ខេត្តត្បូងឃ្មុំ : ចំណង់តណ្ហាផ្លូវភេទ ថ្វីត្បិតតែវាជាតម្រូវការរបស់មនុស្សគ្រប់រូបក៏ពិតមែន ប៉ុន្តែបើយើងបណ្តោយឲ្យតណ្ហាដឹកច្រមុះធ្វើតាមចិត្តចំណង់របស់ខ្លួនដោយមិនគិតពីភាគីម្ខាងទៀតនោះក៏វាមិនកើតដែរ។ ជាក់ស្តែងដូចជាប្តីល្មោភកាមម្នាក់នេះ បានបង្ខំប្រពន្ធរួមរ័ក ជាមួយតែនាងប្រកែករហូតដល់កើតទោសៈ មោហៈ ទាញញញួរ សំពង់ក្បាលប្រពន្ធរហូតដល់ស្លាប់បាត់បង់ជីវិតក្នុងថ្លុកឈាម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាទៀបភ្លឺ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ នៅភូមិម្ខោះ ឃុំជាំក្រវៀន ស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ។
ប្រភពព័ត៌មានពីលោកវរសេនីយ៍ត្រី ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់បានបញ្ជាក់ថា ស្ត្រីជនរង់គ្រោះមានឈ្មោះ ប៉ុព ស្រីមុំ អាយុ២២ឆ្នាំជាកូនពៅក្នុងចំណោមបងប្អូន៦នាក់ ដោយឡែកជនសង្ស័យដែលត្រូវជាប្តីមានឈ្មោះ ស៊ាង ក្រោល អាយុ២៥ឆ្នាំ មុខរបរជាកសិករ រៀបការជាមួយគ្នាជិត៣ឆ្នាំមកហើយ។
បន្ទាប់ពីគេសម្លាប់ប្រពន្ធហើយន រូបគេបានស្រែកទ្រហោយយំ បោកខ្លួនដូចអកអោបសពប្រពន្ធ គ្មានអ្នកណាម្នាក់បានដឹងពីល្បិចកិចកល់របស់គេបន្តិចណាឡើយ ហើយនិយាយថា «មានគេលួចសម្លាប់ប្រពន្ធគេហើយ» មិនតែប៉ុណ្ណោះគេជាប្តីបានរាយការប្រាប់សមត្ថកិច្ចទៀតផង។
លោកបន្តថា បើទោះបីជនសង្ស័យជាប្តីរូបនេះមិនទាន់សារភាពយ៉ាងណាក៏ដោយ ក៏សមត្ថកិច្ចមានភស្តតាងដាក់បន្ទុកដែរ ក្នុងនោះមានដូចជាស្នាមខ្ញៅដោយក្រចក ញញួរនឹងពន្លៀកហើយនិងគោមក៏ជារបស់ជនសង្ស័យ ពិសេសទ្វារផ្ទះរបស់ជនសង្ស័យមានគន្លឹះសម្ងាត់ក្រៅពីជនសង្ស័យពុំមាននរណាបើកចូលបាននោះទេ សូម្បីតែបងប្អូនជនសង្ស័យ និងជនរងគ្រោះនៅផ្ទះជិតគ្នាក៏មិនដឹងផង។
តាមការពិនិត្យលើបុរសជាប្តី ឃើញថា មានសារជាតិថ្នាំញៀន បញ្ជាក់ថា ប្តីជាឃាតករូបនេះប្រើថ្នាំញៀនធ្វើឲ្យអារម្មណ័ផ្លូវភេទពោះកញ្ជ្រោល ឡើងបានជា បង្ខំប្រពន្ធរួមរ័កទាំងថ្ងៃដូច្នេះ៕