ប្រវត្តិ​នំ​បញ្ចុក

, , Leave a comment

16-9-2015

​ប្រិយមិត្ត​ពិតជា​ធ្លាប់​ពិសា​ហើយ​នូវ​ប្រភេទ​នំ​ម្យ៉ាង​ឈ្មោះថា នំ​បញ្ចុក ហើយក៏​អាច​ថា​ញ៉ាំ​ញឹកញាប់​ទៀតផង តើ​ប្រិយមិត្ត​ធ្លាប់បាន​ស្តាប់​រឿងព្រេង​ទាក់ទង​នឹង​នំ​បញ្ចុក​ដែរ ឬទេ​? ហេតុអ្វី​ខ្មែរយើង​ហៅថា​នំ​បញ្ចុក​? 

 

​ការហៅ​ឈ្មោះ​នំ តាម​បវេណី​រស់នៅ ៖ នំ​បញ្ចុក​មានឈ្មោះ​ដើម​ថា នំ​ប៉ែន​ចុក គឺជា​នំ​ដែល​គេ​យក​ម្សៅ​សម្រស់​ទៅ​ស្ងោរ ហើយ​បុក​លាយ​ទឹក​រួច​យកទៅ​ច្រក​ក្នុង​ប៉ែន​ទើប​យក​ស្នូលឈើ ចុក​សង្កត់ ដើម្បី​រោយ​ទម្លាក់​ជា​សរសៃ​ក្នុង​ទឹក​ពុះ​ឲ្យ​ឆ្អិន​បន្ទាប់មក​គេ​ស្រង់​ចាប់​ជា​ចង្វាយៗ ដាក់​ជាល ឬ​កញ្ច្រែង ទុក​ឲ្យ​ស្រស់ទឹក​។ ក្រោយមក​គេ​ហៅ​កាត់ៗ​ថា នំ​បញ្ចុក មិន​ខុស​អី​ពី​ពាក្យ​ខ្មែរ​ជាច្រើន ដោយបាន​ហៅ​កាត់ៗ ដូចជា ជើងក្រាន ក្លាយ ចង្ក្រាន​, ជាន់​ដើរ ក្លាយ​ជណ្តើរ​, កាន់​ជ្រែង ក្លាយ​កញ្ច្រែង​, កាន់​ត្រក ក្លាយ កន្ត្រក​, ពីរ​ថែម​ដប់ ក្លាយ​ពីរ​ដណ្តប់​។​ល​។​

 

​តាម​រឿងព្រេង​និទាន​ដែល​ទាក់ទង​នឹង​ប្រវត្តិ​នំ​បញ្ចុក មាន​សេចក្តី​ដំណាល​ថា នៅ​នគរ​ធា​រា​ធិបតី (​សព្វ​ថ្ងៃជា​តំបន់​ទន្លេសាប​) មាន​អ្នកស្រែ​ពីរ​នាក់​ប្តី​ប្រពន្ធ ធ្វើស្រែ​ស្រូវ​វារ​ចិញ្ចឹមជីវិត ព្រោះ​គាត់​រស់នៅ​តំបន់​ទឹក​លិច មិនអាច​ដាំ​ដំណាំ​ស្រូវ​ល្អ ដូច​គេ​ដទៃទៀត​បាន​។ ស្រូវ​វារ ជា​ស្រូវ​ដែល​ផ្តល់​អង្ក​របាយ​រឹង មាន​ពណ៌​ក្រហម​ទ្រង់​ផ្កាឈូក​បន្តិច ពេល​បុក​សម្រិត​រួចហើយ​។ ដោយសារ​អង្ករ​នោះ រឹង​ពេក ដាំបាយ​ឆី​មិនសូវ​ឆ្ងាញ់ អ្នកស្រែ​ក៏​បែកគំនិត​ធ្វើជា​នំ​ឲ្យ​មាន​ជាតិ​ទន់​បន្តិច ដើម្បី​បរិភោគ​ស្រួល​ទំពារ ណាមួយ​នៅ​តំបន់​ដែល​គាត់​រស់នៅ​សំបូរ​ត្រី​ផង ទើប​នាំគ្នា​ប្តី​ប្រពន្ធ​បង់​ត្រី​មក​ធ្វើជា​ប្រហុក ធ្វើ​ត្រីឆ្អើរ រក្សាទុក​បានយូរ សម្រាប់​ឆី​ជា​អាហារ​។ ម្យ៉ាង​អង្ករ​ស្រូវ​វារ ជា​អង្ករ​ដែល​អ្នកស្រែ អាច​យកមក​ធ្វើជា​នំ​បញ្ចុក បានល្អ ហើយ​បាន​ច្រើន​ចំនួន​ជាង​អង្ករ​ស្រូវ​ស្រែ​ធម្មតា​ទៀតផង​។​

