រាជធានីភ្នំពេញ : យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលចុះហត្ថលេខាដោយលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា តាមការព្យាករណ៍នៅថ្ងៃទី១២ខែកញ្ញាខាងមុខ នឹងមានព្យុះមួយកើតនៅក្នុងសមុទ្រចិនខាងត្បូង។ ព្យុះនេះ នឹងធ្វើដំណើរឆ្ពោះទៅតំបន់ឆ្នេរភាគកណ្តាល នៃប្រទេសវៀតណាម។
សេចក្តីជូនដំណឹងបានបព្ជាក់ថា ស្ថានភាពអាកាសធាតុបែបនេះនឹងបង្កឲ្យមានភ្លៀងធ្លាក់ច្រើនជា បន្តបន្ទាប់ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៥ នៅក្នុងក្របខណ្ឌទូទាំងប្រទេសកម្ពុជា និងអាចបណ្តាលឲ្យរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កណ្តាល តាកែវ កំពត ព្រះសីហនុ កំពង់ធំ និង ខេត្តសៀមរាប ព្រឈមនឹងជំនន់ទឹកភ្លៀង។ នៅលើផ្ទៃសមុទ្រ មានភ្លៀងខ្យល់បក់បោកខ្លាំង រលកសមុទ្រអាចមានកម្ពស់ពីមួយម៉ែត្រទីពីរម៉ែត្រកន្លះ៕