រាជធានីភ្នំពេញ : បន្ទាប់ពីអគ្គស្នងការនគរបាលជាតិណែនាំអោយធ្វើការត្រួតពិនិត្យទៅអ្នករត់រ៉ឺម៉កម៉ូតូ អ្នករត់ម៉ូតូឌុប មានវិទ្យុទាក់ទង ប្រភេទអាយឌី ប្រើប្រាស់រួចមក ឥឡូវនៅតាមបណ្តា ខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញចាប់ផ្តើមប្រតិបត្តិការត្រួតពិនិត្យអ្នកប្រើប្រាស់វិទ្យុទាក់ទងប្រភេទអាយឌីហើយ ជាពិសេសត្រួតពិនិត្យអ្នកបើករ៉ឺម៉កម៉ូតូ អ្នករត់ម៉ូតូឌុប។
ដោយឡែកនគរបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥ បានចាប់ផ្តើមប្រតិបត្តិការត្រួតពិនិត្យអ្នកប្រើប្រាស់វិទ្យុទាក់ទងប្រភេទ អាយឌីផងដែរ ដោយចែកចេញជា៤គោលដៅ ទី១-នៅផ្លូវ៣៦៩ ក្នុងសង្កាត់ច្បារអំពៅទី១ , ទី២-នៅគោលដៅស្តុបច្បារអំពៅ ,ទី៣-នៅគោលដៅផ្លូវជាតិលេខ១ ក្នុងសង្កាតនិរោធ ,និងទី៤-នៅគោលដៅបេនឡានច្បារអំពៅ ។
ប្រតិបត្តិការរយៈពេល៤ម៉ោង សមត្ថកិច្ចរកឃើញអ្នកប្រើប្រាស់វិទ្យុទាក់ទងប្រភេទ អាយឌី ចំនួន៨គ្រឿង ហើយឃាត់ខ្លួនអ្នកប្រើប្រាស់បណ្តោះចំនួន៨នាក់ ជាអ្នករត់រ៉ឺម៉កម៉ូតូ និងរត់ ម៉ូតូ ឌុប ដើម្បីធ្វើការអប់រំ ណែនាំ ។ មនុស្សទាំ៨នាក់រួមមាន ១-ឈ្មោះ ជាង ណាង ភេទ ប្រុស អាយុ ៣៤ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ ផ្ទះជួល បេតុង ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ មុខរបរ រត់រ៉ឺម៉ក់ម៉ូតូកង់បី។ ២-ឈ្មោះ ម៉ាង រាវ ភេទ ប្រុស អាយុ ៤៤ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅភូមិ ព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មុខរបរ រត់រ៉ឺម៉ក់ម៉ូតូ កង់បី។ ៣-ឈ្មោះ ស៊ិន វ៉ាន់ឌឿន ភេទ ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ ផ្ទះលេខ៣៧ ផ្លូវលេខ ១០៧ សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា មុខរបរ បុគ្គលិកក្រុមហ៊ុនស៊ិនទ្រី។ ៤-ឈ្មោះ កុញ ឆុន ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ ផ្ទះជួលគ្មានលេខ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ មុខរបរ រត់រ៉ឺម៉ក់ម៉ូតូកង់បី ។ ៥-សំ សុផាន ភេទ ប្រុស អាយុ ៤៧ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ ៤៤១ ភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ រត់រ៉ឺម៉ក់ម៉ូតូកង់បី។ ៦-ឈ្មោះ ពុំ សុផាត ភេទ ប្រុស អាយុ ៤០ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ មុខរបរ រត់រ៉ឺម៉ក់ម៉ូតូ កង់បី។ ៧-ឈ្មោះ ហួរ សុផល ភេទ ប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ ភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ មុខរបរ រត់រ៉ឺម៉ក់ម៉ូតូ កង់បី។ និង៨-ឈ្មោះ ភោគ សារុំ ភេទ ប្រុស អាយុ ៣៤ឆ្នាំ ជនជាតិ ខ្មែរ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ មុខរបរ រត់រ៉ឺម៉ក់ម៉ូតូកង់បី។
លោកវរៈសេនីយ៍ទោ ញ៉ែម សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលការងារសណ្តាប់ធ្នាប់ចរាចរខណ្ឌបានអោយដឹងថា អនុវត្តតាមការណែនាំរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌច្បារអំពៅក្រោមការបញ្ជាផ្ទាល់ពីលោកអធិការនគរបាលខណ្ឌបានចាប់ផ្តើមប្រតិបត្តិការ ត្រួតពិនិត្យ អ្នកបើករ៉ឺម៉កម៉ូតូ អ្នករត់ម៉ូតូឌុប ដែលមានវិទ្យុទាក់ទងប្រើប្រាស់ ដោយបែង ចែកជា៤គោលដៅ ក្នុងភូមិសាស្ត្រខណ្ឌ រកឃើញអ្នករត់រ៉ឺម៉កម៉ូតូនិងអ្នករត់ម៉ូតូឌុបមានវិទ្យុទាក់ទងប្រើប្រាស់ចំនួន៨នាក់ បញ្ជូនមកសាកសួរនៅអធិការ ដ្ឋាននគរបាលខណ្ឌ ដោយឡែកវិទ្យុទាក់ ទងចំនួន៨គ្រឿងត្រូវបានដកហូតប្រគល់អោយនាយកដ្ឋានវិទ្យុទាក់ទងក្រសួងមហាផ្ទៃដើម្បីធ្វើការត្រួតពិនិត្យ ។
លោកអធិការរងបានបន្តថា អ្នករត់រ៉ឺម៉កម៉ូតូទាំង៨នាក់នេះមានកាន់បណ្ណសម្គាល់ខ្លួន ដែលចេញដោយសមាគម រួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលគេតែងតែហៅថា សមាគមន៍ម៉ូតូកង់បី ហើយមនុស្សទាំង៨នាក់មិនត្រូវបានឃាត់ខ្លួននោះទេ គ្រាន់តែហៅមកសាកសួរពាក់ព័ន្ធនិងការប្រើប្រាស់វិទ្យុទាក់ទង ហើយអប់រំអោយត្រឡប់ទៅវិញ៕