ខេត្តកណ្តាល : បុរសពេទ្យសត្វវ័យចំណាស់ម្នាក់ត្រូវនគរបាលចាប់ខ្លួន បន្ទាប់ពីមានការប្តឹងថាបានធ្វើសកម្មភាពប៉ុនប៉ងរំលោភលើស្ត្រីមានអត្តចរិកមិនប្រក្រតី(សតិមិនគ្រប់) ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។ ការចាប់ខ្លួនធ្វើឡើងភ្លាមបន្ទាប់ពីក្រុមគ្រួសាររងគ្រោះបានមកដាក់ពាក្យប្តឹងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥។
តាមរបាយការណ៍សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ម៉ៅ សឿន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរពេទ្យសត្វ មានទីលំនៅភូមិព្រែកថ្មី ឃុំជយ័ធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ រីឯជនរងគ្រោះ អាយុ៤៩ឆ្នាំជនជាតិខ្មែរ មុខរបរនៅផ្ទះ ជាមនុស្សមិនគ្រប់លក្ខណ: សតិមិនល្អ។
ប្រភពដដែលបានបន្តថា កន្លងមកជនសង្ស័យធ្លាប់បានរួមភេទជាមួយជនរងគ្រោះ៣ដងមកហើយ។ លុះដល់ថ្ងៃកើតហេតុ ជនសង្ស័យបានអង្គុយផឹកស្រាក្រោមផ្ទះខ្លួន ជាមួយមិត្តភក្តិ រហូតដល់ម៉ោង៧និង៣០នាទីយប់ ក៏បែកគ្នាទៅផ្ទះរៀងខ្លួន។ ក្រោយមកជនសង្ស័យបានដើរទៅផ្ទះជនរងគ្រោះ ពេលទៅដល់ផ្ទះជនរងគ្រោះ ឃើញជនរងគ្រោះកំពុងដេកក៏ដាស់ជនរងគ្រោះសុំរួមភេទ តែជនរងគ្រោះមិនព្រម ទើបមានការប្រតាយប្រតប់គ្នា ហើយជនរងគ្រោះស្រែកឲ្យគេជួយភ្លាមនោះប្អូនថ្លៃជនរងគ្រោះ បានឮចុះទៅមើលឃើញជនសង្ស័យនៅក្នុងផ្ទះជនរងគ្រោះប្អូនថ្លៃបានសួរនាំ ពេលនោះជនសង្ស័យបានវាយប្អូនថ្លៃស្ត្រីរងគ្រោះ១ដៃ ត្រូវមុខរួចគេចខ្លួនទៅផ្ទះបាត់។
លុះមកដល់វេលាម៉ោង៨ព្រឹក ថ្ងៃទី៩ ខែកញ្ញា កូនជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលជ័យធំ ហើយបានឈានដល់ការឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាន ដើម្បីបន្តចាត់ការតាមនីតិវិធី៕