ខេត្តកំពងៈឆ្នាំង : តាចាស់តណ្ហាក្រាស់ម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីទទួលពាក្យបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះ ពាក់ព័ន្ធករណីចាប់រំលោភចៅស្រីជីដូនមួយរហូតបានសម្រេច ។ ការឃាត់ខ្លួនជនសង្ស័យ បានធ្វើឡើង កាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ នៅភូមិជើងខ្នារ ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះ ឈ្មោះអ៊ុត ភឿន ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះអាយុ៨ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើដែរ។
បើតាមការរៀបរាប់របស់ក្មេងស្រីរងគ្រោះ បានប្រាប់សមត្ថកិច្ចថា រូបនាងមិនបានចាំថ្ងៃខែ ដែលជីតារបស់នាងចាប់រំលោភនោះទេ ដោយគ្រាន់តែដឹងថា ជីតារបស់នាង បានលួងលោមចាប់រំលោភនាងនៅលើគ្រែក្នុងផ្ទះរហូតបានសម្រេច៥ដង ដែលមានរយៈពេលជាយូរថ្ងៃមកហើយ ក្នុងអំឡុងពេលដែលម្តាយ និងឪពុករបស់នាងមិននៅ ទៅធ្វើជាកម្មករដាំដំឡូង នៅខេត្តស្ទឹងត្រែង។
មូលហេតុដែលបែកការណ៍សមត្ថកិច្ចបញ្ជាក់ថា ជីតានេះចាប់រំលោភចៅស្រីជីដូនមួយនេះគឺ ឈ្មោះឡាច វុត្ថា ដែលត្រូវជាម្តាយក្មេងស្រីរងគ្រោះបានមកលេងផ្ទះ និងឃើញសភាពកូនស្រីមិនស្រួល ហើយក្មេងស្រីរងគ្រោះ បានពោលប្រាប់ម្តាយថា រមាស់ត្រង់ប្រដាប់ភេទ ហើយម្តាយបានមើល និងបានលោមសួរក្មេងស្រីរងគ្រោះ។ ពេលនោះ ក្មេងស្រីរងគ្រោះ បានប្រាប់ថា ជីតាឈ្មោះ អ៊ុត ភឿន បានចាប់រំលោភនាង នៅលើគ្រែ ក្នុងផ្ទះ រហូតបានសម្រេច។
ក្រោយពីដឹងរឿងហេតុនេះ ម្តាយនិងឪពុក បានដាក់ពាក្យប្តឹង ទៅសមត្ថកិច្ច ហើយសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យតែម្តង នៅល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥។ សមត្ថកិច្ចនគរបាលស្រុកបរិបូរណ៍ បានកសាងសំណុំរឿង បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