ភ្លេង​ប្រពៃណី​ខ្មែរ

, , Leave a comment

KhmerMusicalInstruments

​ភ្លេង​ជា​សិល្បៈ​មួយ​ប្រភេទ​ដែល​អាច​បំបាត់​ការ​អផ្សុក ឬ​ការ​ហត់នឿយ​បាន​មួយគ្រា​ដែរ​។ អ្នកខ្លះ​និយម​ស្ដាប់​ភ្លេងបុរាណ ខ្លះ​និយម​ស្ដាប់​ភ្លេងសម័យ​។ នៅ​ប្រទេស​ខ្មែរ ការប្រគំ​ភ្លេង​គឺជា​ការចាំបាច់​សម្រាប់​ញ៉ាំង​បរិយាកាស​ក្នុង​ពី​ធី​បុណ្យទាន ពិធី​ទំនៀម​ទន្លាប់​ផ្សេងៗ ឲ្យ​មាន​សភាព​លន្លង់លន្លោច រីករាយ រុងរឿង ឬ​អឹកធឹក​ឡើង​។ នៅ​ស្រុក​ខ្មែរ​ភ្លេង​ដែល​គេ​និយម​ប្រើ​តាំងពី​បុរាណ​មក​មាន​ច្រើន​ប្រភេទ​ណាស់ ៖

 

​ក​-​ភ្លេងពិណពាទ្យ​
​គេ​ហៅ​ភ្លេង​នេះ​ថា ពិណពាទ្យ មកពី​ក្នុង​ក្រុម​ភ្លេង​នេះ​គេ​ប្រើ​ពិណ​ចាប់ផ្ដើម​មុនគេ​។ មាន​អ្នកខ្លះ​ហៅ​ភ្លេងពិណពាទ្យ​នេះ​ដោយ​ភ័នច្រឡំ​ថា ភ្លេង​សៀម តាម​ការពិត​សៀម​យក​ពី​ខ្មែរ​យើង​ទៅវិញ​ទេ​។ សៀម​ហៅ​ភ្លេងពិណពាទ្យ​នេះ​ថា ប៉ី​ពាទ្យ (​ពិផាត​) ដោយ​ពី​ដើម​គេ​ប្រើ​ប៉ី ឬ​ស្រឡៃ​នាំមុខគេ​។ តាម​លោក ឈិ​ម ក្រ​សេម បាន​ឲ្យ​ដឹងថា ភ្លេងពិណពាទ្យ​នេះ​មានកំណើត​មកពី​ប្រទេស​ឥណ្ឌា​តាំងពី​ព្រេងនាយ ហើយ​ត្រូវបាន​ខ្មែរ​យើង​កែប្រែ​ផ្លាស់ប្ដូរ​ថែមថយ​គ្រឿង​ភ្លេង​ឲ្យ​ក្លាយ​មកជា​របស់​ខ្មែរ​។ គេ​បាន​រៀប​ភ្លេងពិណពាទ្យ​ជា​ពីរ​វង់​គឺ ពិណពាទ្យ​វង់​តូច (​មាន​ប្រដាប់​៥​គ្រឿង​) និង​ពិណពាទ្យ​វង់​ធំ (​មាន​ប្រដាប់​១០​គ្រឿង​) ។ នៅក្នុង​ព្រះរាជវាំង​មាន​ភ្លេងពិណពាទ្យ​ពិសេស​មួយបែប​ហៅថា ក្រុម​មហោរី​ព្រះរាជ​ទ្រព្យ (​មាន​គ្រឿង​ចម្រុះ​ច្រើន​បែបយ៉ាង​រហូតដល់​១៦​គ្រឿង​)​។​

 

​នៅ​ប្រទេស​ខ្មែរ​យើង​គេ​លេងភ្លេង​ពិណពាទ្យ​កំដរ​របាំ​បុរាណ​ក្នុង​ពិធីបួងសួង (​បន់ស្រន់ លាបំណន់​) ពិធី​ក្នុង​សាសនា (​បុណ្យកឋិន បំបួស​នាគ ផ្កាប្រាក់ ពុទ្ធា​ភិ​សេក​…) និង​អាច​លេង​ក្នុង​ពិធី​កំដរ​បុណ្យសព​។​

