តួនាទី​ភរិយា​ចំពោះ​ស្វាមី​

, , Leave a comment

​នាង​ជា​ភរិយា កាលបើ​ស្វាមី​បាន​បំពេញ​នាទី​ចំពោះ​ខ្លួន​ហើយ ក៏​គប្បី​បំពេញ​នូវ​តួនាទី ៥ យ៉ាង ចំពោះ​ស្វាមី​ខ្លួន​វិញ​គឺៈ​

១. ចាត់ចែង​ការងារ​ក្នុងផ្ទះ​ដោយ​ល្អ​ប្រពៃមាន​កិច្ចការ​ចង្ក្រាន ឆ្នាំង មើល​រៀបចំ​ឥ​វ៉ាន់ ទ្រព្យសម្បត្តិ មើល​ខ្ញុំបំរើ​ធ្វើ​ការងារ​។ ល​។ រៀបចំផ្ទះ​សម្បែង​ឲ្យ​រៀបរយ ស្អាតបាត មាន​អនាម័យ គួរ​ចង់​នៅ ដូច​សុភាសិត​ថា " ដំណេក​ដេក​ជា​ខ្នាត ឲ្យ​សំអាត​សំអាង​ជា ទើប​ទេវតា​រក្សា ចំរើន​សុខ​ស្រីសួស្ដី " ។​

 

២. សង្គ្រោះ​ញាតិ​ខាង​ស្វាមី​ដោយ​ល្អ មិន​និយម​តែ​ញាតិ​ខ្លួន រាប់អាន​ដោយ​ស្មើ​។​ ​ខ្មែរ​យើ ង​មាន​ពាក្យ​និយាយថា " ទ្រាំ​ផ្សែងភ្លើង​បាន ទើប​ទ្រាំ​ម៉ែក្មេក​បាន " ។ រឿង​ម៉ែក្មេក​នោះ ជា​រឿង​សំខាន់​ណាស់​សម្រាប់​សង្គម​ខ្មែរ ភាគច្រើន​បែក​ព្រាត់ប្រាស​គ្នា ព្រោះតែ​ម៉ែក្មេក​នេះឯង​។ ខ្ញុំ​បានឮ​ចាស់ៗ​និយាយថា " ប្ដី​ប្រពន្ធ​ត្រូវ​ស្រឡាញ់ ទំនុកបំរុង រក្សា ថែទាំ​ម៉ែក្មេក​របស់ខ្លួន​ឲ្យ​បាន​ច្រើនជាង​ម៉ែ​បង្កើត​របស់ខ្លួន​ទើបបាន​សុខ បើ​ពុំ​នោះទេ បន្តិច​ឮថា ហ៎មេ​នោះ អាហ្នឹង​វា​គិតតែ​សាច់​ខាង​ម៉ែឪ​វា​ទេ​។ ដូច្នេះ ជា​រឿង​សំខាន់​ណាស់​ដែល​នាង​ជា​ភរិយា​ត្រូវ​គិត​សាច់​ខាង​ស្វាមី​ខ្លួន​ឲ្យ​បាន​ដូច នឹង​ខាង​ខ្លួន​។​

 

៣. មិន​ក្បត់ ចិត្តសាវ៉ា មាន​ថ្មី ឬ​ដោយ​ហោចទៅ សូម្បីតែ​គិតថា​នឹងមាន​ថ្មី​។ ក្នុងសង្គម​ភូមិភាគ​អាស៊ី ច្រើនតែ​និយាយថា " ប្រុសៗ​ដូច​មាស​ទឹក ១០ ធ្លាក់​កប់​ភក់ជ្រាំ​យ៉ាងណា លើក​មកវិញ​នៅតែ​ដដែល " ដែលជា​ហេតុ​ឲ្យ​ប្រុសៗ​មាន​ភរិយា​បាន​ច្រើន ឬ​អាចមាន​ក្រៅ​បា នៅពេលដែល​ស្រី​ត្រូវមាន​ភក្ដីភាព​ចំពោះ​ស្វាមី​ដដែល​។ រឿងនេះ​ពិបាក​ណាស់ ព្រោះ​ជា​រឿង​ការនិយម​នៅក្នុង​សង្គម ថ្វីដ្បិតតែ​នៅក្នុង​ច្បាប់​ត្រូវមាន​ភរិយា ឬ​ស្វាមី​តែ ១ ក៏ដោយ​។​

 

៤. រក្សាទ្រព្យ​សម្បត្តិ ដែល​ស្វាមី​រកបាន​មក​ឲ្យ​គង់វង្ស មិន​ខ្ជះខ្ជាយ ធ្វេសប្រហែស ឬ​ចាយវាយ​ស្រេច​តែ​នឹង​ចិត្ត ដោយ​ពុំបាន​សាកសួរ​ស្វាមី​។ ស្រី​ត្រូវ​ចេះ​ពាក្យ​ថា " អស់​ហេះ​នៅឡើយ អស់ហើយ​នៅ​បន្តិច " និង​ត្រូវ​ចេះ​ពាក្យបុរាណ​ថា " ខ្លែង​ហើរ​ដ្បិត​ខ្យល់ នាយ​ថ្កើង​ដ្បិត​ពល រក្សា​ឲ្យ​សុខ​ទ្រព្យ​គង់​ដ្បិត​ស្រី ចេះ​សំចៃ​ទុក ផ្ទះ​ធំ​ស្រណុក ដ្បិត​ប្រពន្ធ​ជា "​។​

 

៥. មិន​ខ្ជិលច្រអូស​នឹង​កិច្ចការ​ទាំងពួង ដៃ​នៅ​មិន​ស្ងៀម ព្រោះ​ខ្លួន​មាន​នាទី​ជា " មេផ្ទះ " ។ សុភាសិត​ខ្មែរ​យើង​ពោលថា " គោ​លឿន​សឹក​ក ស្រី​ល្អ​សឹក​គូថ "​។ ត្រង់នេះ​មានន័យថា សឹង​សា​រ៉ុង ឬ​ក្បិន​ប៉ែក​ខាងក្រោយ ព្រោះ​ត្រូវ​រំកិល​ក្នុងការ​ត្បាញ​រវៃ បោសច្រាស យូរៗ​ទៅ​ក៏​សឹក​ខាង​គូថ​អស់​។ ដែល​អធិប្បាយ​មកហើយ​នេះ សម្រាប់​គូ​ស្វាមី ភរិយា​ណា ដែល​នៅ​ដាច់​តែឯង បែក​ផ្ទះសម្បែង​ពី​ម្ដាយ ឪពុក កវែក ក​ឆ្នាំង​ខ្លួនឯង និង​សម្រាប់​គូ​ស្វាមី ភរិយា​ដែល​ស្វាមី​ត្រូវ​មក​នូវ​ខាង​ភរិយា គឺ​នៅផ្ទះ​ខាង​ស្រី​៕

17-9-2015

 

Leave a Reply

(*) Required, Your email will not be published