល់ទាំងអស់នៅទូទាំងប្រទេស។ ទន្ទឹមនឹងនោះ លោកក៏បានលើកឡើងពីបញ្ហាដែលបណ្តាលឲ្យផ្លូវខូចផ្លូវទាំងនោះគឺបណ្តាលមកពីយានយន្តដឹកហួសទម្ងន់និងមកពីយានយន្តទាំងនោះបានធ្វើការកែច្នៃដើម្បីផ្ទុយទម្ងន់បន្ថែម ។ បញ្ហានេះប្រជាពលរដ្ឋត្រូវចូលរួមធ្វើការទប់ស្កាត់កុំឲ្យយានយន្តទាំងនោះបើកនៅលើកផ្លូវជនបទ ជៀសវាងខូចផ្លូវ។ លើសពីនេះទៀតអាជ្ញាធរត្រូវតែមានវិធានការចំពោះយានដ្ឋានដែលធ្វើការកែច្នៃយានយន្តផ្ទុកហួសទម្ងន់កំណត់។បច្ចុប្បន្នសង្កេតឃើញមានយានដ្ឋានជាច្រើនបានកំពុងតែធ្វើការកែច្នៃយានយន្តឲ្យដឹកបានទម្ងន់ច្រើន។
លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បាន ឲ្យដឹងថា ក្រសួងគម្រោងនឹងពិភាក្សាចំពោះយានយន្ដដែលដឹកលើកទម្ងន់ដែលច្បាប់ហាមឃាត់ព្រោះថាកន្លងមកយានយន្តទាំងនោះបានធ្វើឲ្យផ្លូវខូចជាកក្តាមួយធ្វើឲ្យរដ្ឋាភិបាលចំណាយថវិកាសម្រាប់ធ្វើផ្លូវនោះជាថ្មី ។ លោកថា ក្រសួងបានបង្កើតគណៈកម្មការសម្រាប់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនហួសកំណត់ និងវិធានការសម្រាប់គ្រប់គ្រងយានយន្តទាំងនោះហើយ។ ប៉ុន្តែនៅមានយានយន្តមួយចំនួនមិនបានគោរពច្បាប់ត្រួតពិនិត្យរបស់គណៈកម្មការនោះទេដោយពេលខ្លះឃាត់ហើយក្រោយមកយកទៅ វិញ ហើយនៅតែប្រព្រឹត្តខុសដដែល ។
សូមបញ្ជាក់ថា កិច្ចប្រជុំស្តីពីវិធានការទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់និងខុសទំហំមានការចូលរួមពីតំណាងអភិបាលខេត្តមន្ទីរនិងអង្គការពាក់ព័ន្ធជាច្រើនដើម្បីពិគ្រោះយោបល់រកចំណុចរួម ក្នុងការចាត់វិធានការច្បាប់ ចំពោះយានយន្តណាដែលល្មើស និងច្បាប់ កំណត់៕
រូបថត ៖ ក្រសួងអភិវឌ្ឍន៍ជនបទ(Ministry of Rural Development Cambodia)