 

​ខ​-​ភ្លេង​អារក្ខ​
​គឺ​ភ្លេង​ដែល​ប្រគំ​ក្នុងការ​បញ្ចូល​ខ្មោច​ព្រាយ​បិសាច អារក្ខ អ្នកតា ។ កាលណា​មាន​មនុស្ស​ឈឺ ហើយ​បើ​ចង់ដឹង​អំពី​បុព្វហេតុ​នៃ​ជំងឺ​ដ​ង្កា​ត់ គេ​លែង​ភ្លេង​អារក្ខ​ដើម្បី​បញ្ចូល​ខ្មោច​លៀង​ខ្មោច​។ ក្រៅពី​ប្រើ​ក្នុងការ​បញ្ចូល​ខ្មោច និង​លៀង​ខ្មោច គេ​អាច​ប្រើ​ក្នុងការ​ឡើងអ្នកតា​ដែរ​។​

 

​តាម​ការស្រាវជ្រាវ​រប​ស់​ក្រុម​ប្រជុំ​ទំនៀមទម្លាប់ (​លោក ជឹម ឈុំ​) បាន​ឲ្យ​ដឹងថា ភ្លេង​អារក្ខ​នេះ មានកំណើត​មកពី​ក្មេង​លេង​បាយឡុកបាយឡ​។ មានរឿង​ដំណាល​តៗ​គ្នា​ថា នៅក្នុង​ភូមិ​មួយ​មាន​ក្មេងប្រុស​ស្រី​ជាច្រើន បាន​ប្រជុំគ្នា​លេង​ដោយមាន​អ្នកខ្លះ​ធ្វើជា​ភ្ញៀវ ខ្លះ​ធ្វើជា​កូន ហើយ​នាំគ្នា​ផឹកស៊ី​ស្រឹង​ដេក​ដួល​ស្រែក​ហ៊ោកញ្ជ្រៀវ​សប្បាយ​រាល់ៗ​ថ្ងៃ​។ លុះ​លេង​យូរ​ទៅ​ក៏​វក់​លេង ទាំងយប់​ទាំង​ថ្ងៃ ភ្លេច​បាយទឹក ដេក​ពួន ឪពុកម្ដាយ​ឃាត់​យ៉ាងណា​ក៏​ពុំ​ស្ដាប់​។ ដោយ​ឃើញ​ហេតុ​ចម្លែក​យ៉ាងនេះ​ចាស់ៗ ក៏​នឹកថា​ប្រហែល​ជាមាន​ខ្មោច​ព្រាយ​អ្វី​មក​ពង្វក់​ចិត្ត​ក្មេង​ទាំងនេះ ហើយ​ទើប​នាំគ្នា​បន់ស្រន់​ឡើង​។ នៅពេលដែល​គេ​នឹកនា​រក​ខ្លួន ពេលនោះ​ខ្មោច​ក៏​ឆ្លៀតឱកាស​ចូលមក​សន្ធិ​ត​ក្នុង​ខ្លួន​ក្មេង​ម្នាក់​ភ្លាម ហើយ​បញ្ជា​ឲ្យ​ចាស់ៗ ទាំងនោះ​រៀប​សំណែន​ដោយមាន​លេងភ្លេង​ថ្វាយ​ពួកគេ​ផង​។ លុះ​បាន​ផឹកស៊ី​ឆ្អែត​ស្កប់ស្កល់​ហើយ ខ្មោច​ក៏​ចាក​ចេញពី​រូប​ក្មេង​នោះ​ទៅ ឯ​ពួកក្មេង​ក៏​ឈប់​វក់​លេង​ដូច​មុន​ទៀត​។ ចាប់ពីពេលនោះ​មក​ចាស់ៗ​ក៏មាន​ជំនឿ​ព្រមទាំង​យក​ខ្មោច​ជាទីគោរព ទីពឹង​ក្នុង​គ្រា​មាន​ភ័យ​អាសន្ន​។​

 

