រាជធានីភ្នំពេញ : ខ្ញុំបាទជាប្រពលរដ្ឋរស់នៅខណ្ឌទួលសង្កែ ម្ដុំផ្សារធំទួលសង្កែ (សាំហាន់) ក្តៅចិត្ដចំពោះមន្ដ្រីសណ្ដាប់ធ្នាប់ខណ្ឌ ដែលតែងតែរករឿងចំពោះការរកស៊ីបន្ដិចបន្ដួចនៅមុខផ្ទះខ្ញុំបាទ។ របររកស៊ីចិញ្ចឹមជីវិតដើម្បីបានរស់នៅសមរម្យនឹងគេតែងតែមានការប៉ះទង្គិចបន្ដិចបន្ដួច។ មុខផ្ទះខ្ញុំបាទទទឹងប្រហែល៤ម៉ែត្ររកស៊ីលក់ដូរបានតិចតួចប៉ុណ្ណោះ។ ប៉ុន្ដែក្រុមហ៊ុនខ្លះយករថយន្ដរាប់រយគ្រឿងចតលើចិញ្ចើមផ្លូវគ្មានមន្ត្រីឃើញសណ្ដាប់ធ្នាប់ណាឈឺក្បាលហាលថ្ងៃមើលឃើញទេ។
កាលពីចុងសបា្ដហ៍នេះ ខ្ញុំបានធ្វើដំណើរតាមម៉ូតូកញ្ជាស់របស់ខ្ញុំកាត់តាមមុខសាលាបឋមសិក្សាទួលគោក (ពៅអ៊ុំ) ពុទ្ធោ! ស្រាប់តែឃើញរថយន្ដម៉ូតូរាប់រយគ្រឿងចតលើចិញ្ចើមផ្លូវមុខសាលានេះ។ មើលឃើញទិដ្ឋភាពនេះក្ដៅចិត្ដឆេវ នឹកថា បើមុខផ្ទះឯងវិញដាក់កញ្ជែះហាលត្រីប្រឡាក់២-៣កន្ទុយអស់លោកនគរបាលសណ្ដាប់ធ្នាប់មកដល់ភ្លាមឥឡូវនេះ។ ប៉ុន្ដែរថយន្ដ និងម៉ូតូរាប់រយគ្រឿង ចតតម្រៀបគ្នាជាជួរនៅមុខសាលាបឋមសិក្សាទួលគោក អត់ឃើញនគរបាលសណ្ដាប់ធ្នាប់អើតឈ្ងោកអ្វីទេ។ បែបនេះ អយុត្ដិធម៌ពិតជាមានមែនកុំថាឡើយ រឿងធំប៉ុនមហាមេឃសូម្បីតែរឿងលើចិញ្ចើមផ្លូវក៏មានអយុត្ដិធម៌ដែរ។
និយាយយ៉ាងដូច្នេះមិនមែនមានន័យថា ខ្ញុំបាទនិន្ទាឈ្នានីសសាលាឯកជនមួយដែលយករថយន្ដម៉ូតូមកចតលើចិញ្ចើមផ្លូវសាធារណៈដែលជាផលប្រយោជន៍ រួមនោះទេ ។ ប៉ុន្ដែគឺខ្ញុំមិនសប្បាយចិត្ដចំពោះអាជ្ញាធរដែលចេះតែគាបសង្កត់ ប្រជាពលរដ្ឋតូចតាចឱ្យគោរពច្បាប់ រីឯសាលាឯកជនមួយនៅទល់មុខសាលាបឋមសិក្សា ទួលគោកមិនចាំបាច់គោរពច្បាប់? រឿងនេះមិនមែនតែខ្ញុំទេដែលឈឺចុកចាប់ គឺមានប្រជាពលរដ្ឋជាច្រើនទៀតដែលមានភ្នែកល្អៗ ក៏ឈឺចុកចាប់ដែរ ។ និយាយតាមត្រង់ទៅ វាក៏ជារឿងសន្លឹកឆ្នោតដែរ កុំមើលងាយរឿងចិញ្ជើមផ្លូវនេះ៕ ពីខ្ញុំក្តៅចិត្ត