រាជធានីភ្នំពេញ : សពជនរងគ្រោះមួយគ្រួសារ ប្ដីប្រពន្ធ និងកូនតូច ព្រមទាំងជនរងគ្រោះពីរនាក់ផ្សេងទៀត ដែលរងរបួសធ្ងន់ធ្ងរ ដែលបណ្តាលមកពីរថយន្តរបស់គ្លីនិកឯកជនយីហោ «ឃឹមរ៉ានី» បើកបុកកាលពីយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៥កន្លងទៅ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ តែត្រូវម្ចាស់គ្លីនិកបដិសេធ ។
ម្ចាស់គ្លីនិកឯកជន ដែលកាប់ឆៅលើសេវាព្យាបាល និងសង្គ្រោះអ្នកជំងឺ យីហោ «ឃឹមរ៉ានី» មានក្របខណ្ឌជាមន្ដ្រីយោធា ពាក់ផ្កាយលើស្មាផងនោះ បានបន្ដគេសវេសមិនទទួលខុសត្រូវ លើការផ្ដល់សំណង ជូនដល់សពជនរងគ្រោះ និងជនរងគ្រោះដែលសម្រាកព្យាបាលនោះ។
រហូតមកដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥ ម្សិលមិញនេះតាមសេចក្ដីរាយការណ៍បានឱ្យដឹងថា ម្ចាស់គ្លីនិកឯកជនមួយនេះ នៅបន្ដបដិសេធថា រថយន្ដបង្កនោះមិនមែនជា កម្មសិទ្ធិរបស់ខ្លួននោះឡើយ ប៉ុន្ដែទាំងសមត្ថកិច្ច និងសាក្សីជាច្រើននាក់ ដឹកយ៉ាងច្បាស់ថា នោះគឺជារថយន្ដរបស់គ្លីនិកឃឹមរ៉ានី យ៉ាងជាក់ស្ដែង ។ បុគ្គលិកមួយរូប នៅក្នុងឃ្លីនិកមួយនេះ បានលួចបង្ហើបថា រថយន្ដខាងលើទើបនឹង ចេញបាន៣ថ្ងៃប៉ុណ្ណោះ ក៏ជួបគ្រោះថ្នាក់បែបនេះតែម្ដង ។
នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥ ដំណោះស្រាយរវាងម្ចាស់រថយន្ដបង្ក និងជនរងគ្រោះទាំង៥នាក់ នៅមិនទាន់លេចជារូបរាងនៅឡើយទេ ដោយហេតុថា ម្ចាស់គ្លីនិកនៅបន្ដបដិសេធ និងមិនទទួលខុសត្រូវថា រថយន្ដនោះជារបស់ខ្លួនទៅវិញ។ យ៉ាងណាក៏ដោយ សម្រាប់គ្រោះថ្នាក់ចរាចរណ៍ ដែលបានសម្លាប់ជីវិតមនុស្ស៣នាក់ ក្នុងគ្រួសារតែមួយ យ៉ាងអណោចអធម ហើយពីរនាក់ទៀតរងរបួសធ្ងន់ បង្កដោយរថយន្ដគ្លីនិក «ឃឹមរ៉ានី» នគរបាលចរាចរណ៍ បាននឹងបន្ដធ្វើការស៊ើបអង្កេត ដើម្បីជួយរកយុត្ដិធម៌ដល់ជនរងគ្រោះ ។
សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងដោយសារតែ អ្នកបើករថយន្ដ មានអាការៈស្រវឹងស្រា (ឃើញកំប៉ុងស្រាបៀរ នៅក្នុងកាប៊ីន) បានរេចង្កូតទៅបុកជនរងគ្រោះ កំពុងជិះម៉ូតូពីរគ្រឿង នៅខាងស្ដាំដៃពីមុខរថយន្ដ បណ្ដាលឱ្យស្លាប់៣នាក់ ជាបន្ដបន្ទាប់ យ៉ាងអណោចអធ័ម ដែលគ្រួសារមានជីវភាពលំបាក ហើយបងប្អូនគ្មានលុយកាក់គ្រប់គ្រាន់ សម្រាប់ធ្វើបុណ្យជូនឱ្យ បានសមរម្យនោះឡើយ។ ប៉ុន្តែម្ចាស់គ្លីនិកមិនគួរមកគេចវេសយ៉ាងដូច្នេះ ទៅលើជីវិតមនុស្សទាំង៥នាក់នេះទេ គួរចូលខ្លួនមកដោះស្រាយ និងផ្ដល់សំណងសមរម្យ ដល់ពួកគេជាការប្រសើរ។
មតិសាធារណៈជនជាច្រើនបានលើកឡើងថា គ្លីនិកឯកជន ដែលមានម្ចាស់ជាស្ដ្រី ពាក់ផ្កាយលើស្មា ក្នុងជួរកម្លាំងប្រដាប់អាវុធរូបនេះ តែងតែកាប់ឆៅលើអ្នកជំងឺ ដែលចូលទៅព្យាបាល ពោលដាក់ស៊ីរ៉ូម និងចាក់ពីរបីម្ជុល យ៉ាងត្រឹម៥០ដុល្លារ ប៉ុន្ដែពេលគិតលុយ ម្ចាស់គ្លីនិក គិតថ្លៃចន្លោះពី ៣០០ទៅ៥០០ដុល្លារឯណោះ ។
ម្យ៉ាងទៀត មានការរិះគន់ថា នៅពេលមាន គ្រោះថ្នាក់ចរាចរណ៍ម្ដងៗ រថយន្ដសង្គ្រោះ បន្ទាន់របស់គ្លីនិកមួយនេះ បានចេញទៅយក ជនរងគ្រោះ ប៉ុន្ដែបើឃើញសភាពជនរងគ្រោះជាអ្នកក្រ និងបើកគេចវេស តែបើជនរងគ្រោះមើលទៅ មានទ្រព្យសម្បត្ដិ និងដណ្ដើមលើកដាក់ រថយន្ដរបស់ខ្លួន ដឹកមកព្យាបាលរហូតពេលខ្លះមានការឈ្លោះទាស់ទែង ដោយសារតែសាច់ញាតិអ្នកជំងឺដឹងថា រថយន្ដឃឹមរ៉ានី គឺមិនព្រមឡើងនោះទេ។ ជាមួយគ្នានេះ រថយន្ដគ្លីនិកឃឹមរ៉ានី និងគឹមសុង បានល្មើសបម្រាមរបស់ក្រសួង សុខាភិបាលដែលបានប្រកាសមិនឱ្យ គ្លីនិកឯកជនទាំងឡាយ ចេញទៅយកជនរងគ្រោះនោះទេ ប៉ុន្ដែបម្រាមនេះគ្មានប្រសិទ្ធភាពនោះឡើយ៕