​គ​-​ភ្លេងខ្មែរ (​ភ្លេង​មង្គលការ​)
​ជា​ភ្លេង​មង្គល ហេតុនេះហើយ​បានជា​គេ​លេង​តែ​ក្នុង​ពិធី​ដែលជា​មង្គល​ដូចជា ពិធី​បញ្ចេញ​ម្លប់​កូនស្រី ពិធីមង្គលការ​ជាដើម​។ ភ្លេងខ្មែរ​ដែល​លេង​ក្នុង​ពិធី​មង្គល​នីមួយៗ​មិន​ត្រឹមតែ​ញ៉ាំង​ឲ្យ​បរិយាកាស​ឲ្យ​អឹកធឹក​ប៉ុណ្ណោះ​ទេ ថែមទាំង​នាំមក​នូវ​សិរី​សួស្ដី​ជ័យ​មង្គល​ថែម​ទៀតផង ដែល​ចាស់ទុំ​ខ្លះ​បាន​ប្រកាន់​ជឿ​យ៉ាង​ខ្ជាប់ខ្ជួន​។ ភ្លេងខ្មែរ​សម្រាប់​ពិធីមង្គលការ​មាន​ច្រើន​បទ​ណាស់​សម្រាប់​កំដរ​ក្នុង​កម្មវិធី​និ​មួយៗ ដូចជា បទ​ហែ​កូន​ក​ម្លោះ​ចូល​រោង ហែ​កំណត់ ស៊ី​ស្លា​ថង់រង កាត់សក់ សែន​ក្រុង​ពាលី កូនប្រុស​សំពះពាលា កូនស្រី​ចេញ​ផ្ទឹម ចងដៃ បង្វិលពពិល​។​ល​។​

 

​បទ​ភ្លេងខ្មែរ​ខ្លះ​មាន​ទំនាក់ទំនង​ទៅនឹង​រឿងព្រេង​របស់​ខ្មែរ ដូចជា បទ​ខ្ទោ​រ ខ្នងភ្នំ របង​រមាស បន្ទាយ​ប្រសាទ ជ្រង ជ្រង​ស្រងាត់ ទ្រាំង ដោះ​ក្រាល កន្លេង លេង​នៅពេល​លៀង​ភោជនាហារ​ថ្ងៃត្រង់ (​ក្រោយពេល​ស៊ី​ស្លា​កំណត់​) ដោយ​យកតម្រាប់​តាម តា​ដុង យាយ​ជ័យ ដែល​ឲ្យ​អ្នកភ្លេង​លេង​បទ​ទាំងនេះ ថ្វាយ​អ្នកតា​ព្រៃ​ដើម្បី​លា​មាត់​លា​.​ក គាត់​។​កាលដែល​បន់ស្រន់​នៅក្នុង​ព្រៃ ហើយ​វង្វេងផ្លូវ​នៅពេលដែល​គាត់​ធ្វើដំណើរ​ទៅ​រៀបការ​កូនស្រី​។ បទ​ព្រះថោង​នាងនាគ​ដែល​ប្រើ​លេង​នៅពេល​សំពះ​ផ្ទឹម​កើតមានឡើង​ក្នុង រជ្ជកាល​ព្រះថោង (​ហ៊ុន ទៀន​) ដែល​ជាបឋម​ក្សត្រ​ខ្មែរ​។ ព្រះអង្គ​បាន​រៀប​អភិសេក​ជាមួយនឹង​នាង​ទាវ​តី (​លីវយី​) ដែលជា​បុត្រី​ស្ដេច​ភូ​ជ​ង្គ​នាគ លុះ​រៀបការ​នៅ​ឋាន​មនុស្សលោក​រួចហើយ ស្ដេច​ភូ​ជ​ង្គ​នាគ​បាន​នាំ​ព្រះថោង​ទៅ​ជប់លៀង​នៅ​ឋាន​បាតាល​ម្ដងទៀត​។ ដោយ​ព្រះថោង​ពុំ​ចេះ​វិជ្ជា​ជ្រែក​ទឹក គេ​ឲ្យ​ព្រះថោង​តោង​កន្ទុយ​នាងនាគ​ទើប​អាច​ចុះ​ទៅបាន​។​

 

