សូ លីហ្សា ៖ ការយក​សិ​ល្បះ​ធ្វើជា​ស្ពាន មិនគួរ​ដល់ត្រើយ​ហើយ រុះ​ចោល​នោះទេ​!

, , Leave a comment

10-9-2015 (1)

​រាជធានី​ភ្នំពេញ : កញ្ញា សូ លីហ្សា អាយុ​១៦​ឆ្នាំ ស្រុកកំណើត​នៅ​រាជធានី​ភ្នំពេញ មាន​បងប្អូន ៤ នាក់​(​ប្រុស​ម្នាក់​) នាង​ជា​កូនពៅ​។ លីហ្សា បានចាប់ផ្តើម​អាជីព​សិល្បៈ​ក្នុង​ឆ្នាំ​២០១៣ ហើយ​បើទោះបីជា​នាង​ចូល​សិល្បៈ​បាន​រយៈពេល​២​ឆ្នាំ​ប៉ុណ្ណោះ​ក្តី តែ​ចំពោះ​ការងារ​សិល្បៈ របស់​នាង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ កាន់តែ​មមាញឹក និង​មានការ​អភិវឌ្ឍន៍​ទេពកោសល្យ​របស់ខ្លួន​កាន់តែ​ទៅមុខ ជាហេតុ​ធ្វើ​ឲ្យ​បណ្តា ផលិតកម្ម​ជាច្រើន​ត្រូវការ​រូបនាង​។ នាង​បាន​បង្ហាញខ្លួន​ញឹកញាប់​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូត​ឲ្យ​បណ្តា​ផលិតផល​មួយចំនួន​ផងដែរ​។​

 

​តារា​សម្តែង​ក្នុង​រឿង “​គំនុំ​អតីតជាតិ​” ជា​វណ្ណ​កម្ម របស់​ផលិតកម្ម​មហាហង្ស កញ្ញា សូ លីហ្សា ទទួលបាន​ការគាំទ្រ​ពី​ទស្សនិកជន ដែល​បានបញ្ចប់​ការ​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​កាលពី​អំឡុង​ចុងឆ្នាំ ២០១៤​។ នៅក្នុង​រឿង​នោះ​នាង​សម្តែង​ជា​តួ​នាង លីហ្សា មាន​ចរិត​ស្លូតបូត​ជា​មិត្ត​ភ័ក្តិ​ស្និទ្ធស្នាល របស់​តួឯក​ស្រី​នាងទេវី សម្តែង​ដោយ​កញ្ញា នៅ សូ​នី​តា​។​

 

​លីហ្សា និយាយថា កាលពី​នៅ​ក្មេង​ខ្ញុំ​ចូលចិត្ត​ច្រៀង​រាំ​មុខ​កញ្ចក់ និង​តុបតែង​ខ្លូន​ស្អាតៗ ចូលចិត្ត​មើល​ការសម្តែង​របស់​តារា​សម្តែង​តាមរយៈ​កញ្ចក់​ទូរទស្សន៍​។ ក្រោយមក​ក៏មាន​ផលិតកម្ម​មក​ទំនាក់ទំនង ឲ្យ​ខ្ញុំ​ចូលរួម​សម្តែង​ដែល​រហូតមកដល់​សព្វ​ថ្ងៃនេះ ខ្ញុំ​សម្តែង​បាន​ចំនួន​៦​រឿង​ហើយ​។​

 

​លីហ្សា បន្តថា ពេល​ចាប់ផ្តើម​បោះ ជំហាន​ដើរ​លើ​ថ្នាល​សិល្បៈ​ខ្ញុំ មិនបាន​ជួប​ការ លំបាក​ដូច​តារា​មួយចំនួន​ដែល​ត្រូវ​ប្រឹងប្រែង គ្រប់បែបយ៉ាង​ដោយ​ខ្លួនឯង​ឡើយ ព្រោះ​ខ្ញុំ​មាន​ម៉ាក់​ជា​អ្នកផ្តល់​កម្លាំងចិត្ត និង​ត្រួស​ត្រាយផ្លូវ​ឲ្យ​ជាស្រេច ទើប​មាន​បណ្តា​ផលិតកម្ម​ជាច្រើន​ស្គាល់​ខ្ញុំ​។

