«ក្មេងក្មាង» ក្មាងជាពាក្យខ្មែរមនបានសេចក្ដីថា ក្មេង ។ ដោយខ្មែរយើងតាំងពីបុរាណកាលមក មានជាប់ពូជពង្សលាយគ្នាជាមួយសាសន៍មន បានជាយើងមានទម្លាប់ប្រើពាក្យក្មេង និងក្មាងភ្ជាប់ជាគូដើម្បីថា ក្មេង-ក្មាង ។ បើយើងធ្វើអត្ថាធិប្បាយឲ្យវែងជាងនេះបន្តិចទៅទៀត យើងឃើញថា ពាក្យ «ក្មាង» នេះយើងអាចយកមកប្រើជាបរិវារស័ព្ទនៃពាក្យក្មេងដើម្បីបង្ហាញថា «ក្មាងអ្នកជិតខេង» ប្រែមកថា «ក្មេងអ្នកជិតខាង» ព្រោះខ្មែរយើងច្រើននិយាយថា ក្មេងក្មាងមកពីណា មកលេងទីនេះក៏ច្រើនម្ល៉េះ ? រឿងនេះ ក្មេងកូនចៅយើងក្ដី ក្មេងកូនចៅអ្នកស្រុកជិតខាងក្ដី ដែលមករត់លេងជាមួយគ្នានោះ ទាល់តែក្មេងទាំងនោះចេះស្គាល់គ្នាជាមិត្តភក្ដិជាអាទិ នៅជិតខាងគ្នា ទើបរួមលេងជាមួយគ្នាបាន ។ ដូច្នេះហើយបានជាយើងយកពាក្យ ក្មេងក្មាង មកជំនួសក្មេងៗទៅវិញ ។