​អាស្រ័យ​ដូច​មានរឿង​រាវ​ខាងលើនេះ ទើប​គេ​និយម​លេង​បទ​ព្រះថោង​នាងនាគ​រហូតមក​ព្រមទាំង​មាន​ទំនៀម​ឲ្យ​កូនកំលោះ​តោង​ជាយ​ស្បៃ​កូនស្រី​ចូលក្នុង​បន្ទប់​ទៀតផង​។​

 

​ឃ​-​ភ្លេង​ឆៃយ៉ាំ​
​គេ​លេងភ្លេង​ឆៃយ៉ាំ​តែ​ក្នុង​ពិធី​ណា​ដែល​ជាទី​រីករាយ​ដូចជា លេង​កំដរ​ពិធីបុណ្យ​កឋិន បុណ្យផ្កា បំបួស​នាគ ជាដើម​។ ភ្លេង​ឆៃយ៉ាំ​គឺជា​ភ្លេង​ដែល​រំភើប​សប្បាយ​ខុសប្លែក​ពី​ភ្លេង​ឯទៀត​។ គេ​មិនទាន់​បានដឹង​ច្បាស់លាស់​នូវឡើយ​ទេ​អំពី​កំណើត​នៃ​ភ្លេង​ឆៃយ៉ាំ​នេះ​។​

 

​ដោយសារ​ចង្វាក់ភ្លេង​មាន​លក្ខណៈ​លោត ភ្ញាក់ៗ អ្នកខ្លះ​ក៏​យល់ថា ភ្លេង​ឆៃយ៉ាំ​នេះ​ទំនងជា​មានកំណើត​មក​ពី​មនុស្ស​ជំនាន់​ដើម​ដែល​តែងតែមាន​សភាព​ភ្ញាក់ផ្អើល​ក្លាច​រអើល​ប្រៀបបាន​នឹង​សត្វព្រៃ​ភ្ញាក់ផ្អើល​ពេល​ឃើញ​មនុស្ស​។ អ្នក​ខ្លះទៀត​យល់ថា មនុស្ស​នៅពេលដែល​ធ្វើ​កិច្ចការ​អ្វីមួយ​បានទទួល​ជោគជ័យ តែងតែ​សប្បាយ​យ៉ាងខ្លាំង​ហើយក៏​បង្កើត​ភ្លេង​ឆៃយ៉ាំ​នេះ​ឡើង​ដើម្បី រំលឹក​នូវ​ជ័យជម្នះ​នោះ​។​

 

​ង​-​ភ្លេង​មហោរី​
​ជា​ភ្លេង​ប្រជាប្រិយ​ដែលមាន​លក្ខណៈ​ស្រាល​ជាង​ភ្លេងពិណពាទ្យ​។ គេ​មិន​និយម​លេងភ្លេង​មហោរី​កំដរ​ពិធី​បុណ្យទាន​ផ្ទាល់​ទេ ប៉ុន្តែ​គេ​លេង​កំដរ​បរិយាកាស​បានដែ​រ​។ ជាទូទៅ​គេ​លេងភ្លេង​មហោរី​កំដរ​ល្ខោន​មហោរី​។​

 

​ច​-​ភ្លេង​គង​ស្គរ​
​គឺជា​ភ្លេង​ដែលមាន​សភាព​ស្រងេះស្រងោច លន្លង់លន្លោច ហេតុនេះហើយ​បានជា​គេ​លេង​តែ​ពេល​មាន​មនុស្ស​ស្លាប់ ឬ​នៅពេល​ធ្វើបុណ្យ​លើកសព​។ ភ្លេង​គង​ស្គរ​នេះ​កើតមានឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​ត្រសក់ផ្អែម ព្រះអង្គ​ឲ្យ​អ្នកភ្លេង​លេង​បទ​នេះ​ឡើង ដើម្បី​រំលឹក​នូវ​សម្លេង​សត្វ​យំ​សព្វបែបយ៉ាង​លាយឡំ​នឹង​ស្នូរ​ខ្យល់ ភ្លៀង ផ្គរ​រន្ទះ កាលដែល​ព្រះអង្គ​ធ្លាប់បាន​ស្ដាប់​ទាំងយប់​ទាំង​ថ្ងៃ​ពេល ដែល​នៅ​ជា​ម្ចាស់​ចម្ការ​ត្រសក់ផ្អែម​នៅឡើយ​។ អ្នកខ្លះ​ហៅ​ភ្លេង​គង​ស្គរ​ថា​ភ្លេង​ទាំ​មូង ឬ​ក​ន្ធ្រាំ​មូង​។​