 

​ថ្ងៃមួយ នា​រដូវប្រាំង ទំនេរ​ពី​ការងារ​នៅ​ស្រែ អ្នកស្រែ​ជា​ប្រពន្ធ បាន​បុក​អង្ករ​ស្រូវ​វារ បាន​បែកគំនិត​យក​អង្ករ​ស្រូវ​វារ ធ្វើជា​នំ​សរសៃ ចាប់​ជា​ចង្វាយ រួច​ហើយក៏​ស្រូប​នឹង​ទឹក​សម្លប្រហើរ​ត្រីឆ្អើរ ដាក់​ប្រហុក ខ្ទិះដូង ថែម​ល្បោយ​បន្លែ ដែល​គាត់​បេះ​បាន​នៅតាម​វាលស្រែ ឬ​ក្នុង​ចំការ​ក្រោយ​ផ្ទះ​។ លុះ​អ្នកស្រែ​ជា​ប្តី​ពិសា​រហើយ​កើត​ជំងឺ​រាគរូស ព្រោះ​នំ​បញ្ចុក​នោះ ធ្វើ​អំពី​អង្ករ​ត្រាំ​ទឹក​យូរ មួយវិញទៀត ដោយសារ​បន្លែស្រស់​ខ្លះ​បេះ​ពី​ព្រៃ​មាន​ជីវជាតិ​ជូរ ឬ​ត្រជាក់ ដូចជា ល្ហុង ត្រួយ​ត្រកួន​ស្រស់ ត្រួយ​ក​ន្ធំ​ធេ​ត ផ្កា​កំ​ប៉ោក ផ្កាស្នោ​ជាដើម ទើប​អ្នកស្រែ​ជា​ប្រពន្ធ បែកគំនិត បន្ថែម​ត្រយូងចេក ជា​ជំនួយ ជា​ល្បោយ​នំ ពិសា​ហើយ ក៏​លែង​រាគរូស​ដូច​មុន​ទៀត​។ គាត់​បាន​ប្រតិស្ឋ​នាម ឲ្យ​នំ​នោះ​ថា នំ​សរសៃ​ស្រូវ​វារ​។ នៅពេលដែល​អ្នកស្រែ​យើង ធ្វើ​នំ​សរសៃ​ស្រូវ​វារ​នេះ​ម្តងៗ គាត់​តែង​យក​ម្រាមដៃ ជា​ច​ង្កើះ ស្រវា​ចាប់​នំ​បរិភោគ បញ្ចុក​មាត់​ជា​ទម្លាប់​ធម្មតា តាម​ជីវភាព​រស់នៅ​បែប​អ្នកស្រែ​ក្រីក្រ ហើយ​តែង​ដួស​ផ្ញើ​ញាតិសន្តាន ក្នុងភូមិ​ឲ្យ​ពិសា​ឆ្ងាញ់​មាត់​គ្រប់គ្នា មិនសូវ​លោះ​ពេល​។ លុះ​ភ្លក្ស​ស្នាដៃ​របស់គាត់​ហើយ ឃើញថា​ឆ្ងាញ់ អ្នកស្រុក​ក៏បាន​មកសុំ​រៀន​ក្បួន​ធ្វើ​នំ និង​ក្បួន​ធ្វើ​ទឹកស​ម្ល​ស្រូប​ពី​គាត់ ដើម្បី​យកទៅ​ផ្សំ​ឆ្នៃ​ធ្វើ​ទឹកស​ម្ល កំដរ​នំ​ឆី​តាម​ផ្ទះ តាម​ភូមិ តាម​ចំណូលចិត្ត រៀងៗ​ខ្លួន​ជា​បន្តៗ​រៀងមក​។​

 

