រាជធានីភ្នំពេញ : បើទោះបីជាសង្គ្រាមដែលបានអូសបន្លាយជាង៣០ឆ្នាំត្រូវបានបញ្ចប់នៅប្រទេសកម្ពុជាក៏ដោយ ក៏បញ្ហាវិបត្តនយោបាយ និងសេដ្ឋកិច្ច មកទល់បច្ចុប្បន្ននេះនៅមិនទាន់ជ្រះស្រឡះនៅឡើយទេ ធ្វើឲ្យប៉ះពាល់ភាពរឹងមាំផ្នែកច្បាប់ទាំងការតាក់តែងទាំងការអនុវត្តច្បាប់នៅធូររលុង ដោយនៅលាយឡំគ្នាជាមួយនឹងអំពើពុករលួយនៅឡើយ។ ចំពោះករណីរំលោភសេពសន្ថវៈនេះពីមួយឆ្នាំទៅមួយឆ្នាំ មិនមានទិន្នន័យថយចុះគួរឲ្យកត់សម្គាល់ទេ តាមទិន្នន័យរដ្ឋាភិបាលបានទិន្នន័យពីប៉ូលិសមូលដ្ឋានអនុវត្តច្បាប់ ខុសគ្នាទៅអង្គការជំនួយផ្នែកច្បាប់វិញគឺបានទទួលពាក្យបណ្តឹងពី ជនរងគ្រោះ គ្រាន់តែអង្គការ អាដហុក មានករណីរំលោភដល់ទៅ៣១៣ ករណីនៅឆ្នាំ២០១២ ហើយក៏មានករណីខ្លះ ត្រូវបានគេបង្ខំឲ្យភាគីទាំងសងខាងស្រុះស្រួលគ្នារវាងអ្នក ប្រព្រឹត្ត និងជនរងគ្រោះក្រៅប្រព័ន្ធតុលាការ គិតលុយកាក់ក្រៅក៏មាន ព្រោះខ្លាចខ្មាសគេ ហើយក៏មានករណីជាច្រើន មិនរាយការណ៍ទៅសមត្ថកិច្ចដែរដូចជាករណីរំលោភបូកស្ត្រីរកស៊ីផ្លូវ ភេទជាដើម ករណីទាំងនេះ គឺធ្វើឲ្យមានការលំបាកក្នុងការវាស់វែងទិន្នន័យ។
បញ្ហារំលោភនេះ ឥឡូវមានរូបភាពប្លែកៗមានតាំងពីជីតាបង្កើតរំលោភចៅស្រី ឪពុករំលោភកូនស្រីខ្លួនឯង យុវជនរំលោភបូកស្ត្រីរកស៊ីផ្លូវភេទ មករាលដាលរំលោភបូកស្ត្រីទូទៅក៏មាន។ សព្វថ្ងៃចាប់ផ្តើមមានករណីរំលោភបូកទៅលើក្រុមខ្ទើយ (Transgender) ដែលរកស៊ីផ្លូវភេទក៏មាន ហើយការរំលោភបូកមានលក្ខណៈធ្ងន់ធ្ងរ ដែលអ្នកប្រព្រឹត្តជាយុវជន ដែលមានគ្នាច្រើននេះ គឺមិនមានការថយចុះគួរឲ្យកត់សម្គាល់ទេ គឺគ្រាន់តែមានការប្រែប្រួលឥរិយាបថមិនសូវសម្ញែងចេញមកក្រៅអួត ពីរឿងយកស្រីទៅបូកដូចមុនៗនោះទេ។
តាមរបាយការណ៍ស្រាវជ្រាវដោយផ្តោតទៅលើតែយុវជនដែលមានទ្រព្យធនបង្គួរ មានអាយុពី១៥ ទៅ២៤ឆ្នាំនៅរាជធានីភ្នំពេញរយៈពេល ៥ ឆ្នាំចុងក្រោយនេះ នៅឆ្នាំ២០០៩ ពួកគេធ្លាប់យកស្ត្រីរកស៊ីផ្លូវភេទទៅ «រំលោភបូក» ក្នុងរយៈពេល៣ខែចុងក្រោយ មុនសម្ភាសគឺមាន១០,៨ភាគរយក្នុងចំណោមពួកគេ២៤០នាក់បើប្រៀបធៀបនឹងឆ្នាំ២០១៤ នេះវិញមិនមានការប្រែប្រួលទេគឺមាន១០,៦ ភាគរយក្នុងចំណោមពួកគេ២៨៤នាក់។ ដោយសារបញ្ហាអំពើហិង្សាផ្លូវភេទនៅកម្ពុជា ដែលកើតមាននៅអំឡុងពេលស្រុកកើតសង្គ្រាម និងជះឥទ្ធិពលតមកក្រោយសង្គ្រាមទៀត ដូច្នេះចំពោះបញ្ហានេះគឺត្រូវរកគន្លឹះដំណោះស្រាយនូវភាពស្មុគ ស្មាញដែលពាក់ព័ន្ធមួយចំនួន៖
