វិស័យ​កាត់ដេរ​កម្ពុជា នឹង​ធ្លាក់ចុះ​ក្នុង​ឆមាស​ទី​២ ឆ្នាំ​២០១៥

, , Leave a comment

​រាជធានី​ភ្នំពេញ : វិស័យ​កាត់ដេរ និង​ស្បែកជើង​កម្ពុជា​ត្រូវបាន​ព្យាករណ៍​ថា នឹង​ថមថយ​មកវិញ​នៅ​ឆមាស​ទី​២ ឆ្នាំ​២០១៥ បន្ទាប់ពី​វិស័យ​កាត់ដេរ និង​ស្បែកជើង កម្ពុជា​រក្សាបាន​ល្អប្រសើ​រ​នៅ​ឆមាស​ទី​១​ឆ្នាំ​២០១៥​។ នេះ​យោងតាម​របាយការណ៍​ដែល​អង្កេត​ដោយ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ហៅ​កាត់ GMAC​។​

 

​លទ្ធផល​នៃ​ការធ្វើអង្កេត​បានបង្ហាញ​ថា​ក្នុងចំណោម​រោងចក្រ​កាត់ដេរ​ចំនួន​១៦៧​ដែល​បានផ្តល់​បទ​សម្ភាស​មាន ៨៦​បាន​ព្យាករណ៍​ថា នៅ​ឆមាស​ទី​២​ឆ្នាំ​២០១៥​ការនាំចេញ​ផលិតផល​កាត់ដេរ​របស់​កម្ពុជា​នឹង​ធ្លាក់ចុះ​អត្រា​ចន្លោះ​ពី​១០​ភាគរយ​ទៅ ៣០​ភាគរយ​។​

 

​យោងតាម​ការអង្កេត​នេះ​៦៤​ភាគរយ​នៃ​រោងចក្រ​ដែល​បានផ្តល់​បទ​សម្ភាស​បាន​លើកឡើងថា​ពួកគេ​នឹង​កាត់បន្ថយ​ការងារ​ថែម​ម៉ោង ដែល​វា​អាចធ្វើ​ឲ្យ​ប្រាក់ចំណូល​ប្រចាំខែ​សរុប​របស់​កម្មករ​ម្នាក់ៗ​ធ្លាក់ចុះ​ជាង​មុន​។ បើតាម GMAC នៅ​ឆ្នាំ​២០១៥​នេះ រោងចក្រ​កាត់ដេរ​មួយចំនួន អាច​នឹង​ផលិត​សម្លៀកបំពាក់​បាន​តិចជាង​បណ្តា​ឆ្នាំមុនៗ​។​

 

​គេ​សង្កេតឃើញថា វិស័យ​កាត់ដេរ​នៅ​កម្ពុជា​កំពុងតែ​ទទួលរង​នូវ​ការរំខាន​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​នឹង​ការធ្វើ​កូដកម្ម​របស់​កម្មករ​ដើម្បី​ដំឡើង​ប្រាក់ខែ​គោល​។ ការអង្កេត​របស់ GMAC បាន​រកឃើញថា​អ្នក​ដែល​ផ្តល់​បទ​សម្ភាស​ប្រមាណ​២៧​ភាគរយ បាន​លើក ឡើង​ថា ការដំឡើង​ប្រាក់ខែ​គោល​បន្ថែម​ចន្លោះ​ពី​១​ដុល្លារ​ដល់​៥​ដុល្លារ​ជាការ​ដំឡើង​មួយ​សមស្រប​ដែល​អាចធ្វើ​ឲ្យ​វិស័យ​កាត់ដេរ​នៅ​កម្ពុ​ជាមាន​និរន្តរ​ភាពល្អ​ខណៈដែល​មាន​រោងចក្រ​តែ ៧​ភាគរយ ប៉ុណ្ណោះ​បាន​និយាយថា ពួកគេ​មានលទ្ធភាព​ដំឡើង​ប្រាក់ខែ​គោល​បន្ថែម​លើសពី​៥​ដុល្លារ​។​

 