​លុះ​ចាស់ជរា​បន្តិច​ទៅ អ្នកស្រែ​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ មិនអាច​ប្រក​បរបរ​ធ្វើស្រែ​បាន ព្រោះ​គ្មាន​កូនចៅ បន្តការងារ​ក្នុង​ស្រែ​ជំនួស​គាត់ អ្នកស្រែ​ទាំងពីរ ក៏​ដូរ​មុខរបរ មក​រែក​នំ​លក់​នំ​បញ្ចុក លក់​តាម​ភូមិ​តិចតួច ដើម្បី​ចិញ្ចឹមជីវិត​រៀងរាល់ថ្ងៃ តាម​ដំណើរ​ជីវិត​សុចរិត​របស់គាត់​។ នៅ​ថ្ងៃមួយ មាន​រាជកុមារ​វ័យ​ប្រមាណ ៧​វស្សា នាំ​ពល​សេនា ជិះសេះ​ដើរលេង នៅតាម​ស្រុកភូមិ បាន​ប្រទះឃើញ អ្នកស្រុក​ចោមរោម អ្នកស្រែ​លក់​នំ​សរ​សែ​ស្រូវ​វារ ហើយ​អួតថា​ឆ្ងាញ់​មាត់​គ្រប់គ្នា ក៏​ចង់​សាកមើល​នឹង​គេ​ដែរ​។ តែ​ដោយ​តំបន់​នោះ មាន​ភាពក្រីក្រ គេ​ឆី​នំ​សរ​សែ​ស្រូវ​វារ នឹង​ម្រាមដៃ​គ្រប់ៗ​គ្នា ម្ល៉ោះហើយ​រាជកុមារ​ក៏​ប្រែចិត្ត​រារែក មិន​ហ៊ាន​សាកល្បង ព្រោះ​ខ្លាច​ប្រឡាក់​ដៃ​។ រីឯ​អ្នកស្រែ​ទាំងពីរ កាលបើ​បានដឹងថា រាជកុមារ ចង់​សោយ​នំ​របស់ខ្លួន ក៏​ទូល​សុំ​ឲ្យ​ស្នំ​ឯក ដែលជា​មេដោះ របស់​រាជកុមារ យកដៃ​ចាប់​នំ​សរសៃ​ស្រូវ​វារ បញ្ចុក​រាជកុមារ​យើង​។ ដោយ​ការ​ចង់ដឹង នូវ​រសជាតិ​សម្ល​ដ៏​សែន​ឈ្ងុយ​ឈ្ងប់​ប្លែក​ធម្មតា រាជកុមារ​ក៏​យល់ព្រម​ឲ្យ​ស្នំ​ឯក​បញ្ចុក​។ ពេលនេះ រាជកុមារ​យើង ក៏មាន​សេចក្តីសោមនស្ស​នឹង​រស​ជាតិ នំ​សរសៃ​ស្រូវ​វារ ដ៏​ឆ្ងាញ់​មួយ​ចាន​នោះ​ក្រៃលែង ព្រមទាំង​ប្រទាន​រង្វាន់​មួយចំនួន​ដល់​អ្នកស្រែ​ដែល​ធ្វើ​នំ​ឆ្ងាញ់​។​

 

​នៅពេល រាជកុមារ យាង​ត្រឡប់​ទៅ​រាជវាំង​វិញ ក៏​តែង​ទទូច​ឲ្យ​ព្រះ​មាតា តាមរក​ទិញ «​នំ​ដែល​ស្នំ​បញ្ចុក​» នោះ​ពី​អ្នកស្រែ យកមក​សោយ​នៅក្នុង​រាជវាំង​។ ដោយសារ​ខ្ជិល​ដេញ​ស្នំ ឲ្យ​រត់​ទៅ​ទិញ​នំ ពី​អ្នកស្រែ រៀងរាល់​ព្រឹក​ឲ្យ​រាជបុត្រ ជាទី​ស្រឡាញ់ ព្រះរាជ​មាតា​ក៏​បញ្ជា​ឲ្យ​សេនា​ទៅ​គាស់​ហៅ អ្នកស្រែ​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ មក​ធ្វើ​នំ​សម្រាប់​រាជកុមារ​សោយ​ប្រចាំ​រាជវាំង​រៀងរហូត​ទៅ​។ ចំណេរ​តម​ក ឈ្មោះ «​នំ​សរសៃ​ស្រូវ​វារ​» ក៏​លែងមាន​នរណា​ហៅ​តទៅទៀត​ដែរ​។ គេ​ទម្លាប់​នាំគ្នា ហៅថា «​នំ​ដែល​ស្នំ​បញ្ចុក​» ជា​ជំនួស​វិញ យ៉ាង​ប្រជាប្រិយ យូរ​ក្រោយមកទៀត ក៏ត្រូវ​គេ​ហៅ​កាត់ៗ ខ្លីៗ​ថា «​នំ​បញ្ចុក​» បន្ត​រៀងរហូត​មកដល់​សព្វ​ថ្ងៃនេះ​៕ 

16-9-2015 (1) 16-9-2015 (2)

​ប្រភពពី​៖ អ្នកស្រី កែវ ច័ន្ទបូរណ៍​

 

Leave a Reply

(*) Required, Your email will not be published