ទី១-ទម្លាប់ដឹកនាំនៅស្រុកខ្មែរតាំងពីយូរមកហើយ គឺចូលចិត្តតែបង្អាប់របបគេពីមុនៗដឹកនាំ ហើយលើកតម្កើងរបបខ្លួនឯងដឹកនាំ ជាពិសេសប៉ះពាល់ទៅនឹងបញ្ហារបបនយោបាយដឹកនាំផ្ទាល់តែម្តងបញ្ហានេះ គឺធ្វើឲ្យប៉ះពាល់អ្នកស្រាវជ្រាវជាច្រើនមិនត្រូវបានលើកទឹកចិត្តឲ្យសិក្សាស្រាវជ្រាវបញ្ហាណារកឃើញបញ្ហាដែលប៉ះពាល់នយោបាយជាដើម តែចូលចិត្តអ្នកស្រាវជ្រាវណាដែលលើកសរសើរ ពីរបបដែលខ្លួនធ្លាប់ ឬក៏បាននឹងកំពុងដឹកនាំ និងបន្តុះបង្អាប់របបមុនៗទៅវិញ។
ទី២-ចំពោះសារព័ត៌មានក្នុងស្រុកវិញ គឺភាគច្រើនសរសេរជារបៀបករណីរំលោភដែលកើតឡើង មិនបានស៊ីជម្រៅលម្អិតទៅលើករណីមួយៗឲ្យបានច្បាស់ទេ ឯអ្នកសារព័ត៌មានខ្លះទៀតសរសេរ ឬក៏អានបែបរបៀបកំប្លុកកំប្លែង និងយករូបភាពជនរងគ្រោះត្រង់ៗតែម្តងទៅវិញ។ សារព័ត៌មានល្បីៗខ្លះទៀត លើកតែបញ្ហានយោបាយច្រើនជាងបញ្ហាសង្គមជាពិសេសបញ្ហារំលោភសន្ថវៈ នោះ គឺកម្រផ្សាយណាស់ ហេតុដូច្នេះហើយ មិនបានជះឥទ្ធិពលទៅលើថ្នាក់ដឹកនាំអ្នកធ្វើគោលនយោបាយ និងអ្នកអនុវត្តច្បាប់យកចិត្តទុកដាក់បញ្ហានោះប៉ុន្មានទេ។ អ៊ីចឹងទាំងនិពន្ធនាយក ទាំងអ្នករាយការណ៍គួរតែត្រូវបណ្តុះបណ្តាលបន្ថែមឲ្យបានស៊ីជម្រៅ លើបញ្ហាអំពើហិង្សាផ្លូវភេទ និងដំណោះស្រាយ។
ទី៣-ចំពោះបញ្ហាស៊ើបអង្កេតលើពាក្យបណ្តឹងរបស់ជនរងគ្រោះដោយសារខ្មែរ ក្រហមចំពោះករណីអំពើហិង្សាផ្លូវភេទនៅរបបខ្មែរក្រហម គឺសាលាក្តីខ្មែរក្រហម កំពុងតែស្វែងរកសំណុំរឿងបន្ថែមទៀតដើម្បីដាក់បន្ទុកលើមេដឹកនាំ ដែលកំពុងដំណើរការកាត់ទោសនៅតុលាការនោះ។ បើការកាត់ទោសត្រឹម ត្រូវទៅតាមយុត្តិធម៌មែននោះ គឺជាមេរៀនដ៏ល្អមួយសម្រាប់ថ្នាក់ដឹកនាំជំនាន់ក្រោយទៀត ដើម្បីធ្វើយ៉ាងណាទប់ស្កាត់កុំឲ្យមានអំពើហិង្សាកើតមានបន្តទៅទៀត។
ទី៤-តាមរយៈអ្វីដែលបានជួបប្រទះក្នុងសង្គ្រាមកន្លងទៅនោះ អ្នកដែលមានអំណាច គឺកងទ័ព ប្រព្រឹត្តអំពើហិង្សានោះ ក៏កងទ័ពដែរ ហេតុដូចនេះគ្រប់កងកម្លាំងប្រដាប់អាវុធទាំងអស់គួរតែត្រូវបាន អប់រំ អំពីបញ្ហាយេនឌ័រ និងអំពើហិង្សាផ្លូវភេទ ប្រឆាំងនឹងស្ត្រី និងកុមារី។ ជាមួយគ្នានេះដែរ យុវជនក៏ត្រូវតែផ្តល់ការអប់រំផ្លូវចិត្ត និងផ្លូវធម៌ឲ្យបានទូលំទូលាយចំពោះបញ្ហាទប់ស្កាត់ការរំលោភ «បូក» ព្រោះនៅពេលដែលពួកគេខ្លះ អនាគតអាចក្លាយទៅជាកងទ័ព និងសមត្ថកិច្ច គឺពួកគេអាចនឹងប្រព្រឹត្តនូវអ្វីដែលពួកគេធ្លាប់ឃើញនិងធ្លាប់ ប្រព្រឹត្តអំពើហិង្សាផ្លូវភេទ ដែលដក់ជាប់ក្នុងចិត្តតាំងពីអតីតកាលប្រសិនបើសង្គ្រាមកើតមានឡើង៕