 

​ឆ​-​ភ្លេង​ក្លង​ឆ្នាក់​
​ភ្លេង​ក្លង​ឆ្នាក់​មាន​សភាព​ស្រងេះស្រងោច​ណាស់ គេ​លេងភ្លេង​នេះ​កំដរ​បុណ្យសព ហែសព និង​បូជាសព​។ អ្នកខ្លះ​ហៅ​ភ្លេង​ក្លង​ឆ្នាក់ តាម​សៀម​ថា ក្លងខែក ដែល​មានន័យថា ភ្លេង​ស្គរ​ជ្វា​។​

 

​ជ​-​ភ្លេង​ស្គរ​យោល​
​ជា​ភ្លេង​របស់​កងទ័ព​ដែល​ព្យួរ​នៅលើ​ខ្នង​ដំរី​។ លុះ​មកដល់​សម័យ​បច្ចុប្បន្ននេះ គេ​យក​ភ្លេង​ស្គរ​យោល​សម្រាប់​កំដរ​បុណ្យសព និង​កំដរ​ពិធី​ប្រដាល់​ដោយ​សេរី (​គុន​ខ្មែរ​)​។​

 

​ឈ​-​ភ្លេង​ប៉ីកែវ​
​គឺជា​ភ្លេង​មួយ​ដែល​ឋិត​នៅក្នុង​ក្រុម​ភ្លេង​ព្រះរាជ​ទ្រព្យ​។ តាម​សេចក្ដីរាយការណ៍​របស់​លោក បាន តេង គ្រូ​នៃ​ក្រុម​ភ្លេង​ព្រះរាជ​ទ្រព្យ​បាន​ឲ្យ​ដឹងថា ភ្លេង​ប៉ីកែវ​នេះ​គេ​ប្រើ​លេង​នៅពេល​ចាក់ទឹកដូង​ថ្វាយ​ព្រះ​បិដរ (​សែនដូនតា​) នៅក្នុង​ព្រះរាជវាំង​។​

 

​យោបល់​រួម​
​តាម​ការរៀបរាប់​រួចមកហើយ​នេះ​បានបង្ហាញ​ឲ្យ​ឃើញថា ភ្លេងបុរាណ​ខ្មែរ​មាន​ច្រើន​ប្រភេទ​ច្រើន​វង់ ហើយ​វង់​នីមួយៗ មិនមែន​ចេះតែ​យកទៅ​ប្រគំ​លេង​បាន​គ្រប់ពេលវេលា​នោះទេ គឺ​វា​មាន​លក្ខណៈពិសេស​របស់​វា តម្រូវ​ទៅតាម​កម្មវិធី​បុណ្យទាន​ពិធី​ផ្សេងៗ ថែម​ទៀតផង​។ ឯ​តម្លៃ​របស់​ភ្លេង​និ​មួយៗ​គឺ​ឋិត​នៅត្រង់​ចង្វាក់ភ្លេង​សមស្រប​ទៅនឹង​កិច្ច​ការដែល​មនុស្ស​ខ្មែរ​តែង​ប្រព្រឹត្ត គឺ​មិនលឿន​ពេក មិនយឺត​ពេក មាន​សភាព​ធម្មតា ទុក្ខសោក ស្រងេះស្រងោច លន្លង់លន្លោច សប្បាយរីករាយ​។ បទ​ភ្លេងខ្មែរ​មាន​សូរស័ព្ទ​រងំ ស្ដាប់​យូរ​ទៅកាន់​តែ​ពិ​រោះ​ឡើងៗ ហើយ​បទ​នីមួយៗ​សុទ្ធ​តែមាន​ខ្លឹមសារ មិនមែន​តែង​ឡើង​ដើម្បី​គ្រាន់តែ​ពិ​រោះ​ស្ដាប់ ឬ​បញ្ចើចបញ្ចើ​ឥតន័យ​នោះឡើយ​៕ មេត្តា​សូរ្យ​ជាតិ​

 

Leave a Reply

(*) Required, Your email will not be published