ខេត្តក្រចេះ : កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ អាជ្ញាធរស្រុកព្រែកប្រសព្វសម្រេចចាប់ផ្សឹក និងឃាត់ខ្លួនអតីតសង្ឃមួយអង្គ បន្ទាប់ពីទទួលពាក្យបណ្តឹងពីក្រុងគ្រួសារជនរងគ្រោះពាក់ព័ន្ធករណីចាប់រំលោភសេពសន្ថវៈលើក្មេងស្រីវ័យអនីតិជនបានសម្រេចនៅលើផ្ទះខាងក្រោយវត្តមួយក្នុងឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យជាសង្ឃដែលដែលរងការចោទនេះឈ្មោះ ណែម ប៊ុនណាង អាយុ២០ឆ្នាំ និងបានបួសរៀនជាសង្ឃគង់នៅវត្តមួយក្នុងឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ និងក៏ត្រូវបានអាជ្ញាធរចាប់ផ្សឹកនាំខ្លួនមកទទួលទោសភ្លាមៗ។ បន្ទាប់ពីមានការចាប់ផ្សឹក និងឃាត់ខ្លួន នគរបាលកំពុងតែបន្តតិនិវិធីសាកសួរ និងបញ្ជូនខ្លួនទៅស្នងការដ្ឋាន។ ការសម្រេចចាប់ផ្សឹក និងឃាត់ខ្លួនសង្ឃអង្គនេះពីសំណាក់អាជ្ញាធរ បានធ្វើឡើងក្រោយពីមានពាក្យបណ្តឹងរបស់ក្រុមគ្រួសារក្មេងស្រីរងគ្រោះ រស់នៅក្នុងឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ បានមកប្តឹងនគរបាលប៉ុស្តិ៍រដ្ឋបាលតាម៉ៅ ដែលសង្ឃអង្គនេះចាប់រំលោភជនរងគ្រោះ រហូតបានសម្រេចនៅលើផ្ទះក្បែរវត្ត កាលពីយប់ថ្ងៃទី១៣ ខែកញ្ញា។
សមត្ថកិច្ចស្រុកព្រែកប្រសព្វបានឲ្យដឹងថា កាលពីយប់ថ្ងៃទី១៣ កញ្ញា សង្ឃអង្គនេះបានដោះស្បងចីវរ ស្លៀកសំលៀកបំពាក់ និងបានដើរសំដៅទៅផ្ទះក្មេងស្រីរងគ្រោះមានចម្ងាយជិតមួយគីឡូម៉ែត្រពីវត្ត។ ពេលទៅដល់បន្ទប់សង្ឃនេះបានគោះទ្វារផ្ទះ ហើយក្មេងស្រីរងគ្រោះបានបើកទ្វារឲ្យចូលរួចក៏បានធ្វើសកម្មភាពរំលោភនាងនៅលើផ្ទះរហូតបានសម្រេច។ បន្ទាប់ពីធ្វើសកម្មភាពរំលោភភ្លាមៗនោះ ក៏មានស្ត្រីម្នាក់ដែលជាបងរបស់ក្មេងស្រីរងគ្រោះនៅផ្ទះក្បែរនោះបានស្រែកហៅក្មេងស្រីរងគ្រោះ ហើយជនសង្ស័យជាសង្ឃនេះភ័យស្លន់ស្លោបានលោតចុះពីលើផ្ទះចុះមកដី និងរត់សំដៅមកវត្តបន្សល់ទុកតែសំលៀកបំពាក់មួយចំនួនចោលលើផ្ទះរបស់ក្មេងស្រី។
ក្រោយពីរឿងនេះបានបែកធ្លាយនៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ក្មេងស្រីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាល ទើបប៉ូលិសជាមួយនិងអាជ្ញាធរមូលដ្ឋានមានវិធានការចំពោះសង្ឃអង្គនេះភ្លាមៗ។ យ៉ាងណាក៏ដោយបើតាមប្រភពព័ត៌មានមួយចំនួនបានឲ្យដឹងថា កន្លងមកក្មេងស្រីរងគ្រោះធ្លាប់មានទំនាក់ទំនងជាមួយសង្ឃអង្គនេះរយៈពេលយូរមកហើយ តែមិនដឹងថា ធ្លាប់មានមេត្រីភាពជាមួយគ្នា ឬយ៉ាងណានោះទេ ហើយការមកប្តឹងឲ្យចាប់ខ្លួនសង្ឃអង្គនេះ គឺធ្វើឡើងក្រោយពីរឿងនេះបានបែកធ្លាយ៕