រាជធានីភ្នំពេញ : ការទទួលស្វាគមន៍ការបង្ហាញភាពរួសរាយរាក់ទាក់ និងការគោរពគ្នាទៅ វិញទៅមក គេតែងសង្កេតឃើញជនជាតិខ្មែរយើងមានទម្លាប់លើកដៃសំពះគ្នា។ ការសំពះរបស់ប្រជាជនខ្មែរ ក៏មានបង្ហាញតាមរយៈស្នាដៃចម្លាក់ដែលបានបន្សល់ទុកនៅលើជញ្ជាំងប្រាសាទនានាផងដែរពោលដូចជាចម្លាក់ទេពអប្សរាសំពះនៅលើប្រាង្គប្រាសាទបាយ័នដែលស្នាដៃចម្លាក់នេះបង្ហាញពីការលើកដៃទាំងសងខាងផ្គុំចូលគ្នាសំពះនោះពុំមែនសម្តែងនូវការដឹងកំហុស ឬសុំខមាទោសណាមួយនោះឡើយ ប៉ុន្តែវាបានបង្ហាញនូវអត្តចរិតគួរសមសុភាពទន់ភ្លន់ និងជាទម្លាប់នៃការគោរពគ្នារបស់ខ្មែរយើង។
ជនជាតិខ្មែរយើងចេះសំពះ និងមានទម្លាប់មួយនេះ តាំងពីយូរយារណាស់មកហើយគឺចាប់តាំងពីមុនគ្រិស្តសករាជទៅទៀត។ ការសំពះ ដើម្បីបង្ហាញនូវការដឹងគុណ ការរំលឹកគុណ កតញ្ញូ ស្វាមីភក្តិ ភាពស្មោះត្រង់ រួមផ្សំជាមួយមនោសញ្ចេតនាស្រឡាញ់ រាប់អានដ៏ស្មោះស្ម័គ្រ និងយ៉ាងជ្រាលជ្រៅបំផុត។ ការសំពះសួរ សំពះលា គឺតម្រូវចាប់ផ្តើមដោយកិរិយា សំពះជាមុនរួចទើបបន្លឺសំឡេងសួរសុខទុក្ខ។ ការសំពះការសំពះផ្ទឹម ឬសំពះសុំពេលា គឺរៀបចំធ្វើក្នុងពិធីអាពាហ៍ពិពាហ៍ទុកដាក់កូនចៅដែលពិធីទាំងអស់នោះ សម្ដៅធ្វើការអប់រំខាងផ្លូវចិត្តគំនិតជាធំ។ ចំណែកឯការ សំពះគ្រូ ឬពិធីរំលឹកគុណគ្រូ គឺជាពិធីមួយរៀបចំឡើងដើម្បីជាការថ្លែងអំណរគុណ ឬរំលឹកដល់គុណគ្រូបាធ្យាយ ដែលធ្លាប់បានផ្តល់ចំណេះដឹង និងផ្តល់ការអប់រំដល់ខ្លួនពីមុនមក។
យោងតាមគេហទំព័រ វិគីភីឌា សំពះ គឺជាការលើកដៃទាំងពីរផ្គុំម្រាមទាំង១០ ឆ្ពោះត្រង់ទៅរកបុគ្គល ទៅរកទីឬវត្ថុដែលគោរព។ ការ សំពះ ចែកជាដំណាក់កាលការសំពះ ដែលដាក់ចុងម្រាមត្រឹមដើមទ្រូង គឺប្រើសម្រាប់អ្នកដែលមានឋានៈប្រហាក់ប្រហែល វ័យប្រហាក់ប្រហែល ឬមិត្តភក្តិជាដើម។ ការ សំពះ ចុងម្រាមត្រឹម មាត់ គឺប្រើជាមួយអ្នកដែលមានថ្នាក់ខ្ពស់ជាង វ័យចាស់ជាង ឬថៅកែចៅហ្វាយនាយ។ ការ សំពះ ចុងម្រាមត្រឹមចុងច្រមុះគឺប្រើជាមួយឪពុកម្តាយ ជីដូនជីតា អាណាព្យាបាល គ្រូបាអាចារ្យ ឬអ្នកមានគុណ។ ការ សំពះ ចុងម្រាមត្រឹមចិញ្ចើម គឺប្រើជាមួយស្តេច ឬព្រះសង្ឃ (នេះជាការក្រាប បង្គំគាល់ ឬថ្វាយបង្គំ)។ រីឯការ សំពះដែលដៃផ្គុំលើចិញ្ចើម គឺប្រើជាមួយព្រះ ព្រហ្ម ព្រះឥន្ទ ទេវតា អ្នកតា ឬអវតារផ្សេងៗ៕