 

​រំលឹក​ដល់​ការដែល​ចាប់ផ្តើម​សម្តែង​ដំបូង លីហ្សា បាន​រៀបរាប់​ជាមួយនឹង​សំណើច​តិចៗ​ថា នៅពេល​សម្តែង​លើកដំបូង​ខ្ញុំ​ទន្ទេញ​ប៉ា​រូ​ល មិនសូវ​ចាំ​និយាយ​ខុស​ពេក​អ្នកដឹកនាំ​រឿង ស្រែក​មក​ធ្វើ​ឲ្យ​ខ្ញុំ​ស្ទើរតែ​យំ​សម្តែង​លែង​ចង់​កើត​។ ដោយសារតែ​រឿងនេះ​កើតឡើង​ទើប ធ្វើ​ឲ្យ​ខ្ញុំ​មានការ​ប្រឹងប្រែង រហូត​ខ្ញុំ​អាច​សម្តែង បាន​គ្រប់​តួអង្គ​ទាំងអស់ ។ ដោយឡែក​ចំពោះ ជីវភាព​វិញ ខ្ញុំ​ធ្លាប់​ឮថា តារា​មួយចំនួន​គាត់ ចូល​សិល្បៈ​ជួប​ការលំបាក​ក្នុង​ជីវភាព តែ សម្រាប់​ខ្ញុំ​មិន​អ៊ីចឹង​ទេ​។

 

​ទោះជា​គ្រួសារ​ខ្ញុំ មិនមាន​ទ្រព្យ​ច្រើន​ក៏​ល្មម​អាច​ឲ្យ​ខ្ញុំ​ប្រឡូក សិល្បៈ​បាន​ដោយ​មិនចាំបាច់​ភ័យព្រួយ​ពី​ការ ខ្វះខាត​ជីវភាព​ឡើយ ។ ខ្ញុំ​ចូល​សិល្បៈ​មិនសូវ ទទួល​ប្រាក់ចំណេញ​ពី​សិល្បៈ​ទេ តែ​ខ្ញុំ​ក៏​មិន សូវ​គិត​ប្រាក់​ជាធំ​ដែរ  ។ អ្វីដែល​ខ្ញុំ​ចង់បាន គឺ​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​សម្រាប់​រកស៊ី​អ្វីមួយ ទៅ​ថ្ងៃក្រោយ​តែប៉ុណ្ណោះ ។

 

​សូ លីហ្សា ប្រាប់ទៀតថា ទោះជា​ខ្ញុំ​មាន ម៉ាក់​ដើរ​ជាមួយ​ក្តី​ក៏​នៅតែមាន​បុរស​មួយ ចំនួន​មក​តាម​លែបខាយ​ពាក្យសំដី​ដាក់​ខ្ញុំ ដែរ ។ មាន​អ្នកខ្លះ​បាន​ប្រាប់ថា ស្រលាញ់​ចូល ចិត្ត​ខ្ញុំ តែ​ខ្ញុំ​មិនអាច​ទទួលយក​បានទេ ព្រោះ ខ្ញុំ​នៅ​ក្មេង​ពេក ។ បើ​រាប់អាន​ត្រឹម​ជា​បងប្អូន ឬ​មិត្ត​ភ័ក្តិ​បាន ព្រោះ​ក្រៅពី​ការងារ​សិល្បៈ​ខ្ញុំ ក៏​ចង់​បន្ត​ការសិក្សា​ឲ្យ​បាន​ខ្ពង់ខ្ពស់​ដែរ ទើប​ខ្ញុំ មិនទាន់​គិតពី​បញ្ហា​នេះ​! ៕

 10-9-2015 (2) 10-9-2015 (3)

 

Leave a Reply

(*) Required, Your email will not be published