អត្ថបទមុនយើងបានចុះផ្សាយម្ដងមកហើយអំពីទស្សនៈអំពីមូលហេតុដែលអប្សរាខ្មែរមិនមានស្លៀកពាក់អាវ ឥឡូវនេះសូមមើលអត្ថបទថ្មីមួយទៀតដែលនិយាយអំពីប្រវត្តនៃការស្លៀកពាក់សំពុតវិញម្ដង។ យោងតាមកំណត់ហេតុរបស់លោក កាំង ថៃ និង យូ ជិន (ជនជាតិចិន) នាពាក់កណ្តាលស.វ ទី៣ នៃគ.ស ស្តីពីហ្វូណន ដែលជារដ្ឋខ្មែរដំបូងបង្អស់ គឺព្រះបាទហ៊ុនទៀន ឬកៅណ្ឌិន្យ ដែលមកពីឥណ្ឌាបានបង្រៀនស្ត្រីខ្មែរ គឺនាងលីវយី ឲ្យចេះស្លៀកពាក់សំពត់។ ព្រោះថា តាំងពីដើមមកស្ត្រីខ្មែរដែលស្ថិតក្នុងអម្បូរមន-ខ្មែរ ស្រាតននល ហើយនេះជាមូលហេតុដែលបាននាំឲ្យអ្នកនិពន្ធខ្លះជឿថា ទស្សននេះពិតជាត្រឹមត្រូវ។
សូមជម្រាបថា ចំណេះដឹងខាងវប្បធម៌ខ្មែរបុរាណ គួបផ្សំនឹងរបកគំហើញខាងបុរាណវិទ្យា ពោលគឺកម្រិតសមត្ថភាពនៅពេលបច្ចុប្បន្ន អាចធ្វើឲ្យយើងដឹងច្បាស់អំពីលក្ខណៈវប្បធម៌នាសម័យមុនឥណ្ឌូ រូបនីយកម្ម (Cf. ម.ត្រាណេ អំពីប្រភពវប្បធម៌ខ្មែរ, ២០០៨, ភ្នំពេញ) និងក្រោមព្រឹត្តិការណ៍នេះបន្តិច ពោលគឺសម័យវប្បធម៌ហ្វូណន ដែលផ្តើមឡើងនៅស.វទី១នៃគ.ស។
បើនិយាយម្យ៉ាងទៀតការអះអាងខាងលើ មិនពេញលេញត្រឹមត្រូវទេ ព្រោះថា គេមិនបានបែងចែកឲ្យបានច្បាស់លាស់អំពីសមាសធាតុវប្បធម៌ខ្មែរ និងឥណ្ឌាដែលក្នុងនោះសម្លៀកបំពាក់ជាផ្នែកមួយយ៉ាងសំខាន់នៃខឿនវប្បធម៌ រូបីយរបស់អម្បូរមន-ខ្មែរ។ មានន័យថាការសង្កេតរបស់ កាំង ថៃ និង យូ ជីន ប្រកបដោយភាពខ្វះខាតមិនគ្រប់គ្រាន់ឡើយ ធ្វើឲ្យយើងពុំអាចយកជាការបាន។
តាមពិតទៅមានភ័ស្តុតាងជាច្រើនបង្ហាញឲ្យឃើញថា ការស្លៀកពាក់របស់ស្ត្រីខ្មែរដែលត្រូវបានពេញនិយមតាំងតែយុគថ្មរំលីង ហើយបន្តដល់យុគវប្បធម៌ថ្មសំរិទ្ធិទោះបីជាសម្លៀកបំពាក់នោះពុំបាននៅគង់វង្សរហូតដល់សព្វថ្ងៃក៏ដោយ។ តាមការសង្កេតរបស់យើង នៅមុនសម័យប្រវត្តិសាស្ត្របន្តិចរវាងស.វទី៣-២មុនគ.ស ការនិយមសំពត់ និងប៉ឹង សម្រាប់មនុស្សទាំងពីរភេទ បានរីកសុះសាយទូទាំងភូមិភាគអាស៊ីអាគ្នេយ៍ នេះបើយោងតាមទិន្នន័យខាងបុរាណវិទ្យាដែលបានផ្តល់។