​ថ្មីៗ​នេះ​អង្គការ​ពលកម្ម​អន្តរជាតិ​ហៅ​កាត់​ថា ILO បានទទួល​ស្គាល់​ជា​លើកដំបូង​ពី​ការលំបាក​នៅក្នុង​ឧស្សាហកម្ម​កាត់ដេរ​កម្ពុ​ជា​ហើយ ILO ក៏បាន​អំពាវនាវ​ក្រុមហ៊ុន​បញ្ជា​ទិញ​ឲ្យ​ជួយ​គាំទ្រ​ដល់​ឧស្សាហកម្ម​នេះ​ដោយ​បង្កើន​តម្លៃ​ផលិតផល​សម្លៀកបំពាក់​ដើម្បី​ជួយ​ទប់​ទល់នឹង​ការចំណាយ​លើ​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី ប៉ុន្តែ​រហូតដល់​ពេលនេះ​មិនទាន់​ឃើញ​ក្រុមហ៊ុន​បញ្ជា​ទិញ​ណា​បាន​ដំឡើង​តាម​ការស្នើសុំ​នៅឡើយ​ទេ​។ បើតាម ILO ប្រាក់​ឈ្នួល​ជា​មធ្យម​សម្រាប់​កម្មករ​ម្នាក់​រាប់បញ្ចូល​ទាំង​ប្រាក់ឧបត្ថម្ភ និង​ប្រាក់​ឈ្នួល​ថែម​ម៉ោង​ផង​នោះ គឺអាច​នឹង​កើនឡើង​ពី​១៨៣​ដល់​២១៧​ដុល្លារ​ក្នុង​មួយខែ​។​

 

​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ បាន​មានប្រសាសន៍​នៅក្នុង​សិក្ខាសាលា​ត្រីភាគី​ថ្នាក់ជាតិ​ស្ដីពី​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុ​ជានា​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៥ ថា ដើម្បី​ឈានទៅ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​មួយ​ដ៏​សមរម្យ​សម្រាប់​កម្មករនិយោជិត​ចាប់ពី​ឆ្នាំ​២០១៦​ខាងមុខនេះ​តទៅ​។ លោក បាន​គូសបញ្ជាក់​បន្ថែមទៀតថា​ការកំណត់​ប្រាក់​ឈ្នួល​គោល​អប្បបរមា​នេះ​ធ្វើឡើង​ត្រូវតែមាន​ការឯកភាពរ​វាង​ភាគី​ទាំងបី​តាមរយៈ​ការប្រើ​លក្ខខណ្ឌ​វិនិច្ឆ័យ​ពី​ស្ថានភាព​គ្រួសារ​អត្រា​អតិផរណា ការចំណាយ​ក្នុងការ​រស់នៅ​ផលិតភាព​ប្រកួតប្រជែង ស្ថានភាព​ទីផ្សារការងា​រ និង​បន្ទាត់ នៃ​ភាពក្រីក្រ​។​

 

​ចំណែក​លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​បាន​ឲ្យ​ដឹងថា ក្រុម​សហជីព​បានសម្រេច​ថា​នឹង​យក​ចំនួន ១៧៧​ដុល្លារ ដើម្បី​ដាក់​ចរចា​ប្រាក់​ឈ្នួល នៅក្នុង​កិច្ចប្រជុំ​សម្រេច​នា​ខែតុលា ខាងមុខនេះ ប៉ុន្តែ​១៧៧​ដុល្លារ​នេះ​មិនមែន​សម្រេចយក​តែម្តង​នោះទេ​។ លោក​ថា សហជីព​បាន​ពិភាក្សាគ្នា​ជាច្រើនលើក​មកហើយ​ពេលនោះ​សហជីព លោក​បាន​លើក​ចំនួន​១៧៧​ដុល្លារ​សម្រាប់ធ្វើ​ការចរចា ប៉ុន្តែ​ចំនួន​នេះ​មិនទាន់​បានសម្រេច​ជា​ផ្លូវការ​នោះទេ​។ យ៉ាងណាក៏ដោយ​ការកំណត់​ប្រាក់​ឈ្នួល​ជាក់លាក់​សម្រាប់​កម្មករ និយោជិត ក្នុង​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់ និង ស្បែកជើង នឹងត្រូវ​សម្រេច​ជា​ផ្លូវការ​នៅក្នុង​រង្វង់​ខែតុលា​ខាងមុខ ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ប្រឹក្សា​ការងារ​មុននឹង​ដាក់ឱ្យចូល​អនុវត្ត​ន៍​ជាធរ​មាននៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ ២០១៦ ខាងមុខ​៕

C23CAA0E-B201-43A2-B0AC-7728D481A751_mw1024_s_n

 

Leave a Reply

(*) Required, Your email will not be published