រាជធានីភ្នំពេញ : តារាសម្ដែងស្រករក្រោយទើបលេចឈ្មោះល្បីល្បាញក្នុងរង្វង់សិល្បៈកញ្ញា មុន្នី ពិសី ថ្មីៗនេះមានប្រភពដែលស្និទ្ធនឹងនាង បានទម្លាយឲ្យដឹងថា តារាសម្ដែងនិយមតុបតែងខ្លួនបែបនារីសម័យ មុន្នី ពិសី កំពុងតែមានទំនាក់ទំនងស្នេហ៍យ៉ាងត្រជាក់ល្ហឹមជាមួយនឹងបុរសដែលគេស្គាល់ថា ជាអ្នករកស៊ីធំម្នាក់នៅស្រុកខ្មែរ។
ប្រភពពីក្រៅវិថីសិល្បៈបានបង្ហើបថា បើតាមគេដឹងគឺទំនាក់ទំនងស្នេហារវាង មុន្នី ពិសី ជាមួយនឹងកំលោះរូបសង្ហាវ័យជាង៣០ឆ្នាំ ដែលកំពុងរស់នៅរកស៊ីក្នុងស្រុកម្នាក់ នោះបានចាប់ផ្តើមឡើងមានរយៈពេលជាច្រើនខែមកហើយដោយ ក្នុងនោះបុរសគូស្នេហ៍ម្នាក់នេះ ក៏តែងជួយឧបត្ថម្ភទំនុកបម្រុងដល់ ពិសី ទៀតផង ស្របពេលដែលមួយរយៈពេលនេះគេក៏សង្កេតឃើញថា នាងហាក់កំពុងឡើងកាលីបខ្លាំងជាមួយឥទ្ធិពលទឹកប្រាក់នោះ។
ប្រភពដដែលនោះបាននិយាយទៀតថា កញ្ញា មុន្នី ពិសី បច្ចុប្បន្នកំពុងតែប្រើប្រាស់ពេលវេលាដើម្បីស្វែងយល់ចិត្តគ្នាជាមួយបុរសខាងលើ ដែលត្រូវបានគេដឹងថា អ្នកទាំងពីរតែងផ្តលឱកាសឲ្យគ្នាទៅវិញទៅមកក្នុងការនិយាយឆ្លើយឆ្លងតាមប្រព័ន្ធទូរស័ព្ទ និងការដើរកំសាន្តលក្ខណៈតែពីរនាក់រវាងគូស្នេហ៍ទៀតផង។ អំឡុងពេលចុងក្រោយនេះ ពិសី ហាក់មានយឺអ៊ុនខ្ពស់គ្រាន់បើ គឺឡើងទាំងអាជីពសិល្បៈនិងជីវិតស្នេហា។ មិនប៉ុណ្ណោះគឺគេកត់សម្គាល់ឃើញថា ចាប់តាំងពីនាងមានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់នេះមកភាពហ៊ឺហាស៊ីវិល័យដោយការលេងខ្លួនជាមួយនឹងប្រើសម្ភារៈ ថ្លៃៗនឹងទំនើបជាកត្តាដែលជំរុញឲ្យនាងមានភាពលេចធ្លោផងដែរ ក្នុងជីវិតរបស់នៅប្រចាំថ្ងៃ។
ឆ្លើយតបការលើកឡើងខាងលើកញ្ញា មុន្នី ពិសី បានប្រាប់ថា ពុំមែនជាការពិតដូចគេនិយាយនោះឡើង។ ខ្ញុំសូមបដិសេធចំពោះរឿងនេះទាំងស្រុង។ តារាសម្ដែងវ័យក្មេងទើបមានឈ្មោះល្បីកញ្ញា មុន្នី ពិសី បាននិយាយទៀតថា អ្នកជំនួញណាបងបើខ្ញុំមិនដឹងផងហ្នឹងគឺអត់មានទេ។ ប៉ុន្តែបើនិយាយឲ្យចំគឺពិតជាមានច្រើនអ្នកដែលតាមស្រលាញ់គ្រាន់តែពេលនេះខ្ញុំមិនទាន់គិតគូរដល់រឿងមានស្នេហានៅឡើយទេ ព្រោះវ័យក៏នៅក្មេង ហើយចង់យកពេលវេលាជាមួយការងារសិល្បៈឲ្យរីកចម្រើនបន្តិចសិន៕