ជាក់ស្តែងយើងបានរកឃើញនូវភស្តុតាងរឹងជាវត្ថុសិល្បៈមួយចំនួនដែលបានមកពី ស្ថានីយ៍បុរេប្រវត្តិសាស្ត្រនៅភូមិស្វាយចេក សូភី និងស្នាយ ក្នុងខេត្តបន្ទាយមានជ័យបច្ចុប្បន្ន និងនៅតាមស្ថានីយ៍ជាច្រើនទៀតដែលសព្វថ្ងៃស្ថិតក្នុងបង្គោលសីមារបស់ប្រទេសវៀតណាម ថៃ និងឡាវ បានធ្វើឲ្យយើងយល់ច្បាស់អំពី បុព្វការីជនយើង។ វត្ថុសិល្បៈបុរាណទាំងនោះ រួមមានចម្លាក់តំណាងឲ្យបុព្វការីជន គំនូរលើជញ្ជាំងគុហារ ឬចម្លាក់ឆ្លាក់លើវត្ថុប្រើប្រាស់ ដូចជាកាំបិត ស្នៀត ជាដើម ដែលសព្វថ្ងៃតម្កល់ទុកនៅសារមន្ទីរជាតិភ្នំពេញ។
ខ្មែរដែលរស់នៅភូមិភាគអាស៊ីអាគ្នេយ៍ ជាពិសេសនៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន មានការនិយមប្រើប្រាស់នូវសម្លៀកបំពាក់សម្រាប់បិតបាំងកេរ្តិ៍ខ្មាស ឬលម្អរាងកាយរបស់ខ្លួនរួចមកហើយមុនការមកដល់នៃវប្បធ៌មឥណ្ឌា។ តាមពិតទៅសម្លៀកបំពាក់ទាំងនោះដូចជា សំពត់ស្ត្រី ប៉ឹងស្ត្រី ឬបុរស មិនមានលក្ខណៈជាឥណ្ឌាដូចករណីសំពត់ចរបាប់ ដែលមានពណ៌ឆើតឆាយ ចម្រុះ នោះឡើយ។ សម្លៀកបំពាក់ទាំងនោះដែលជាប្រជាប្រិយប្រចាំជាតិសាសន៍បាន ឆ្លុះបញ្ចាំងពីទំនៀមទម្លាប់ វប្បធម៌ ដើមផ្ទាល់របស់ប្រជាជនខ្មែរ។
សូមបញ្ជាក់ថា ការដែលព្រះមហាក្សត្រខ្មែរនាសម័យមហាអង្គរ ដូចជាព្រះបាទជ័យវរ្ម័នទី៧ និងមហាជនខ្មែរ ដែលជាអ្នកស្រុកអាយគ្រប់មជ្ឈដ្ឋាន មិនបានបោះបង់ចោលប៉ឹង ឬសំពត់ក៏ជាភ័ស្តុតាងបង្ហាញភាពមិនត្រឹមត្រូវរបស់ទស្សនៈខាងលើនេះដែរ។ ដូចនេះចំណុចសំខាន់បំផុតដែលយើងត្រូវជ្រាបគឺថា ក្នុងអតីតកាលដ៏យូរលង់សម្លៀកបំពាក់ប្រចាំជាតិខ្មែរ គឺសំពត់ និងប៉ឹង គឺជាប្រពៃណីដើមរបស់មនុស្សខ្មែរ និងពិតជាមិនមែនជាអំណោយអនុស្សាវរីយ៍របស់ឥណ្ឌា ដែលបានផ្តល់ជូនស្ត្រីខ្មែរដំបូងបង្អស់ ហើយដែលត្រូវបានគេនាំគ្នាប្រើប្រាស់ដល់សព្វថ្ងៃនោះទេ។
កំណត់សម្គាល់មួយទៀត ប្រពៃណីនៃការស្លៀកពាក់ដែលមានលក្ខណៈជាសកលផងនោះតាមពិតទៅមានអត្ថន័យធំធេងណាស់ ព្រោះវាជាកញ្ចក់ឆ្លុះឲ្យឃើញនូវលក្ខណៈវប្បធម៌ប្រចាំជាតិរបស់ខ្មែរព្រមទាំងចំណាស់នៃខឿនវប្បធម៌ខ្មែរ។ សូមកុំភ្លេចថា សំពត់ខ្មែរ និងសំពត់របស់ជនជាតិខ្មែរ លើសព្វថ្ងៃនេះ មានប្រភពចេញពីមរតកវប្បធម៌មន-ខ្មែរនាសម័យប្រវត្តិសាស្ត្រ។
ជាអវសាន សូមរំឮកផងដែរថា ទោះជាខ្មែរបានបង្កើតនូវសម្លៀកបំពាក់របស់ខ្លួនហើយក៏ដោយ ក៏ប៉ុន្តែពុំមែនមានន័យថា ខ្មែរក្រោមឥទ្ធិពលនៃវប្បធម៍បរទេសនាសម័យអង្គរបានបោះចោលនូវ ប្រពៃណីជាតិរបស់ខ្លួន ឬក៏មិនចេះបង្កើតនូវប្រភេទសម្លៀកបំពាក់ផ្សេងៗឯទៀតដ៏សម្បូរណ៍បែប នោះទេ៕
អត្ថបទសៀវភៅ ប្រវត្តិសាស្ត្រប្រទេសកម្ពុជា